តំណាងក្រុមហ៊ុនស្ថាបត្យកម្ម ៖ សមត្ថភាពស្ថាបត្យករកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាងក្រុមហ៊ុនស្ថាបត្យកម្ម ៖ សមត្ថភាពស្ថាបត្យករកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេស

តំណាងក្រុមហ៊ុនស្ថាបត្យកម្ម ៖ សមត្ថភាពស្ថាបត្យករកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេស

តំណាងក្រុមហ៊ុនធំៗដែលប្រកបអាជីវកម្មផ្តល់សេវាកម្មស្ថាបត្យកម្ម និងសំណង់ បានលើកឡើងថា ស្ថាបត្យករកូនខ្មែរបច្ចុប្បន្ន មានសមត្ថភាព និងភាពច្នៃប្រឌិតមិនចាញ់បរទេសនោះទេ ហើយកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញវិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា ឱ្យរីកចម្រើនកាន់តែខ្លាំង។

Advertisement

លោក អ៊ុក សេងហាប់ នាយកប្រតិបត្តិក្រុមហ៊ុន LAY GREEN បានប្រាប់ AMS ក្នុងឱកាសចូលរួមពិព័រណ៍ស្ថាបត្យកម្ម INNexpo 2026 ថា វិស័យស្ថាបត្យកម្ម និងសំណង់កម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារកម្លាំងធនធានមនុស្សក្នុងស្រុកមានសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់។

លោកមានប្រសាសន៍ថា «កូនខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់ ហើយខ្ញុំឃើញគម្រោងស្ថាបត្យកម្មខ្លះល្អមែនទែន។ គម្រោងខ្លះថែមទាំងល្អជាងនៅក្រៅស្រុកទៀត។ បច្ចុប្បន្ន កូនខ្មែរមានឆន្ទៈ និងគំនិតច្នៃប្រឌិតខ្លាំងក្នុងការឌីហ្សាញ មិនចាញ់បរទេសឡើយ»។

ជាមួយគ្នានេះ លោក គួយ អភិរាជ្យ តំណាងក្រុមហ៊ុន នរាហ៍ អាឃីឆេកឈ័រ & ខនស្រ្តាក់សិន ឯ.ក ក៏បានលើកឡើងដែរថា ស្ថាបត្យករ និងវិស្វករកម្ពុជា បច្ចុប្បន្នមានសមត្ថភាពអាចរចនា និងសាងសង់អគារពាណិជ្ជកម្មធំៗ អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបាន ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើបរទេសដូចមុនឡើយ។

លោកបានបញ្ជាក់ថា «កូនខ្មែរយើងឥឡូវមានសមត្ថភាពខ្ពស់ ទាំងការសង់ និងការឌីហ្សាញអគារ។ ពួកគាត់មានជំនាញ បទពិសោធន៍ និងវិជ្ជាជីវៈគ្រប់គ្រាន់ អាចធ្វើគម្រោងធំៗ រួមទាំងការសាងសង់ស្ពានបានផងដែរ ដែលកន្លងមកយើងធ្លាប់ពឹងផ្អែកខ្លាំងលើបរទេស»។

ក្នុងឱកាសសម្ពោធអគារទីស្នាក់ការកណ្ដាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងកោតសរសើរចំពោះគុណភាព និងសោភ័ណភាពនៃអគារនេះ ដែលមានលក្ខណៈទំនើប និងប្រណីត ជាពិសេសត្រូវបានសាងសង់ដោយកូនខ្មែរស្ទើរទាំងស្រុង រួមទាំងការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ។

សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន INNEX បានរៀបចំ ពិព័រណ៍ស្ថាបត្យកម្ម INNexpo 2026 នៅ Factory Phnom Penh ប្រកបដោយភាពជោគជ័យ។ ពិព័រណ៍នោះ បានប្រមូលផ្តុំស្ថាបត្យករ អ្នកជំនាញ អ្នកច្នៃប្រឌិត និងសាធារណជន រួមគ្នាស្វែងយល់ និងលើកកម្ពស់វិស័យស្ថាបត្យកម្ម និងការរចនានៅកម្ពុជា។

ក្រៅពីការតាំងបង្ហាញស្នាដៃស្ថាបត្យកម្ម កម្មវិធីនោះក៏មានការចូលរួមពីក្រុមហ៊ុនស្ថាបត្យកម្មល្បីៗ ការដាក់តាំងផលិតផល សេវាកម្ម និងស្តង់អាហារ ដែលទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលរួមយ៉ាងច្រើន។

លោក សេង សុវណ្ណារ័ត្ន ស្ថាបនិក INNEX បានចាត់ទុកពិព័រណ៍នោះថា បានរួមចំណែកជំរុញវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជា ឱ្យបោះជំហានទៅមុខកាន់តែរឹងមាំ ហើយលោកបានសន្យាថា INNexpo នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ដោយមានទំហំធំ និងភាពលេចធ្លោកាន់តែខ្លាំងជាងមុន៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា