អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

បរទេស៖ សហរដ្ឋអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មដែលនៅសេសសល់ទាំងអស់ ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

កាលពីថ្ងៃអង្គារ៍ដើមសប្ដាហ៍កន្លងទៅនេះ ក្រសួងរតនាគារអាម៉េរិក បានលើកឡើងថា វិធានការថ្មីនេះបានកំណត់គោលដៅចំនួន ៣៦ ដែលគាំទ្រដល់វិស័យអាកាសចរណ៍អុីរ៉ង់សម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនអាវុធ បុគ្គល និងទំនិញខុសច្បាប់។ ក្នុងចំណោមគោលដៅទាំងនោះរួមមាន ក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ចំនួន ២៧ និងក្រុមហ៊ុននានាដែលមានមូលដ្ឋាននៅតាមបណ្តាប្រទេស អារ៉ាប់រួម តួកគី ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន។ បន្ថែមពីលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ វិធានការថ្មីៗនេះក៏កំណត់គោលដៅទៅលើក្រុមហ៊ុនមកពីប្រទេសទី ៣ ផងដែរ ដែលជួយសម្រួលដល់ការហោះហើរពាក់ព័ន្ធភេរវកម្ម និងការលួចទិញយន្តហោះដែលមានដើមកំណើតពីអាម៉េរិកដោយខុសច្បាប់ ជាពិសេស ការជួយដល់ក្រុមហ៊ុនអុីរ៉ង់ Mahan Air ដែលរងទណ្ឌកម្មស្រាប់។

ក្រុមហ៊ុន Mahan Air ត្រូវបានចោទប្រកាន់ថា បានជួយសម្រួលដល់សកម្មភាពរបស់កងទ័ពអុីរ៉ង់។ ​អាមេរិក ចង់ផ្តាច់រាល់ខ្សែរយៈ ឬ  ច្រករបៀងសេដ្ឋកិច្ចអន្តរជាតិទាំងឡាយណាដែលជួយឱ្យក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ ជាពិសេស Mahan Air ដែលនៅតែអាចដំណើរការអាជីវកម្ម និងគេចវេសពីទណ្ឌកម្មសកលបាន។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានព្រមានថា រាល់ក្រុមហ៊ុន ឬ បុគ្គលដែលធ្វើជំនួញជាមួយក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ គឺនឹងត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល។

យ៉ាងណាមិញ ក្រសួងរតនាគារអាម៉េរិកមិនបញ្ជាក់ច្បាស់នោះទេថា តើបណ្តាក្រុមហ៊ុននៅក្នុងប្រទេសចិន អាចនឹងប្រឈមមុខនឹងទណ្ឌកម្មបន្ទាប់បន្សំចំពោះការគាំទ្រវិស័យអាកាសចរណ៍អុីរ៉ង់ដែរ ឬយ៉ាងណា ប៉ុន្តែនៅមានវិធានការជាច្រើនផ្សេងទៀតដែលទីក្រុងវ៉ាស៊ីនតោនអាចអនុវត្តលើអ្នកផ្តល់សេវាកម្មទាំងនោះ។ សូមជម្រាបថា វិស័យអាកាសចរណ៍របស់អុីរ៉ង់បានជួបការលំបាកយ៉ាងធ្ងន់ធ្ងរជាយូរមកហើយក្រោមទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិក ដែលរឹតបន្តឹងនូវសមត្ថភាពរបស់ខ្លួនក្នុងការស្វែងរកទិញយន្តហោះ គ្រឿងបន្លាស់ និងសេវាថែទាំផ្សេងៗ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា