បាក់ឌុប​ឆ្នាំ​២០២៦​ចាប់ផ្ដើម​ ក្រសួង​បន្ត​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ ​និង​ដំណើរការ​ប្រឡង ​ដើម្បី​ធានា​យុត្តិធម៌​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាក់ឌុប​ឆ្នាំ​២០២៦​ចាប់ផ្ដើម​ ក្រសួង​បន្ត​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ ​និង​ដំណើរការ​ប្រឡង ​ដើម្បី​ធានា​យុត្តិធម៌​

បាក់ឌុប​ឆ្នាំ​២០២៦​ចាប់ផ្ដើម​ ក្រសួង​បន្ត​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ ​និង​ដំណើរការ​ប្រឡង ​ដើម្បី​ធានា​យុត្តិធម៌​

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប​ឆ្នាំ​២០២៦​ ​បាន​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​១០​ ​ខែសីហា ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​មន្ត្រី​ ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​) ​បាន​បញ្ជាក់​ថា​ ​ដំណើរការ​ប្រឡង​ត្រូវបាន​រៀបចំ​យ៉ាង​ម៉ត់ចត់​ ​ដើម្បី​ធានា​យុត្តិធម៌​ ​និង​តម្លាភាព ​ខណៈ​ភ្លៀង​ធ្លាក់​បន្តិចបន្តួច​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​មួយចំនួន​ ​មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​ឡើយ​។​

Advertisement

​ថ្លែង​នៅក្នុង​ពិធី​បើក​ការ​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​១០​ ​ខែសីហា ​ឯកឧត្តម​ ហង់ ​ជួន​ ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ឱ្យដឹង​ថា​ ​ស្ថានភាព​ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច ​ខណៈ​ក្រសួង​បាន​ត្រៀម​ផែនការ​ទប់ទល់​នឹង​បញ្ហា​អាកាសធាតុ​ ​និង​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើតឡើង​។​

​ឯកឧត្តម​ ហង់ ​ជួន​ ណារ៉ុន ​មានប្រសាសន៍​ថា​ ក្រសួង​បាន​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប្រចាំ​ ​ហើយ​ប្រសិនបើ​មាន​តំបន់​ណាមួយ​ប្រឈម​នឹង​ទឹក​ជំនន់​ ​ឬ​ទឹក​លិច​ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រឡង​ ក្រសួង​នឹង​ផ្លាស់ប្ដូរ​ទីតាំង​ប្រឡង​ភ្លាម​ៗ​។ ​តាម​ខេត្ត​នីមួយ​ៗ​ ​ក៏​មាន​ផែនការ​រួច​ជាស្រេច​សម្រាប់​ដោះស្រាយ​ស្ថានភាព​បែប​នេះ​ផងដែរ​។​

​ឯកឧត្តម​បន្ត​ថា​ ​ក្រសួង​ក៏​បាន​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​សម្ភារៈ​ ​និង​ឯកសារ​ដែល​បេក្ខជន​អាច​យក​ចូល​មណ្ឌល​ប្រឡង ​ដើម្បី​ទប់ស្កាត់​ការ​នាំយក​សំណៅ​ឯកសារ​មិន​អនុញ្ញាត​ចូលក្នុង​បន្ទប់​ប្រឡង​។​

ដំណាក់កាល​សំណេរ ​យើង​ហាមឃាត់​មិន​ឱ្យ​យក​ប្រធាន​វិញ្ញាសា​ចេញ​ពី​បន្ទប់​ប្រឡង​ ​មិន​ឱ្យ​ថត​ ​និង​មិន​ឱ្យ​បង្ហោះ​ ​ដើម្បី​ធានា​ការ​ជឿទុកចិត្ត​ ​និង​ទប់ស្កាត់​ភាព​រញ៉េរញ៉ៃ​។ ​ទី​មួយ​ ​គឺ​ពង្រឹង​សណ្តាប់ធ្នាប់​ និង​វិន័យ​ ​ហើយ​ទី​ពីរ ​យើង​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ករណី​ណា​ដែល​រំលោភ​បទបញ្ជា​

​ឯកឧត្តម​បន្ត​ថា​ ​នៅ​ដំណាក់កាល​កំណែ ​ក្រសួង​នឹង​បន្ត​ពង្រឹង​ការ​កែវិញ្ញាសា​ឱ្យ​កាន់តែ​សុក្រឹត ​ខណៈ​ដំណាក់កាល​បញ្ចូល​ពិន្ទុ ​នឹង​មាន​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជាបន្តបន្ទាប់ ​ដើម្បី​កាត់បន្ថយ​កំហុស​ឱ្យ​បាន​តិច​បំផុត​។​

​ឯកឧត្តម​ ហង់ ​ជួន​ ណារ៉ុន ​បាន​ប្រៀបធៀប​ថា​ ​ស្ថានភាព​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​។ ​កាលពី​ឆ្នាំ​២០២៥​ ​សិស្ស​មួយចំនួន​នៅ​តំបន់​រង​ផលប៉ះពាល់​ដោយ​អាកាសធាតុ​ ​និង​ទឹក​ជំនន់​ ក្នុង​ខេត្ត​ឧត្តរមានជ័យ ​ព្រះវិហារ​ និង​បន្ទាយមានជ័យ ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​សិក្សា​ ​ដោយ​សិស្ស​ខ្លះ​ថែមទាំង​ត្រូវ​រៀន​នៅលើ​គោយន្ត​។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​ដើម្បី​ធានា​ភាព​យុត្តិធម៌​ ​និង​តម្លាភាព​នៃ​ការ​ប្រឡង​ឆ្នាំ​នេះ​ ក្រសួង​បាន​អញ្ជើញ​អង្គភាព​ពាក់ព័ន្ធ​ចូលរួម​ត្រួតពិនិត្យ​គ្រប់​ដំណាក់កាល​ ​ជាពិសេស​ដំណើរការ​រៀបចំ​ ថតចម្លង​ ​និង​គ្រប់គ្រង​វិញ្ញាសា ​ព្រមទាំង​មាន​វិធានការ​តឹងរឹង​ចំពោះ​អ្នក​ដែល​រំលោភ​បទបញ្ជា​ប្រឡង​។​

​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ ​ភាព​យុត្តិធម៌​នៃ​ការ​ប្រឡង​ ​គឺជា​ចំណុច​សំខាន់​សម្រាប់​លើកទឹកចិត្ត​សិស្ស​ឱ្យ​ខិតខំ​រៀន​ ​និង​គ្រូ​ឱ្យ​ខិតខំ​បង្រៀន​។ ​ប្រសិនបើ​ការ​ប្រឡង​គ្មាន​យុត្តិធម៌​ ​សិស្ស​អាច​បាត់បង់​ទំនុកចិត្ត​ ​និង​ងាក​ទៅ​ពឹងផ្អែក​លើ​មធ្យោបាយ​ផ្សេង​ៗ​ ​ដូចជា​ទូរសព្ទ​ ​ដើម្បី​ចម្លង​ក្នុង​ពេល​ប្រឡង ​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​អប់រំ​ទាំងមូល​។​

​ឯកឧត្តម​ ឃាង​ ​សេង ​អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​បាន​ឱ្យដឹង​ថា​ ​មន្ត្រី​ ​ACU​ ​ជាង​៤,០០០​នាក់​ ​បាន​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ឃ្លាំមើល​ដំណើរការ​ប្រឡង​ឆ្នាំ​នេះ​។ ​ឯកឧត្តម​ថា​ ​ដូច​បណ្តា​ឆ្នាំ​កន្លងមក​ មន្ត្រី​ ​ACU​ ​នឹង​បន្ត​ឃ្លាំមើល​ដំណើរការ​ប្រឡង​យ៉ាង​តឹងរ៉ឹង ​ដើម្បី​ធានា​ឱ្យ​ការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​ ​និង​តម្លាភាព​។

​ដោយឡែក​ ​បេក្ខ​នារី ​ចាន់ ​ពេជ្រ​ការ៉ូនីន ​បាន​និយាយ​ថា​ ​នាង​មាន​អារម្មណ៍​រំភើប​ផង​ និង​ភ័យ​ផង​ចំពោះ​ការ​ប្រឡង​ឆ្នាំ​នេះ​ ​ប៉ុន្តែ​នាង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ បន្ទាប់ពី​ខិតខំ​រៀន​តាំងពី​ដើម​ឆ្នាំ​។ ​នាង​ក៏​បាន​កត់សម្គាល់​ថា​ ​ការ​ត្រួតពិនិត្យ​សម្ភារៈ​ ​និង​ឯកសារ​នៅ​ច្រក​ចូល​មណ្ឌល​ប្រឡង​មាន​ភាព​តឹងរ៉ឹង​។​

​បេក្ខ​នារី​រូប​នោះ​និយាយ​ថា​ «​ខ្ញុំ​ភ័យ​បង​ ព្រោះ​ជា​ការ​ប្រឡង​ ​ប៉ុន្តែ​ត្រូវតែ​ប្រឹងប្រែង​។ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ជាប់​ ​ព្រោះ​បាន​ខិតខំ​រៀន​តាំងពី​ដើម​ឆ្នាំ​ ​ហើយ​ពេល​ដើរ​ចូល​មណ្ឌល​ប្រឡង​ ​ក៏​មាន​ការ​ត្រួតពិនិត្យ​សម្ភារៈ​ ​និង​ឯកសារ​យ៉ាង​តឹងរ៉ឹង​»​។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប​ឆ្នាំ​២០២៦​ ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ ​គឺ​ថ្ងៃទី​១០​ ​និង​ទី​១១​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដោយ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ ​១៥១,២៣៨​នាក់​។​ ក្រសួង​បាន​រៀបចំ​មណ្ឌល​ប្រឡង​សរុប​ ​២៤៤​មណ្ឌល​ ​ស្មើនឹង​ ​៦,២០៧​បន្ទប់​ប្រឡង​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា