វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

បរទេស៖ វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប។ នេះបើយោងតាមការរាយការណ៍របស់ Vietnam Plus ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

យោងតាម IEA កំណើនការលក់ EV របស់វៀតណាមខ្ពស់ជាងមធ្យមភាគកំណើនសកលលោក ដែលមានប្រមាណ ២៥ ភាគរយ ហើយបានក្លាយជាកត្តាសំខាន់មួយក្នុងការជំរុញកំណើនទីផ្សារ EV ទូទាំងអាស៊ីអាគ្នេយ៍។

ការលក់រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍បានកើនឡើងជាងទ្វេដងក្នុងឆ្នាំ ២០២៥ ដល់ជាង ៥០០,០០០ គ្រឿង ដោយវៀតណាម ឥណ្ឌូណេស៊ី និងថៃ ជាទីផ្សារសំខាន់ដែលជំរុញកំណើនក្នុងតំបន់។

កំណើនទីផ្សារ EV របស់វៀតណាមត្រូវបានគាំទ្រដោយគោលនយោបាយរដ្ឋាភិបាល ដែលមានគោលដៅលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី។ ចាប់តាំងពីឆ្នាំ ២០២២ វៀតណាមបានផ្តល់ការលើកលែងថ្លៃចុះបញ្ជី និងពន្ធផ្លូវសម្រាប់យានយន្តអគ្គិសនី។

ជាមួយគ្នានេះ វៀតណាមកំពុងបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មទៅក្នុងយុទ្ធសាស្ត្រដឹកជញ្ជូនបៃតងរបស់ខ្លួន ដើម្បីគាំទ្រដល់ការពង្រីកការប្រើប្រាស់ EV។

ក្រោមកម្មវិធីថាមពលបៃតង និងគោលដៅសម្រេចការបំភាយឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យត្រឹមឆ្នាំ ២០៥០ វៀតណាមមានផែនការលើកកម្ពស់ការផលិត ការដំឡើង និងការនាំចូលយានយន្តអគ្គិសនី ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម។

អាជ្ញាធរវៀតណាមក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធឱ្យពិនិត្យឡើងវិញនូវបទប្បញ្ញត្តិសម្រាប់ស្ថានីយសាកថ្មនៅតាមស្ថានីយប្រេងឥន្ធនៈ និងរៀបចំស្តង់ដារសម្រាប់ទីតាំងសាកថ្មនៅតាមអគារអាផាតមិន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងឈប់សម្រាកតាមដងផ្លូវ។

IEA រំពឹងថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅវៀតណាមនឹងបន្តកើនឡើង ដោយព្យាករណ៍ថា EV អាចក្តោបបានជាង ៨០ ភាគរយនៃការលក់រថយន្តថ្មីនៅប្រទេសនេះត្រឹមឆ្នាំ ២០៣៥ ដែលអាចជាកម្រិតខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅទូទាំងពិភពលោក ការលក់រថយន្តអគ្គិសនីបានកើនឡើង ២០ ភាគរយក្នុងឆ្នាំ ២០២៥ ដល់ជាង ២០ លានគ្រឿង បើធៀបនឹងឆ្នាំ ២០២៤។

ចិននៅតែជាទីផ្សារ EV ធំបំផុតលើពិភពលោក ដោយការលក់ក្នុងឆ្នាំ ២០២៥ មានជាង ១៣ លានគ្រឿង និងមានចំណែកជិត ៥៥ ភាគរយនៃទីផ្សាររថយន្តអគ្គិសនីសកលលោក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា