ព្រីតថេនផ្តល់ថវិកាជាង ៣២ម៉ឺនដុល្លារ ដល់ CPU ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមអនឡាញនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រីតថេនផ្តល់ថវិកាជាង ៣២ម៉ឺនដុល្លារ ដល់ CPU ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមអនឡាញនៅកម្ពុជា

ព្រីតថេនផ្តល់ថវិកាជាង ៣២ម៉ឺនដុល្លារ ដល់ CPU ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមអនឡាញនៅកម្ពុជា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដើម្បីពង្រឹងសមត្ថភាពស៊ើបអង្កេត និងប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងថ្មីនេះ លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកមានក្តីរីករាយដែលរដ្ឋាភិបាលព្រីតថេនបានផ្តល់ថវិកាគាំទ្រដល់កិច្ចការពារកុមារតាមរយៈអង្គភាព CPU ដែលកំពុងបំពេញការងារដ៏សំខាន់ក្នុងការជួយកុមារ និងក្រុមគ្រួសាររបស់ពួកគេឆ្លងកាត់បទពិសោធន៍ដ៏លំបាក។

លោកបញ្ជាក់ថា ការគាំទ្រនេះមានគោលបំណងធ្វើឱ្យបរិយាកាសអនឡាញកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការបង្ការ និងឆ្លើយតបចំពោះបទល្មើសប្រភេទនេះ។

តាមគម្រោងដែលមានរយៈពេល៦ខែ ថវិកាជំនួយនេះនឹងប្រើប្រាស់សម្រាប់បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិលើជំនាញកោសល្យវិច្ច័យឌីជីថល និងបច្ចេកទេសស៊ើបអង្កេតឯកទេស ព្រមទាំងពង្រីកលទ្ធភាពប្រើប្រាស់កម្មវិធីសូហ្វវែរសម្រាប់វិភាគភស្តុតាងឌីជីថល។

គម្រោងនេះក៏មានគោលដៅជួយឱ្យមន្ត្រីមានសមត្ថភាពកាន់តែប្រសើរក្នុងការកំណត់អត្តសញ្ញាណកុមាររងគ្រោះ ប្រមូល និងរក្សាទុកភស្តុតាងឌីជីថល ព្រមទាំងនាំជនល្មើសមកទទួលខុសត្រូវតាមផ្លូវច្បាប់។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានលើកឡើងថា បទល្មើសតាមប្រព័ន្ធអនឡាញប្រឆាំងនឹងកុមារកំពុងមានភាពស្មុគស្មាញកាន់តែខ្លាំង ដែលទាមទារឱ្យមានជំនាញស៊ើបអង្កេតឯកទេស និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធក្នុងប្រព័ន្ធយុត្តិធម៌។

លោកបន្តថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលអង្គភាព CPU បានជួបប្រទះបញ្ហាប្រឈមជាច្រើន ប៉ុន្តែក្រុមការងារនៅតែបន្តបំពេញបេសកកម្មការពារកុមារ និងផ្តល់សេវាចាំបាច់ដល់កុមាររងគ្រោះ ដោយប្តេជ្ញាចិត្តក្នុងការស្វែងរកយុត្តិធម៌ជូនពួកគេ។

គួរជម្រាបថា ក្នុងឆ្នាំ២០២៥ អង្គភាពការពារកុមារ (CPU) ដែលធ្វើការជាដៃគូជាមួយនគរបាលជាតិកម្ពុជា បានរាយការណ៍ថា បានដោះស្រាយករណីបទល្មើសធ្ងន់ធ្ងរលើកុមារចំនួន ៣៣៥ករណី។ តួលេខនេះបង្ហាញពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហការដើម្បីការពារកុមារពីគ្រប់ទម្រង់នៃការរំលោភបំពាន និងការកេងប្រវ័ញ្ច៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា