គ្រូបង្រៀន៩៨% នៅសាលារៀនជំនាន់ថ្មី កំពុងប្រើប្រាស់ AI ជំនួយដល់ការបង្រៀន និងរៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូបង្រៀន៩៨% នៅសាលារៀនជំនាន់ថ្មី កំពុងប្រើប្រាស់ AI ជំនួយដល់ការបង្រៀន និងរៀន

គ្រូបង្រៀន៩៨% នៅសាលារៀនជំនាន់ថ្មី កំពុងប្រើប្រាស់ AI ជំនួយដល់ការបង្រៀន និងរៀន

ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញឱ្យ​​គ្រូបង្រៀនទាញប្រយោជន៍ពីបច្ចេកវិទ្យា AI ក្នុងការ​ប្រើប្រាស់ជាជំនួយ​ក្នុង​ការ​បង្រៀន និង​រៀន​, គ្រូបង្រៀនស្ទើរតែ ១០០% នៅសាលារៀនជំនាន់ថ្មី ទាំង១៤កន្លែង កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាជំនួយដល់ការបង្រៀន និងរៀន។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុល រុន ទីប្រឹក្សាជាតិជាន់ខ្ពស់​ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី។

Advertisement

លោក អ៊ុល រុន មានប្រសាសន៍ថា យោងតាមទិន្នន័យស្រាវជ្រាវចុងក្រោយដែលអង្កេតលើគ្រូបង្រៀនជាង ៦០០ នាក់ ក្នុងចំណោមសាលារៀនជំនាន់ថ្មីទាំង ១៤ កន្លែង បានរកឃើញថា​ គ្រូបង្រៀនរហូតដល់ ៩៨ ភាគរយ បានប្រើប្រាស់ AI យ៉ាងហោចណាស់ម្ដងក្នុងមួយខែ ដើម្បីជាជំនួយដល់ការបង្រៀន និងការរៀន។ ក្នុងនោះដែរ គ្រូបង្រៀនប្រមាណ ៨០ ភាគរយ ប្រើប្រាស់ជាប្រចាំថ្ងៃ ឬយ៉ាងហោចណាស់រៀងរាល់សប្ដាហ៍។

លោក អ៊ុល រុន ទីប្រឹក្សាជាតិជាន់ខ្ពស់​ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី

ទីប្រឹក្សាជាតិជាន់ខ្ពស់​ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី រូបនេះ បន្ថែមថា គោលបំណងចម្បងនៃការប្រើប្រាស់ AI របស់គ្រូបង្រៀន គឺផ្ដោតលើការរៀបចំផែនការបង្រៀនដែលមានរហូតដល់ ៦៤ ភាគរយ ការបង្កើតសំណួរតេស្តមាន ៥២ ភាគរយ និងការបង្កើតរូបភាពជំនួយស្មារតីផ្សេងៗមានចំនួន ៥០ភាគរយ។

លោក អ៊ុល រុន មានប្រសាសន៍ថា បច្ចេកវិទ្យា AI កំពុងផ្លាស់ប្ដូររបៀបរស់នៅ និងការងារទូទាំងពិភពលោក ដូច្នេះកម្ពុជាត្រូវធានាថា ការអប់រំរបស់ខ្លួនដើរទាន់សម័យកាល និងឆ្លើយតបនឹងបរិបទថ្មីនេះ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏យល់ស្របថា ការអភិវឌ្ឍជំនាញ AI សម្រាប់គ្រូ និងសិស្ស គឺជាការវិនិយោគធនធានមនុស្សដ៏សំខាន់បំផុត។ ការប្រើប្រាស់ AI មិនមែនដើម្បីជំនួសតួនាទីគ្រូនោះទេ ប៉ុន្តែគឺជាការបង្កើតជំនួយការដ៏ឆ្លាតវៃដើម្បីជួយឱ្យការបង្រៀនមានប្រសិទ្ធភាព ងាយស្រួល និងទាក់ទាញជាងមុន។

ទីប្រឹក្សាជាតិជាន់ខ្ពស់​ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី បន្ថែមទៀតថា តាមរយៈការអនុវត្តគម្រោង AI Ready ASEAN ពលរដ្ឋកម្ពុជាប្រមាណជាង ១សែន៦ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញ AI។ បច្ចុប្បន្ន គ្រូបង្គោលចំនួន ១១៨ នាក់ត្រូវបានបណ្ដុះបណ្ដាល ហើយយុវជនជាង ៨ម៉ឺន៨ពាន់នាក់ បានទទួលការបណ្ដុះបណ្ដាលរួចរាល់តាមរយៈកម្មវិធី Hour of Code។ អ្នកអប់រំប្រមាណ ១ម៉ឺន៧ពាន់នាក់ បានទទួលការបណ្ដុះបណ្ដាលរួចរាល់ និងឈានទៅដល់ជាង ៣ម៉ឹននាក់ តាមរយៈការបណ្ដុះបណ្ដាលផ្ទាល់ពីគ្រូបង្គោល។

បើតាមលោក អ៊ុល រុន សាលារៀនជាង ៤០០ កន្លែង រួមមាន​ សាលារៀនជំនាន់ថ្មី សាលារៀនគំរូ សាលាធនធាន គ្រឹះស្ថានឧត្តមសិក្សា និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូនៅគ្រប់ខេត្ត ជាគោលដៅជ្រើសរើសឱ្យដាក់បញ្ចូលការប្រើប្រាស់ AI ដើម្បីជំនួយដល់ការបង្រៀន និងរៀន។

គួរជំរាបជូនថា កម្មវិធីសាលារៀនជំនាន់ថ្មី បានជំរុញ និងតម្រង់ទិសគ្រូបង្រៀនឱ្យចេះប្រើប្រាស់ AI តាំងតែពីឆ្នាំ២០២១ ហើយនៅឆ្នាំ២០២៤ ក្រសួងអប់រំ ក៏​បានសម្រេចបង្កើតក្រុមការងារ ដើម្បីអភិវឌ្ឍ និងជំរុញការអនុវត្តកម្មវិធី AI នៅតាមសាលារៀនជំនាន់ថ្មី សាលារៀនគំរូ និងសាលាគរុកោសល្យគំរូផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា