កម្ពុជា-ចិន ពង្រឹងចំណងមិត្តភាពយុវជន ខណៈនិស្សិតចិនចុះសិក្សាពីសន្តិភាព វប្បធម៌ និងការអភិវឌ្ឍនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន ពង្រឹងចំណងមិត្តភាពយុវជន ខណៈនិស្សិតចិនចុះសិក្សាពីសន្តិភាព វប្បធម៌ និងការអភិវឌ្ឍនៅកម្ពុជា

កម្ពុជា-ចិន ពង្រឹងចំណងមិត្តភាពយុវជន ខណៈនិស្សិតចិនចុះសិក្សាពីសន្តិភាព វប្បធម៌ និងការអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ) ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីផ្លាស់ប្តូរការសិក្សារវាងនិស្សិតកម្ពុជា និងចិន គឺជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងបង្ហាញពីរូបភាពពិតរបស់កម្ពុជាទៅកាន់យុវជនចិន ខណៈនិស្សិតដែលមកបំពេញទស្សនកិច្ចនឹងមានឱកាសស្វែងយល់ដោយផ្ទាល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

Advertisement

ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកកម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ លើកទី៣ ឆ្នាំ២០២៦ រយៈពេល ១៤ថ្ងៃ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើមទៅសិក្សានៅបរទេសរាប់ពាន់នាក់» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការផ្លាស់ប្តូររវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែង។

ឯកឧត្តមបានគូសបញ្ជាក់ថា ការស្នាក់នៅ និងការធ្វើទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានអប់រំ តំបន់ប្រវត្តិសាស្ត្រ និងទីតាំងអភិវឌ្ឍន៍សំខាន់ៗ នឹងផ្តល់ឱកាសឱ្យនិស្សិតចិនបានស្គាល់កម្ពុជាកាន់តែច្បាស់ និងស៊ីជម្រៅជាងមុន។

ឯកឧត្តមមានប្រសាសន៍ថា «តាមរយៈការស្នាក់នៅ និងការធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ និស្សិតចិននឹងបានឃើញពីស្ថានភាពពិត វប្បធម៌ដ៏សម្បូរបែប និងទឹកចិត្តសប្បុរសរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលអាចខុសប្លែកពីការយល់ឃើញមួយចំនួនដែលទទួលបានតាមប្រព័ន្ធផ្សព្វផ្សាយ»។

ជាមួយគ្នានេះ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យនិស្សិតចិនបានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការសិក្សាភាសា និងទស្សនកិច្ចសិក្សានៅតាមតំបន់ប្រវត្តិសាស្ត្រ និងតំបន់អភិវឌ្ឍន៍នានានៅកម្ពុជា។

លោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីនេះ គឺបង្ហាញពីការពិតអំពីកម្ពុជា និងតម្លៃដ៏មានអត្ថន័យនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។

ទស្សនវិទូខុងជឺបានបង្រៀនថា សន្តិភាព និងសុខដុមរមនា គឺជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់វិបុលភាព និងការរីកចម្រើននៃចំណេះដឹងដែលអនុញ្ញាតឱ្យយើងអាចរៀបចំកម្មវិធីអន្តរជាតិដ៏មានអត្ថន័យនេះឡើងបាន

ដោយឡែក អ្នកស្រី WENG QINGBEI សាកលវិទ្យាធិការរង និងជាអគ្គលេខាធិការសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន បានឱ្យដឹងថា សាកលវិទ្យាល័យរបស់អ្នកស្រីបានទទួល និងបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង ៥០នាក់រួចមកហើយ ហើយកេរ្តិ៍ឈ្មោះ និងសមត្ថភាពរបស់និស្សិតកម្ពុជាកំពុងទទួលបានការទទួលស្គាល់កាន់តែខ្លាំង។

អ្នកស្រីបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មាននិស្សិតកម្ពុជាចំនួន ៤១នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន។

អ្នកស្រីមានប្រសាសន៍ថា «អតីតនិស្សិតកម្ពុជាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់សាកលវិទ្យាល័យ។ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដែលជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអប់រំនឹងទទួលបានផ្លែផ្កាកាន់តែច្រើន និងរួមចំណែកដល់ការកសាងសហគមន៍ដែលមានវាសនារួម ចិន-កម្ពុជា»។

មន្ត្រីអប់រំ និងអ្នករៀបចំកម្មវិធីជឿជាក់ថា ការផ្លាស់ប្តូរការសិក្សារវាងយុវជនកម្ពុជា និងចិន នឹងមិនត្រឹមតែបង្កើនការយល់ដឹងអំពីវប្បធម៌ និងការអប់រំប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបណ្តាញមិត្តភាពរយៈពេលវែង និងបណ្តុះអ្នកដឹកនាំជំនាន់ថ្មី ដែលអាចបន្តពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនៅថ្ងៃអនាគត។

សូមជម្រាបថា កម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ លើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រយៈពេល ១៤ថ្ងៃ ដោយមានការចូលរួមពីគណៈប្រតិភូ សាស្ត្រាចារ្យដឹកនាំ និងនិស្សិតឆ្នើមចំនួន ៣៧រូប មកពី Qiannan Normal University for Nationalities ក្រោមការសហការរៀបចំយ៉ាងជិតស្និទ្ធជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា