អង់គ្លេស​សាកល្បង​នាំ​ប្រព័ន្ធ​ ​Efekta​ ​ដើរ​ដោយ​ ​AI​ ​មក​អនុវត្ត​នៅ​កម្ពុជា​ ​ដើម្បី​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស ​និង​គ្រូ​បង្រៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស​សាកល្បង​នាំ​ប្រព័ន្ធ​ ​Efekta​ ​ដើរ​ដោយ​ ​AI​ ​មក​អនុវត្ត​នៅ​កម្ពុជា​ ​ដើម្បី​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស ​និង​គ្រូ​បង្រៀន

អង់គ្លេស​សាកល្បង​នាំ​ប្រព័ន្ធ​ ​Efekta​ ​ដើរ​ដោយ​ ​AI​ ​មក​អនុវត្ត​នៅ​កម្ពុជា​ ​ដើម្បី​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស ​និង​គ្រូ​បង្រៀន

​ចក្រភព​អង់គ្លេស​កំពុង​សាកល្បង​នាំយក​ប្រព័ន្ធ​សិក្សា​ភាសា​អង់គ្លេស​ ​Efekta​ ​Education​ ​ដែល​ដំណើរការ​ដោយ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​មក​អនុវត្ត​នៅ​កម្ពុជា​ ​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស ​និង​គ្រូបង្រៀន​ ​ខណៈ​ភាគី​ទាំង​ពីរ​កំពុង​ពិភាក្សា​លទ្ធភាព​ពង្រីក​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ទៅកាន់​សាលា​មធ្យមសិក្សា​រដ្ឋ​នា​ពេល​អនាគត​។​

Advertisement

​កាលពី​ថ្ងៃទី​៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​បណ្ឌិត​ ​អ៊ុម ​រម្យណី ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​អនុញ្ញាតឱ្យ​លោកស្រី​ ​Abigail​ ​Fryer​ ​អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ ​Efekta​ ​Education​ ​ចូល​ជួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួង​។

​ការ​ពិភាក្សា​បាន​ផ្តោត​លើ​ការ​បង្ហាញ​អំពី​ប្រព័ន្ធ​ ​Efekta​ ​ដែល​ជា​វេទិកា​រៀន​ភាសា​អង់គ្លេស​ប្រើប្រាស់​បច្ចេកវិទ្យា​ ​AI​ ​ការ​ចែករំលែក​បទពិសោធន៍​ពី​ការ​អនុវត្ត​សាកល្បង​នៅ​ ​Neeson​ ​Cripps​ ​Academy​ ​និង​ការ​សិក្សា​លទ្ធភាព​ពង្រីក​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ​កម្រិត​មធ្យមសិក្សា​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​បណ្ឌិត​ ​អ៊ុម ​រម្យ​ណី ​បាន​លើកឡើង​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការ​លើកកម្ពស់​ការ​រៀន​ ​និង​ការ​បង្រៀន​ភាសា​បរទេស ​ជាពិសេស​ភាសា​អង់គ្លេស​ ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ​។ ​

​ឯកឧត្តម​ក៏​បាន​ស្នើ​ឱ្យ​បន្ត​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ ​Efekta​ ​Education​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស ​និង​បង្កើន​សមត្ថភាព​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​កម្ពុជា​។​

​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ ​បាន​ឱ្យដឹង​ថា​ ​កិច្ចពិភាក្សា​នេះ​ក៏​បាន​ស្វែងយល់​ពី​ឱកាស​ពង្រីក​ការ​រៀន​ភាសា​អង់គ្លេស​តាមរយៈ​បច្ចេកវិទ្យា​ ​និង​លទ្ធភាព​ប្រើប្រាស់​វេទិកា​ ​Efekta​ ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​តាម​សាលា​មធ្យមសិក្សា​រដ្ឋ​។​

​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា​ ​ខ្លួន​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ការ​ច្នៃប្រឌិត​ ​និង​ភាព​ជាដៃគូ​ដែល​រួមចំណែក​លើកកម្ពស់​ឱកាស​អប់រំ​សម្រាប់​យុវជន​កម្ពុជា​។​

​គួរ​បញ្ជាក់​ថា​ ​Efekta​ ​គឺជា​ប្រព័ន្ធ​បង្រៀន​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​ឌីជីថល ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ដើម្បី​គាំទ្រ​ការ​រៀន​ ​និង​ការ​បង្រៀន​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស ​និង​គ្រូបង្រៀន​។​

​Efekta​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​AI​ ​ដើម្បី​វិភាគ​លទ្ធផល​សិក្សា​ ​កំណត់​ចំណុច​ខ្លាំង​ ​និង​ចំណុច​ដែល​ត្រូវ​កែលម្អ ​រួច​កែសម្រួល​មេរៀន​ ​និង​លំហាត់​ឱ្យ​ស្រប​តាម​សមត្ថភាព​របស់​អ្នកសិក្សា​។​

​គោលបំណង​សំខាន់​របស់​ប្រព័ន្ធ​នេះ​ ​គឺ​បង្កើន​សមត្ថភាព​ស្តាប់​ និយាយ​ ​អាន ​និង​សរសេរ​ភាសា​អង់គ្លេស​របស់​អ្នកសិក្សា​ ​តាមរយៈ​ការ​រៀន​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ ​(​personalized​ ​learning​) ​និង​ការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​គាំទ្រ​ការ​សម្រេចចិត្ត​ក្នុង​ការ​បង្រៀន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា