មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានផ្តើមជំនួបពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ និងបន្តរហូតដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ដើម្បីរៀបចំបង្កើតកិច្ចព្រមព្រៀងដែលអាចកើតមានលើវិស័យពាណិជ្ជកម្ម បញ្ញាសិប្បនិម្មិត (AI) និងបញ្ហាផ្សេងៗទៀតមុនពេលកិច្ចជំនួបកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

តាមរយៈកិច្ចពិភាក្សានេះ គឺជាជំហានស្ទាបស្ទង់សម្រាប់មេដឹកនាំកំពូលទាំង២ ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅសេតវិមានថ្ងៃព្រហស្បតិ៍ខាងមុខនេះ ខណៈភាគីទាំងពីរកំពុងស្វែងរកវិធីកាត់បន្ថយភាពតានតឹងលើផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងកង្វល់យុទ្ធសាស្ត្រផ្សេងៗទៀត ដូចជា លទ្ធភាពនៃការបន្តកិច្ចព្រមព្រៀង ផ្អាកជម្លោះពាណិជ្ជកម្ម ដែលនឹងផុតកំណត់នៅខែវិច្ឆិកាខាងមុខនេះ រួមជាមួយការកំណត់ក្របខ័ណ្ឌសុវត្ថិភាពសម្រាប់កិច្ចអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានរំពឹងថា តាមរយៈកិច្ចជំនួបដ៏អស្ចារ្យមួយនេះនឹងមានកិច្ចពិភាក្សាប្រកបដោយការយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ និងចេញជាផ្លែផ្កាសម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ។ ទន្ទឹមនឹងនេះ មន្ត្រីអាម៉េរិក ក៏ខិតខំធានាឱ្យបាននូវរំហូររ៉ែកម្រសំខាន់ៗ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ក្រុមហ៊ុនអាម៉េរិក។ ទោះជាយ៉ាងណា គេរំពឹងថា កិច្ចចរចានឹងផ្តោតលើ AI, ពាណិជ្ជកម្ម, រ៉ែកម្រ និងប្រធានបទផ្សេងទៀត ដោយផ្អែកលើកិច្ចចរចាទ្វេភាគីពីជុំមុនៗ ហើយកិច្ចប្រជុំថ្នាក់បច្ចេកទេសនឹងបន្តរហូតដល់ថ្ងៃចន្ទសប្ដាហ៍នេះ។

សូមរំលឹកថា កិច្ចចរចាកាលពីពេលកន្លងមកនេះបានបង្ហាញថា ចិន សន្យាទិញផលិតផលកសិកម្មរបស់អាម៉េរិក ហើយការអនុវត្តតាមលក្ខខណ្ឌទាំងនោះក៏អាចជាប្រធានបទមួយដែលត្រូវយកមកពិភាក្សាផងដែរ។ ដោយឡែក ពាក់ព័ន្ធនឹងវិស័យ AI អាម៉េរិក អះអាងពីភាពបើកជំហររបស់ខ្លួនចំពោះកិច្ចពិភាក្សាស្តីពីការជៀសវាងហានិភ័យរួមគ្នា។ ​បញ្ហាមួយទៀត គឺការដាក់សម្ពាធសេដ្ឋកិច្ចរបស់អាមេរិកលើអ៊ីរ៉ង់​ ដោយសារចិនគឺជាដៃគូសេដ្ឋកិច្ចកំពូល និងអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់។ យ៉ាងណាមិញ ក្រុមអ្នកវិភាគមើលឃើញថា កិច្ចប្រជុំរវាងប្រធានាធិបតីអាម៉េរិក និងមេដឹកនាំចិន នៅមិនទាន់អាចឈានដល់ការដោះស្រាយបញ្ហាធំៗ ឬស៊ីជម្រៅទាំងអស់នោះឡើយ។

អតីតអនុរដ្ឋលេខាធិការក្រសួងការបរទេសអាម៉េរិក លោក Kurt Campbell បានលើកឡើងថា លទ្ធផលជាក់ស្តែងបំផុតដែលគេអាចរំពឹងទុកបាន គឺការបន្តកិច្ចព្រមព្រៀងផ្អាកជម្លោះពាណិជ្ជកម្មដែលអាចបន្តរហូតដល់ចុងឆ្នាំនេះ។ លើសពីនេះ គេរំពឹងថា លោក Trump និងលោក Xi អាចនឹងជួបគ្នាម្ដងទៀតនៅខែវិច្ឆិកា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន ប្រទេសចិន ហើយ លោក Trump អាចនឹងអញ្ជើញលោក Xi ឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាខែធ្នូនេះផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា