ក្មេង​ជំទង់​ចិន​អាយុ​១៣​ឆ្នាំ​ ត្រូវ​គេ​ហៅថា​ ​«​Elon ​Musk ​នា​ពេល​អនាគត​» ​ដោយ​សារ​ស្នាដៃ​ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្មេង​ជំទង់​ចិន​អាយុ​១៣​ឆ្នាំ​ ត្រូវ​គេ​ហៅថា​ ​«​Elon ​Musk ​នា​ពេល​អនាគត​» ​ដោយ​សារ​ស្នាដៃ​ AI

ក្មេង​ជំទង់​ចិន​អាយុ​១៣​ឆ្នាំ​ ត្រូវ​គេ​ហៅថា​ ​«​Elon ​Musk ​នា​ពេល​អនាគត​» ​ដោយ​សារ​ស្នាដៃ​ AI

​ក្មេង​ជំទង់​ជនជាតិ​ចិន​អាយុ​ ១៣​ឆ្នាំ​ម្នាក់​ ​មក​ពី​ទីក្រុង​ ​Hangzhou ​ភាគ​ខាង​កើត​ប្រទេស​ចិន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅលើ​បណ្តាញ​សង្គម ​បន្ទាប់ពី​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​បង្កើត​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រចាំ​ថ្ងៃ ​និង​ទទួល​បាន​ពានរង្វាន់​ពី​ការ​ប្រកួត​ ​Hackathon ​ជា​ច្រើន​ រហូត​ត្រូវ​បាន​អ្នក​សរសេរ​ប្លុក​ផ្នែក​បច្ចេកវិទ្យា​មួយចំនួន​ដាក់​រហស្សនាម​ថា​ ​«​Elon ​Musk ​នា​ពេល​អនាគត​»​។

​ក្មេង​ជំទង់​រូប​នេះ​មាន​ឈ្មោះ​ ​Yang ​X​izhe ​ជា​សិស្ស​ថ្នាក់​ទី​៨ ​នៅ​សាលា​មធ្យម​សិក្សា​ Fuchun ​ក្នុង​ស្រុក​ ​Fuyang ​នៃ​ទីក្រុង​ ​Hangzhou​។

​យោង​តាម​សារព័ត៌មាន​ចិន​ Dushi ​Express ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៥​ ​ខែ​កញ្ញា​ ​ថា​ ​Yang ​បាន​ទាក់ទាញ​អ្នកតាមដាន​ប្រមាណ​ ​៥០០​,​០០០​នាក់​ ​បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​ពី​របៀប​ដែល​គាត់​ប្រើ​ ​AI ​ដើម្បី​ជួយ​ដល់​ការ​រៀន ​និង​ទន្ទេញ​ពាក្យ​ភាសា​អង់គ្លេស​ ​ទទួល​បាន​អ្នក​ទស្សនា​ប្រមាណ​ ​២០​លាន​ដង​។

​សម្រាប់​ការ​រៀន​ភាសា​អង់គ្លេស​ ​Yang ​ប្រើ​កម្មវិធី​ ​AI Doubao ​របស់​ក្រុមហ៊ុន​ ByteDance ​ដើម្បី​បញ្ចូល​ពាក្យ​ថ្មី​ៗ​ទៅ​ក្នុង​រឿងរ៉ាវ​ ​បង្កើត​លំហាត់​សរសេរ​តាម​អាន កែ​តម្រូវ​កំហុស​ ​និង​បង្កើត​សំណួរ​ដើម្បី​សាកល្បង​ចំណេះដឹង​របស់​ខ្លួន​។​

​ក្រៅ​ពី​ការ​សិក្សា​ ​Yang ​បាន​ចូលរួម​ការ​ប្រកួត​ ​Hackathon ​ចំនួន​៣ ​ក្នុង​ឆ្នាំ​នេះ​ ​និង​បាន​ទទួល​ពានរង្វាន់​ពី​ការ​ប្រកួត​មួយចំនួន​។ ​ក្នុង​ចំណោម​នោះ​ ​ក្រុម​របស់​គាត់​បាន​ឈ្នះ​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​កម្មវិធី​ ​Moonshot 48 ​ដោយ​ប្រើ​ប្រព័ន្ធ​ ​AI Vision ​ដើម្បី​ជួយ​អ្នក​មាន​បញ្ហា​ភ្នែក​ក្នុង​ការ​តុបតែង​មុខ​។

​Yang ​បាន​ចាប់ផ្តើម​ប្រើប្រាស់​ ​AI ​នៅ​ឆ្នាំ​២០២៣ ​បន្ទាប់ពី​ឪពុក​របស់​គាត់​ណែនាំឱ្យ​សាកសួរ​ ​Chatbot ​អំពី​បញ្ហា​សរសេរ​កូដ​មួយ​ដែល​សមាជិក​គ្រួសារ​មិន​អាច​ដោះស្រាយ​បាន​។

​ចាប់​តាំងពី​ពេល​នោះ​មក​ ​គាត់​បាន​បង្កើន​ការ​ប្រើប្រាស់​ AI ​ក្នុង​ការ​សរសេរ​កូដ ​ហើយ​បច្ចុប្បន្ន​ប្រើ​វិធីសាស្ត្រ​ដែល​គេ​ហៅ​ថា​ ​«​vibe coding​» ​ដោយ​ពិពណ៌នា​អំពី​អ្វី​ដែល​គេ​ចង់​បង្កើត​ជា​ភាសា​សាមញ្ញ ​ហើយ​ឱ្យ​ ​A​I ​ជួយ​បង្កើត​កូដ​។

​ទោះបី​អ្នក​សរសេរ​ប្លុក​ផ្នែក​បច្ចេកវិទ្យា​មួយចំនួន​នៅ​ចិន​បាន​ដាក់​រហស្ស​នាម​ឱ្យ​ ​Yang ​ថា​ ​«​Elon ​Musk ​នា​ពេល​អនាគត​» ​ក៏​ដោយ​ ​ក៏​ ​Yang ​និង​ឪពុក​ម្តាយ​របស់​គាត់​មិន​សូវ​យល់ស្រប​នឹង​ការ​ប្រៀបធៀប​នេះ​ឡើយ​។

​បច្ចុប្បន្ន​ ​Yang ​ចំណាយ​ពេល​ប្រមាណ ​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​លើ​ការ​សរសេរ​កូដ ​និង​បច្ចេកវិទ្យា​ ​AI​។​

​សម្រាប់​អនាគត​ ​Yang ​សង្ឃឹម​ថា​នឹង​ក្លាយជា​អ្នក​សរសេរ​កូដ ​ឬ​អ្នក​ស្រាវជ្រាវ​ផ្នែក​ ​AI​។ ​គាត់​បាន​ប្រាប់​ Dushi​Express ​ថា ​ប្រសិនបើ​មាន​ឱកាស​ គាត់​ចង់​ប្រើ​សមត្ថភាព​របស់​ខ្លួន ​ដើម្បី​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​មួយចំនួន​ដល់​ពិភពលោក​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា