វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

​បរទេស​៖​ វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​ ​ហើយ​ភាគី​ទាំង​ពីរ​ជំរុញ​ការ​វិនិយោគ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​មាន​សក្ដានុពល​។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម​ VOV ​World​។

​ក្នុង​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​ម៉ូស្គូ ​នា​ថ្ងៃ​ពុធ​កន្លងទៅ​ ​អគ្គ​លេខាធិការ​បក្ស ​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម ​លោក​ To ​Lam ​និង​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​បាន​ព្រមព្រៀង​គ្នា​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​បង្កើន​ការ​តភ្ជាប់​ ​ពង្រីក​ការ​វិនិយោគ ​និង​អភិវឌ្ឍ​ខ្សែ​សង្វាក់​ផលិតកម្ម ​និង​ផ្គត់ផ្គង់​ថ្មី​ៗ​។

​វិស័យ​ដែល​មាន​សក្ដានុពល​រួម​មាន​ ​កសិកម្ម​ទ្រង់ទ្រាយ​ធំ​ ​និង​ការ​ផលិត​អាហារ​ ការ​ចិញ្ចឹម​សត្វ​ ​គ្រឿង​សមុទ្រ​ ​សេដ្ឋកិច្ច​នាវាចរណ៍​ ការ​ផលិត​ទំនិញ​ប្រើប្រាស់​ ការ​កែច្នៃ​ឈើ​ ការ​សាងសង់​នាវា​ អប់រំ ​និង​សេវាកម្ម​ផ្សេង​ៗ​។

​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​អះអាង​ជា​ថ្មី​ថា​ ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល ​និង​ប្រេង​នៅតែ​ជា​សសរស្ដម្ភ​ដ៏​សំខាន់​នៃ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​វៀតណាម ​និង​រុស្ស៊ី​។ ភាគី​ទាំង​ពីរ​ក៏​មាន​បំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទៅកាន់​វិស័យ​ថាមពល​ថ្មី​ៗ ​រួម​មាន​ ​ថាមពល​បរមាណូ ​ថាមពល​ខ្យល់ ​និង​ការ​ផលិត​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​។

​មេ​ដឹកនាំ​ទាំង​ពីរ​បាន​ចាត់ទុក​ការ​ប្រើប្រាស់​ថាមពល​បរមាណូ​ក្នុង​ផ្លូវ​សន្តិវិធី​ថា​ ​ជា​វិស័យ​យុទ្ធសាស្ត្រ​មួយ​ដែល​អាច​បើក​ទំព័រ​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​។

ទន្ទឹម​នឹង​នេះ​ ​លោក​ Putin ​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​សន្តិភាព​អន្តរជាតិ​ Lev ​Tolstoy ​ឆ្នាំ​ ​២០២៦ ​ជូន​លោក​ To ​L​am​។ ​លោក​ Putin ​បាន​អះអាង​ពី​ការ​ត្រៀមខ្លួន​របស់​រុស្ស៊ី​ក្នុង​ការ​ចែក​រំលែក​ជំនាញ ​និង​បច្ចេកវិទ្យា​ ​គាំទ្រ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​និង​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​ស្រប​តាម​តម្រូវការ​របស់​វៀតណាម​។

​ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ ​និង​បច្ចេកវិទ្យា​យោធា​ ​ព្រមទាំង​ពង្រីក​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​គុណភាព​ខ្ពស់​។

​លើស​ពី​នេះ​ វៀតណាម ​និង​រុស្ស៊ី​នឹង​បន្ត​លើកកម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌​ ​សិល្បៈ​ ​កីឡា​ ​និង​ទេសចរណ៍​ ​ហើយ​ប្តេជ្ញា​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ការ​សិក្សា​ ការងារ ​និង​ឱកាស​កម្សាន្ត​សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។

​ក្នុង​ឱកាស​នោះ​ ​លោក​ To ​Lam ​បាន​អញ្ជើញ​លោក​ Putin ​ឱ្យ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀតណាម ​និង​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ច​ ​APEC ​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៧​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា