ការគំរាមកំហែង (Bullying) លើកុមារ ៖ អ្វីដែលមាតាបិតាត្រូវដឹង និងវិធីសាស្រ្តដោះស្រាយ ដើម្បីការពារផ្លូវចិត្តកុមារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការគំរាមកំហែង (Bullying) លើកុមារ ៖ អ្វីដែលមាតាបិតាត្រូវដឹង និងវិធីសាស្រ្តដោះស្រាយ ដើម្បីការពារផ្លូវចិត្តកុមារ

ការគំរាមកំហែង (Bullying) លើកុមារ ៖ អ្វីដែលមាតាបិតាត្រូវដឹង និងវិធីសាស្រ្តដោះស្រាយ ដើម្បីការពារផ្លូវចិត្តកុមារ

នៅក្នុងយុគសម័យឌីជីថល និងការវិវត្តនៃសង្គមបច្ចុប្បន្ន បញ្ហា «ការគំរាមកំហែង ឬបៀតបៀន» (Bullying) បានក្លាយជាបញ្ហាសកលដែលប៉ះពាល់ដល់សុខុមាលភាពកុមារយ៉ាងធ្ងន់ធ្ងរ។ វាមិនមែនគ្រាន់តែជាការលេងសើចបន្តិចបន្តួចនោះទេ ប៉ុន្តែវាគឺជាសកម្មភាពអវិជ្ជមានដែលកើតឡើងដដែលៗ និងមានបំណងបង្កការឈឺចាប់ដល់អ្នកដទៃ។

Advertisement

១. តើអ្វីទៅដែលហៅថា ការគំរាមកំហែង (Bully)?

យោងតាមអង្គការ UNICEF ការគំរាមកំហែង ឬ Bully អាចកើតឡើងតាមរូបភាពជាច្រើនដូចជា ការវាយដំ រុញច្រាន ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ, ការប្រមាថ បង្អាប់ ឬការប្រើរហស្សនាមមិនល្អ, ការរុញច្រានឱ្យនៅឯកោ ការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្ខូចឈ្មោះ, ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) ដូចជា​ការផ្ញើសារគំរាម ឬបង្ហោះរូបភាពអាម៉ាស់តាមបណ្តាញសង្គមជាដើម។

២. សញ្ញាព្រមានដែលអាណាព្យាបាលគួរដឹង

កុមារដែលរងគ្រោះដោយការ Bully ច្រើនតែមិនហ៊ាននិយាយប្រាប់ត្រង់ៗនោះទេ។ ដូច្នេះឪពុកម្តាយ ឬអ្នកអាណាព្យាបាលគួរយកចិត្តទុកដាក់ប្រសិនបើកូនៗមានសញ្ញាដូចជា ៖ មានស្នាមរបួសលើរាងកាយដែលមិនអាចពន្យល់បាន, បាត់បង់សម្ភារៈសិក្សា ឬសម្លៀកបំពាក់រហែក, ផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ ឬការគេង (យល់សប្តិអាក្រក់), លែងចង់ទៅសាលារៀន ឬលទ្ធផលសិក្សាធ្លាក់ចុះភ្លាមៗ, មានអាការៈភ័យខ្លាច បិទបាំង ឬដកខ្លួនចេញពីមិត្តភក្តិ។

៣. វិធីសាស្ត្រជួយសង្គ្រោះ និងដោះស្រាយ

ប្រសិនបើលោកអ្នកដឹងថា កូនកំពុងរងគ្រោះ សូមកុំស្លន់ស្លោ ប៉ុន្តែត្រូវអនុវត្តតាមជំហានខាងក្រោមនេះ ៖

  • បង្កើតបរិយាកាសសុវត្ថិភាពឱ្យកូននិយាយរៀបរាប់ ដោយមិនបន្ទោសពួកគេ។
  • ប្រាប់កូនថា “វាមិនមែនជាកំហុសរបស់កូនទេ” និងសន្យាថានឹងជួយពួកគេ។
  • ជួបជាមួយគ្រូបង្រៀន ឬនាយកសាលា ដើម្បីរកដំណោះស្រាយរួមគ្នាស្របតាមច្បាប់សាលា។
  • បង្រៀនកូនឱ្យចេះនិយាយពាក្យថា “ឈប់” ដោយភាពជឿជាក់ ឬដើរចេញពីស្ថានភាពគ្រោះថ្នាក់។

៤. ចុះបើកូនរបស់អ្នកគឺជា “អ្នកបង្ក” ការគំរាមកំហែង (Bully) វិញ?

ប្រសិនបើអ្នកដឹងថា កូនរបស់ខ្លួនកំពុងធ្វើបាប ឬគំរាមកំហែង (Bully) ក្មេងដទៃ សូមចងចាំថា “កូនរបស់អ្នកមិនមែនជាក្មេងអាក្រក់ពីកំណើតនោះទេ”។ ពួកគេអាចកំពុងមានបញ្ហាផ្លូវចិត្ត បំណងចង់ឱ្យគេចាប់អារម្មណ៍ ឬគ្រាន់តែមិនទាន់ចេះគ្រប់គ្រងអារម្មណ៍ស្មុគស្មាញរបស់ខ្លួន។

ដើម្បីជួយឱ្យកូនបញ្ឈប់សកម្មភាពនេះ លោកអ្នកគួរអនុវត្តជំហានសំខាន់ៗដូចខាងក្រោម៖

(ក). ការប្រាស្រ័យទាក់ទង៖ ព្យាយាមសួរនាំដើម្បីយល់ថា តើមានអ្វីកើតឡើងចំពោះគេ? តើគេមានអារម្មណ៍មិនសុវត្ថិភាពនៅសាលា ឬមានជម្លោះជាមួយមិត្តភក្តិដែរឬទេ? ប្រសិនបើកូនពិបាកពន្យល់ លោកអ្នកអាចពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត ឬគ្រូពេទ្យកុមារ។

(ខ). បង្រៀនពីវិធីសាស្ត្រដោះស្រាយបញ្ហាដោយសន្តិវិធី ៖ សាកល្បងសួរកូនពីស្ថានភាពដែលធ្វើឱ្យគេខឹង រួចជួយគេរកដំណោះស្រាយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ បង្រៀនពួកគេឱ្យចេះ «ដាក់ចិត្តខ្លួនឯង ក្នុងចិត្តអ្នកដទៃ» ដើម្បីឱ្យគេយល់ពីការឈឺចាប់របស់ជនរងគ្រោះ។

(គ). ពិនិត្យមើលឥរិយាបថក្នុងគ្រួសារ ៖ កុមារច្រើនតែរៀនសូត្រតាមអ្វីដែលគេឃើញនៅផ្ទះ។ តើកូនបានឃើញសកម្មភាពហិង្សា ឬការប្រើសម្តីអសុរោះពីអ្នក ឬសមាជិកគ្រួសារ ដែរឬទេ? ចូរស្មោះត្រង់ជាមួយខ្លួនឯង និងធ្វើជាគំរូដ៏ល្អសម្រាប់កូន។

(ឃ). ការកំណត់វិន័យ និងការកែប្រែកំហុស ៖ ត្រូវមានវិន័យដែលមិនមែនជាហិង្សា ដូចជាការកាត់បន្ថយការដើរលេង ឬការប្រើប្រាស់ទូរសព្ទ។ សំខាន់បំផុត ត្រូវលើកទឹកចិត្តឱ្យកូនចេះសុំទោស និងរៀនរស់នៅដោយបរិយាបន្ន (ការរាប់អានគ្រប់គ្នា)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា