គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ រំពឹងថា នឹងនាំយកវិធីសាស្រ្តបង្រៀនល្អៗទៅអនុវត្តតាមវិទ្យាល័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ រំពឹងថា នឹងនាំយកវិធីសាស្រ្តបង្រៀនល្អៗទៅអនុវត្តតាមវិទ្យាល័យ

គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ រំពឹងថា នឹងនាំយកវិធីសាស្រ្តបង្រៀនល្អៗទៅអនុវត្តតាមវិទ្យាល័យ

បេក្ខជនប្រឡងជាប់ស្ថាពរ និងបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា (វិទ្យាល័យ) ឆ្នាំសិក្សា២០២៦-២០២៧ បានចូលរួមវគ្គបណ្ដុះបណ្ដាលគរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ នៅវិទ្យាស្ថានជាតិអប់រំហើយកាលពីថ្ងៃពុធ។

ការបណ្ដុះបណ្ដាលគរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងនោះ បេក្ខជនដែលមិនបានមកបង្ហាញខ្លួន និងដាក់ពាក្យចូលរៀន ចាត់ទុកថាបោះបង់ចោលការសិក្សា និងបេក្ខភាពជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។

កញ្ញា យឹម មួយលាង ជាគរុនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ ឯកទេសភាសាខ្មែរ បានបង្ហាញអារម្មណ៍រំភើបដែលបានមកចូលរៀនវគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ+២ នេះ ដោយបានស្គាល់មិត្តភក្ដិថ្មីៗ និងបានបែងចែកថ្នាក់រៀន។ កញ្ញា មួយលាង និយាយថា សម្រាប់ការបណ្ដុះបណ្ដាលនេះ មានរយៈពេល ២០ថ្ងៃ ដែលគរុសិស្សនឹងសិក្សាផ្ដោតលើវិធីសាស្រ្តបង្រៀន របៀបសរសេរកិច្ចតែងការ និងរបៀបអនុវត្តការបង្រៀនជាក់ស្ដែង។

កញ្ញា យឹម មួយលាង

កញ្ញា យឹម មួយលាង ចាប់បានប៉ុស្តិ៍ទៅវិទ្យាល័យស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ មួយលាង រំពឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ រយៈពេល ២០ថ្ងៃនេះ នឹងជួយឱ្យខ្លួនមានទំនុកចិត្តក្នុងការបង្រៀនសិស្សច្បាស់លាស់ និងអាចផ្ដល់ចំណេះដឹងទៅឱ្យពួកគេចំគោលដៅ។

ជាមួយគ្នានេះ ​កញ្ញា ហ៊ុយ សៃទិញ គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១​ ឯកទេសភាសាខ្មែរ ក៏បានលើកឡើងដែរថា កញ្ញាមានអារម្មណ៍សប្បាយរីករាយក្នុងការចូលរៀនវគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ+២ ព្រោះជាការទន្ទឹងរង់ចាំចង់ចូលរៀននៅវិទ្យាស្ថានជាតិអប់រំនេះជាយូរមកហើយ។

កញ្ញា ហ៊ុយ សៃទិញ

កញ្ញា ហ៊ុយ សៃទិញ ចាប់បានប៉ុស្តិ៍ទៅវិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើតរបស់ខ្លួន។ កញ្ញា សៃទិញ រំពឹងថា ក្រោយចប់វគ្គបណ្ដុះបណ្ដាលរយៈពេល ២សប្ដាហ៍ កញ្ញានឹងទទួលបានវិធីសាស្រ្តបង្រៀនល្អៗ ដើម្បីយកចំណេះដឹងដែលទទួលបានទៅបង្រៀនសិស្សានុសិស្ស​នៅវិទ្យាល័យដែលខ្លួនបានជ្រើសរើស។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្ដីទីនៃក្រសួងមុខងារសាធារណៈ បានដាស់តឿនជាកាតព្វកិច្ច និងបទបញ្ជាផ្ទៃក្នុងដល់គរុនិស្សិតថា ក្នុងនាមជាអ្នកអប់រំ និងជាគំរូដល់សិស្សានុសិស្ស ដាច់ខាតពុំត្រូវប្រើប្រាស់ពាក្យសម្តី ឬឥរិយាបថពុំសមរម្យនៅលើបណ្តាញសង្គមឡើយ និងត្រូវមានទំនាក់ទំនងប្រកបដោយភាពថ្លៃថ្នូរ ទន់ភ្លន់ និងសហការល្អជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូរួមអាជីព និងសហគមន៍ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរនៃជួរគ្រូបង្រៀន។

បើតាមក្រសួងមុខងារសាធារណៈ បេក្ខជនដែលបានប្រឡងជាប់ស្ថាពរ និងជាប់បម្រុងទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមទទួលការបណ្ដុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ទាំងតាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្របតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការបណ្តុះបណ្តាលនេះតម្រូវឱ្យសិក្សាចំនួន ៤៨ក្រេឌីតសម្រាប់កម្រិតវិទ្យាល័យ និង ៣០ក្រេឌីតសម្រាប់កម្រិតអនុវិទ្យាល័យ ហើយមានតែបេក្ខជនដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលពេញលេញប៉ុណ្ណោះ ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា