ប្រឡង​បាក់ឌុប ៖​ ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​ដំណើរការ​ដោយ​រលូន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រឡង​បាក់ឌុប ៖​ ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​ដំណើរការ​ដោយ​រលូន​

ប្រឡង​បាក់ឌុប ៖​ ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​ដំណើរការ​ដោយ​រលូន​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន ​ណារ៉ុន ​មានប្រសាសន៍​ថា ​ដំណើរការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​និង​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​សម័យ​ប្រឡង​ ​១០​ សីហា ​២០២៦ ​បាន​កំពុង​ប្រព្រឹត្តទៅ​ដោយ​រលូន ​និង​មិន​មាន​បញ្ហា​អ្វី​គួរឱ្យ​កត់សម្គាល់​ឡើយ ​ចាប់​តាំងពី​ដំណើរការ​ដំបូង​ពី​ថ្ងៃ​ទី​២១​ ​ខែ​សីហា ​ឆ្នាំ​២០២៦​មក។​

​បើ​តាមប្រសាសន៍​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ​សមាជិក​អនុ​គណៈកម្ម​ការ​គ្រប់គ្រង​សន្លឹក​ ​M​CS ​និង​អនុ​គណៈ​កម្មការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​បាន​បំពេញ​ភារកិច្ច​ ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​និង​រក្សា​ភាព​ស្ងប់ស្ងាត់​ល្អ ​ដោយ​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

​តាម​ការ​គ្រោងទុក​ ​ដំណើរការ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ហើយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​គ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦។

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​ ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន​ជាង​ ​១៥​ម៉ឺន​នាក់​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្រ្ត​ជាង​ ៣​ម៉ឺន​នាក់​ ​និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម​ ​ជាង​ ​១១​ម៉ឺន​នាក់។

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​មានប្រសាសន៍​នៅក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ណែនាំ​បច្ចេកទេស​ដល់​គណៈកម្មការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​និង​ផ្ទៀងផ្ទាត់​ពិន្ទុ ​កាលពី​ថ្ងៃ​ទី​២០​ ​សីហា ​ឆ្នាំ​២០២៦​ថា​ ​ក្រសួង​អប់រំ​មាន​ទិសដៅ​យក​លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​មក​សិក្សា​ ​និង​ផ្សារភ្ជាប់​ជាមួយ​ការ​វាយតម្លៃ​កម្រិត​អន្តរជាតិ​ PISA ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ចំណាត់ថ្នាក់​គុណភាព​សាលារៀន ​ដោយ​ផ្អែក​លើ​ពិន្ទុ​មធ្យម​ភាគ​ ​និង​កម្រិត​និទ្ទេស​របស់​សិស្ស​ ​ដូចជា​ A​,​ B ​និង​ ​C ​។ ការ​អនុវត្ត​យន្តការ​ទាំង​នេះ​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ ​ធ្វើឡើង​ក្នុង​គោលដៅ​ជំរុញ​ការ​កែទម្រង់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​មាន​គុណភាព ឆ្លើយតប​ទៅ​នឹង​ស្តង់ដា​ជាតិ​ ​និង​អន្តរជាតិ​ ​ជា​ពិសេស​ ​ដើម្បី​ធានា​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​មិន​ត្រឹមតែ​ជា​ការ​វាស់វែង​សមត្ថភាព​សិស្ស​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ជា​ឧបករណ៍​វាស់វែង ​និង​លើកកម្ពស់​គុណភាព​អប់រំ​ទូទាំង​ប្រទេស​ ប្រកបដោយ​ចីរភាព៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា