គ្រូ និងមន្រ្តីអប់រំ ៨៦៣នាក់ ទទួលគ្រឿងឥស្សរិយយសពីក្រសួងអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូ និងមន្រ្តីអប់រំ ៨៦៣នាក់ ទទួលគ្រឿងឥស្សរិយយសពីក្រសួងអប់រំ

គ្រូ និងមន្រ្តីអប់រំ ៨៦៣នាក់ ទទួលគ្រឿងឥស្សរិយយសពីក្រសួងអប់រំ

គ្រូបង្រៀន និងមន្រ្តីអប់រំសរុប ៨៦៣នាក់ កាលពីពេលថ្មីៗនេះ បានទទួលគ្រឿងឥស្សរិយយសពីក្រសួងអប់រំ យុវជន និងកីឡា ជាការទទួលស្គាល់ចំពោះការខិតខំបំពេញភារកិច្ច និងការចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

Advertisement

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា ក្នុងចំណោមអ្នកទទួលសរុប មានអ្នកទទួលមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ៧នាក់ ថ្នាក់សេនា ៦នាក់ ថ្នាក់អស្សឫទ្ធិ ១នាក់ និងមុនីសារាភ័ណ្ឌថ្នាក់អស្សឫទ្ធិ ២៨នាក់។

សម្រាប់គ្រឿងឥស្សរិយយសការងារ មានថ្នាក់មាស ២៣៦នាក់ ថ្នាក់ប្រាក់ ២៥៩នាក់ និងថ្នាក់សំរិទ្ធ ៣២៦នាក់។ ក្រសួងបានបញ្ជាក់ថា ការផ្តល់គ្រឿងឥស្សរិយយសនេះ គឺដើម្បីទទួលស្គាល់ស្នាដៃ និងគុណបំណាច់របស់បុគ្គលិកអប់រំ ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ ការងារសង្គម និងការរក្សាសន្តិភាព។

លោក ណុប តុងឃី ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលជាអ្នកទទួលគ្រឿងឥស្សរិយយសម្នាក់ បានប្រាប់ AMS ថា ការផ្តល់មេដាយនេះ គឺជាការលើកទឹកចិត្តដល់បុគ្គលិកអប់រំ ដែលបានខិតខំប្រឹងប្រែង និងលះបង់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

“ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរំភើបក្នុងការទទួលបានមេដាយនេះ ដែលជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំ និងក្រសួងអប់រំ”

លោកក៏បានលើកឡើងថា វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏បង្ហាញការព្រួយបារម្ភចំពោះការកើនឡើងយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាសិប្បនិមិត្ត (AI) ដែលអាចធ្វើឱ្យសិស្សខ្លះពឹងផ្អែកខ្លាំង និងប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។

ជាមួយគ្នានេះ លោក ឆោម ភារី គ្រូបង្រៀននៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប ក៏បានបញ្ជាក់ថា មេដាយនេះ ជាកិត្តិយសការងារ និងជាកម្លាំងចិត្តសម្រាប់លោកក្នុងការបន្តបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយជាកម្លាំងស្នងអនាគតសម្រាប់ប្រទេសជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរដល់បុគ្គលិកអប់រំទាំងអស់ ដោយគូសបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ អត្រាសិស្សចូលរៀនបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈអត្រាបោះបង់ការសិក្សាបានថយចុះនៅគ្រប់កម្រិតសិក្សា។

ឯកឧត្តមបន្ថែមថា ក្រសួងនឹងបន្តជំរុញការអនុវត្ត «សាលារៀនគំរូ» ជាអាទិភាព ព្រមទាំងស្រាវជ្រាវ និងអភិវឌ្ឍវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីពង្រឹងសមត្ថភាពសិស្សលើតេស្តស្តង់ដាអន្តរជាតិ និងលើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

ជាមួយគ្នានេះដែរ ក្រសួងបានអំពាវនាវឲ្យគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន បន្តចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីកសាងធនធានមនុស្សមានគុណភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា