និស្សិតកម្ពុជា បង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ពិនិត្យក្រណាត់ក្នុងវិស័យកាត់ដេរ ឈ្នះជ័យលាភី ពី Huawei ICT Competition 2025–2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិតកម្ពុជា បង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ពិនិត្យក្រណាត់ក្នុងវិស័យកាត់ដេរ ឈ្នះជ័យលាភី ពី Huawei ICT Competition 2025–2026

និស្សិតកម្ពុជា បង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ពិនិត្យក្រណាត់ក្នុងវិស័យកាត់ដេរ ឈ្នះជ័យលាភី ពី Huawei ICT Competition 2025–2026

ក្រុមនិស្សិតកម្ពុជា មក​ពី​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានបង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ជួយដោះស្រាយបញ្ហាប្រឈមក្នុងការពិនិត្យក្រណាត់ក្នុងវិស័យកាត់ដេរ បានឈ្នះជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក។

Advertisement

ក្រុមនិស្សិតដែល​ឱ្យ​ឈ្មោះក្រុមថា BORISOTH មានសមាជិកចំនួន ៣រូប រួមមាន កញ្ញា ហេង សិរីរតនៈ, លោក សាន សិទ្ធិស័ក្ត, លោក ញ៉ែម ដារ៉ាយុទ្ធ និងគ្រូដឹកនាំ លោក សេង ធារ៉ា បានតំណាងប្រទេស​កម្ពុជាចូលរួមប្រកួតក្នុងចំណោម ១៨០ក្រុម មកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក។

យុវជនកម្ពុជា ជាប់ជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក

លោក សាន សិទ្ធិស័ក្ត និស្សិតជំនាញអភិវឌ្ឍកម្មវិធីសូហ្វ៊ែ លើកឡើងថា BORISOTH គឺជាប្រព័ន្ធបច្ចេកវិទ្យា AI ផលិតនៅកម្ពុជា ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល។ សិទ្ធិស័ក្ត បន្តថា ការបង្កើត BORISOTH ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្សក្នុងវិស័យកាត់ដេរ។

បើតាម លោក សិទ្ធិស័ក្ត តាមរយៈការស្កេនផ្ទៃក្រណាត់ក្នុងល្បឿនលឿនពី ២០ ទៅ ៤០ ម៉ែត្រក្នុងមួយនាទី ប្រព័ន្ធនេះ អាចស្វែងរក និងបោះត្រាសម្គាល់កំហុសនៅលើជាយក្រណាត់ដោយស្វ័យប្រវត្តិនូវប្រភេទទឹកខ្មៅរលាយក្នុងទឹក ដែលជួយឱ្យរោងចក្រកាត់បន្ថយការខាតបង់សម្ភារៈ ដោយជៀសវាងកន្លែងខូចខាតបានងាយស្រួល និងមានរបាយការណ៍ឌីជីថល (Audit Trail) ច្បាស់លាស់សម្រាប់ទាមទារសំណងពីអ្នកផ្គត់ផ្គង់ក្រណាត់បរទេស។

លើសពីនោះ បច្ចេកវិទ្យានេះ មិនមែនដកហូតការងារកម្មករឡើយ ប៉ុន្តែបានជួយលើកកម្ពស់ជំនាញ និងការពារសុខភាពភ្នែករបស់ពួកគេ ដោយប្តូរពីការពិនិត្យដោយភ្នែកមកជាអ្នកបញ្ជាប្រព័ន្ធ AI និងគ្រប់គ្រងគុណភាពដែលមានតម្លៃខ្ពស់វិញ។

បើតាម ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធី Huawei ICT Competition បានផ្ដល់ឱកាសដល់និស្សិតឆ្នើមកម្ពុជាចូលប្រកួតប្រជែងកម្រិតតំបន់ និងសកលលោក និងបានជំរុញទឹកចិត្តដល់ការកសាងមូលធនមនុស្សឌីជីថលរបស់កម្ពុជា និងចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើបរិវត្តិកម្មនៅកម្ពុជា។

តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នេះ វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្មបានជាង ៤០% លើសការត្រួតពិនិត្យគុណភាពក្រណាត់ដោយដៃ (Manual work) ដែលត្រូវការពលកម្មខ្ពស់ មិនសូវមានប្រសិទ្ធភាព និងចំណាយច្រើន។

គួរជំរាបជូនថា វគ្គប្រកួតផ្តាច់ព្រ័ត្រកម្រិតពិភពលោកនៃកម្មវិធី Huawei ICT 2025–2026 លើកទី១០ ធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២ដល់ទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា