កម្ពុជា និងកូរ៉េខាងត្បូង ជំរុញគម្រោងសាលារៀនទឹកភ្លៀង ១០០០កន្លែង លើកកម្ពស់ស្តង់ដារទឹកស្អាតសម្រាប់សិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងកូរ៉េខាងត្បូង ជំរុញគម្រោងសាលារៀនទឹកភ្លៀង ១០០០កន្លែង លើកកម្ពស់ស្តង់ដារទឹកស្អាតសម្រាប់សិស្ស

កម្ពុជា និងកូរ៉េខាងត្បូង ជំរុញគម្រោងសាលារៀនទឹកភ្លៀង ១០០០កន្លែង លើកកម្ពស់ស្តង់ដារទឹកស្អាតសម្រាប់សិស្ស

កម្ពុជា និងកូរ៉េខាងត្បូង គ្រោងពង្រីកប្រព័ន្ធគ្រប់គ្រង និងប្រមូលទឹកភ្លៀងនៅតាមសាលារៀនឱ្យបាន ១,០០០កន្លែងទូទាំងប្រទេសកម្ពុជា ដោយបច្ចុប្បន្នប្រព័ន្ធនេះបានអនុវត្តរួចនៅ ១០សាលា ក្នុងគោលបំណងលើកកម្ពស់ការទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់នៅតាមសាលារៀន និងជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

គម្រោងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងលោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងលោកសាស្ត្រាចារ្យ Kim Hak-su អតីតលេខាធិការប្រតិបត្តិ នៃ UNESCAP កាលពីពេលថ្មីៗនេះ។

«សាលារៀនទឹកភ្លៀង» សំដៅលើការសាងសង់កន្លែងស្តុកទឹកភ្លៀង និងដំឡើងឧបករណ៍ចម្រោះទឹកនៅក្នុងសាលារៀន ដើម្បីអនុញ្ញាតឱ្យសិស្សអាចប្រើប្រាស់ទឹកស្អាតតាមស្តង់ដារ និងបច្ចេកទេស។

លោក Kim Hak-su បានឱ្យដឹងថា ក្រុមការងាររបស់លោកនឹងបន្តជំរុញការងារគ្រប់គ្រង និងប្រមូលទឹកភ្លៀងនៅតាមសាលារៀនចំនួន ១,០០០កន្លែងទូទាំងប្រទេសកម្ពុជា។ គម្រោងនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល តាមរយៈកិច្ចសហប្រតិបត្តិការ និងការចុះអនុស្សរណៈពាក់ព័ន្ធនឹងការអនុវត្តគម្រោង។

លោក Kim Hak-su បញ្ជាក់ថា កិច្ចការគ្រប់គ្រង និងប្រមូលទឹកភ្លៀងនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ហើយរហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធទឹកភ្លៀងសាលារៀន (Rain School System) ត្រូវបានដាក់អនុវត្តនៅសាលារៀនចំនួន ១០កន្លែងរួចហើយ ក្នុងនោះមាននៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

លោកបន្តថា គោលដៅបន្ទាប់គឺពង្រីកប្រព័ន្ធនេះឱ្យបាន ១,០០០សាលារៀន ដើម្បីជួយសិស្សានុសិស្សឱ្យទទួលបានទឹកស្អាត និងរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោកបណ្ឌិត យ៉ង់ ពៅ បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ និងចាត់ទុកថា ជាគំនិតដ៏ល្អមួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការគ្រប់គ្រងទឹកភ្លៀង។

លោកបណ្ឌិតបានលើកឡើងថា ទឹកភ្លៀងប្រៀបដូចជាធនធានដែលផែនដីប្រទានមកសម្រាប់មនុស្សគ្រប់រូបប្រើប្រាស់ ហើយអាចបន្តមានប្រយោជន៍ ប្រសិនបើប្រជាជនចេះគ្រប់គ្រង និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ការគ្រប់គ្រងទឹកភ្លៀង គឺជារឿងសំខាន់សម្រាប់ការប្រើប្រាស់ធនធានទឹកនាពេលអនាគត។

លោកបណ្ឌិត យ៉ង់ ពៅ ក៏បានលើកឡើងពីគុណតម្លៃនៃការគ្រប់គ្រងប្រព័ន្ធទឹករបស់ខ្មែរតាំងពីសម័យមហានគរ ដោយបញ្ជាក់ថា ស្ថាបត្យកម្ម និងការរៀបចំទីក្រុងបុរាណរបស់ខ្មែរ រួមទាំងប្រាសាទ និងទីក្រុងមហានគរ បានផ្អែកលើការគ្រប់គ្រងធនធានទឹក និងដី ដែលទឹកភ្លៀងជាប្រភពដ៏សំខាន់។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការគ្រប់គ្រងទឹកភ្លៀងសម្រាប់ការប្រើប្រាស់នាពេលអនាគត គុណតម្លៃនៃប្រព័ន្ធគ្រប់គ្រងទឹកនៅសម័យមហានគរ ការជំរុញឱ្យសម្រេចបានគោលដៅសាលារៀនទឹកភ្លៀង ១,០០០កន្លែង ព្រមទាំងគំនិតលើកយកវេទិកាទឹកភ្លៀងទៅក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា