កសិករ​ពីរគ្រួសារ​​លើ​ខ្នង​ភ្នំគូលែន រំពឹងរក​ចំណូលបាន​​រាប់​ម៉ឺនដុល្លារពីដំណាំវ៉ានីឡា ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ​ពីរគ្រួសារ​​លើ​ខ្នង​ភ្នំគូលែន រំពឹងរក​ចំណូលបាន​​រាប់​ម៉ឺនដុល្លារពីដំណាំវ៉ានីឡា ​

កសិករ​ពីរគ្រួសារ​​លើ​ខ្នង​ភ្នំគូលែន រំពឹងរក​ចំណូលបាន​​រាប់​ម៉ឺនដុល្លារពីដំណាំវ៉ានីឡា ​

ភ្នំពេញ៖ កសិករ​ចំនួនពីរ​គ្រួសារ​នៅលើខ្នង​ភ្នំគូលែន​ ស្រុកស្វាយលើ​ ខេត្តសៀមរាប បាន​អនុវត្ត​​​ដាំដើមវ៉ានីឡា​សាកល្បង ហើយ​រំពឹងអាច​ចំណូល​បាន​រហូតដល់​ប្រមាណជា​មធ្យម​ ៥ ម៉ឺនដុល្លារអាម៉េរិក​ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ ២០២៨​ ឬ ២០២៩​។​

Advertisement

លោក​កែវ សុភ័ក្ត្រ មន្ត្រីបច្ចេកទសនៃអង្គការ​អាគ្រីស៊ុត ប្រចាំនៅ​ស្រុកស្វាយលើ ខេត្ត​សៀមរាប បានថ្លែ​ងប្រាប់​បណ្ដាញព័ត៌មាន​ AMS កាលពីថ្ងៃទី​០៤ ខែឧសភា ២០២៦ នេះ ឱ្យដឹងថា តាមរយៈអង្គការ​អាគ្រីស៊ុត កសិករ​ចំនួន​ពីរគ្រួសារនៅលើភ្នំគូលែន ដោយមួយគ្រួសារ​នៅភូមិសង្កែឡាក់ និង​មួយគ្រួសារទៀត​នៅភូមិ​អន្លង់ធំ ឃុំ​ខ្នង​ភ្នំ​ ស្រុកស្វាយលើខេត្ត​សៀមរាប បានអនុវត្តន៍ដាំដើម​វ៉ានីឡា​ ដែលជាដំណាំកម្រ​នៅលើពិភពលោក​ ជាមួយនឹង​ការធ្វើកសិកម្ម​តាមបែបកសិរុក្ខកម្ម ឬកសិកម្ម​ដែលពឹង​ផ្អែកលើ​រុក្ខជាតិដទៃទៀត។

លោកបានបន្តថា កសិករទាំងពីរគ្រួសារនេះ បានចាប់ផ្ដើម​អនុវត្ត​ន៍សាកល្បងដាំដំបូង​ នៅឆ្នាំ ២០២២ ដោយ​ក្នុងមួយគ្រួសារ​ដាំត្រឹមតែ ៦ ជន្លង់​ប៉ុណ្ណោះ។​​ រហូតមកដល់បច្ចុប្បន្ន មានគ្រួសារ​មួយនៅក្នុងភូមិ​សង្កែឡាក់ បានពង្រីក​កូនដាំថ្មីសរុបបាន​ ៣១១ ​ជន្លង់ ហើយគ្រួសារមួយ​ទៀត​ បានពង្រីកដាំ​ថ្មីបានសរុប​ចំនួន ៥៦ ​ជន្លង់។ កសិករ​ដែល​ពង្រីកការ​ដាំដុះ​បានរហូតដល់ ៣១១ ជន្លង់​ គឺព្រោះតែគាត់មិនបានយកផលដែលទទួល​បានទៅលក់ដូរ​ គឺគាត់ទុកពូជដាំថ្មីៗ​បន្ថែម ចំណែកកសិករដែល​ពង្រីកបាន​ ៥៦ ជន្លង់​ គាត់​បានប្រមូល​ផល​លក់​បណ្ដើរៗ ជាមួយនឹង​តម្លៃ​ចន្លោះពី ៤០០ ដុល្លារ​ដល់ ១០០០ ដុល្លារអាម៉េរិក។

បើតាមលោក ​សុភ័ក្ត្រ​ បាន​រំពឹងថា​ ក្នុងចំណោម​ដើមវ៉ានីឡា​របស់កសិករទាំងពីរ​គ្រួសារ​ប្រមាណ​ ៣៦៧ ជន្លង់​នេះ គិតត្រឹម​ឆ្នាំ ២០២៨ ឬ ២០២៩ នឹងអាចផ្ដល់​ទិន្នផល​ប្រមាណ ៦០ គីឡូក្រាម ( ក្រោយសម្ងួត ) ហើយបើសិនជា​យកទៅលក់​ក្នុងតម្លៃចន្លោះពី ​៤០០ ដល់​ ១០០០ ដុល្លារ កសិករទាំងពីរគ្រួសារ​អាច​រក​ចំណូល​បាន ចន្លោះពី ​២ ម៉ឺន ៤ ពាន់ដុល្លារ​ដល់ ៦ ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ លោកថា​៖

“តម្លៃវ៉ានីឡា​ អាចលក់​បានថ្លៃ​អាស្រ័យទៅលើ​គុណភាព និងការ​សម្ងួត។ បើសិនជាផ្លែវ៉ានីឡា​ធំៗ​ល្អ ហើយសម្ងួត​បានត្រឹមត្រូវ​វា​ក៏លក់​បានថ្លៃទៅតាមហ្នឹងដែរទៅ តែតម្លៃយ៉ាង​តិច​នាពេលបច្ចុប្បន្ន​នេះគឺ ៤០០ ដុល្លារ​ក្នុងមួយគីឡូក្រាម។”

លោក​បញ្ជាក់ថា បច្ចុប្បន្ន​នេះ ដើមវ៉ានីឡា​មានដាំ​ដុះនៅ​កន្លែង​ផ្សេងៗជាច្រើនទៀត ដោយ​មានក្រុមហ៊ុនេះវិនិយោគធំៗ បាន​បោះទុនដាំដុះ ជាពិសេស​នៅតំបន់ដែលត្រជាក់​ ក៏ប៉ុន្តែមិនទាន់ដឹងថា​ទទួលបានទិន្នផល​យ៉ាងណា​ទេ។ ដំណាំនេះ ជា​ប្រភេទដំណាំកម្រ និងទាមទារ​ឱ្យអ្នកដាំដុះត្រូវឧស្សាហ៍ព្យាយាម​ខ្ពស់ តាំង​ពីចាប់​ផ្ដើម​​ដាំ រហូតដល់​ប្រមូលផល និង​រៀបចំទុកដាក់។ លោកថា​​

“វ៉ានីឡា​ជាប្រភេទរុក្ខជាតិ​ ដែលមានលក្ខណៈខុសពីរុក្ខជាតិដទៃទៀត។ វាត្រូវការឱ្យ​មនុស្ស​ជួយ​វាក្នុងការ​បង្កាត់ពូជ ដោយត្រូវ​យក​កេសរឈ្មោលទៅបង្កាត់​ជាមួយកេសរញី ដោយដៃមនុស្ស​ផ្ទាល់ មិនដូច​រុក្ខជាតិ​ដទៃទៀត ត្រូវបង្កាត់ដោយសត្វល្អិត ឬខ្យល់​នោះឡើយ។”​

លោកបញ្ជាក់​បន្ថែមថា នៅពេលដែលបានផល​ហើយ​ កសិករ​ត្រូវ​ចេះពីរបៀប​សម្ងួត​ផ្លែឱ្យមានគុណភាពល្អទើបអាច​លក់​បានថ្លៃ ដោយ​ក្នុងមួយថ្ងៃ កសិករ​ត្រូវ​ហាល​ថ្ងៃតែ ២ ម៉ោង​ប៉ុណ្ណោះ និង​ត្រូវ​កំណត់​ពេលវេលាជាក់​លាក់ មិនក្ដៅពេក​និងមិនត្រជាក់ពេក ហើយត្រូវហាល​រយៈពេល​ ១ ខែ។ បន្ទាប់ពី​ហាលបានល្អ​ហើយ ត្រូវយកទៅដាក់​នៅកេស​បិទជិត​ក្រោមសីតុណ្ហភាពសមរម្យទើប​រក្សា​ក្លិន​របស់វា​បានល្អ។

លោក ​សំបូរ វណ្ណា កសិករ​ដាំវ៉ានីឡា​នៅភូមិ​សង្កែឡាក់ ឃុំ​ខ្នង​ភ្នំ ស្រុកស្វាយ​លើ ខេត្តសៀមរាប បានមានប្រសាសន៍ថា សម្រាប់រូបលោក​ដំណាំ​វ៉ានីឡា​ស្រួល​ដាំជាង​ដំណាំម្រេច។ វា​ជាប្រភេទវល្លិ៍​ដូចម្រេច និងស្រកានាគ ដែលតោង​រុក្ខជាតិដទៃទៀតដើម្បីរស់ ឬក៏ត្រូវការ​ដាក់ជន្លង់​ដូចម្រេច​ឬស្រកានាគ​ដែរ។ ដំណាំ​នេះ ទាមទារឱ្យអ្នកដាំត្រូវ​ឧស្សាហ៍ព្យាយាម ប៉ុន្តែវាមិនត្រូវការ​ជីច្រើនដូចម្រេចទេ ដោយគ្រាន់តែប្រមូលស្លឹកឈើ​ងាប់ៗ មកដាក់​នៅក្រោមបាតនៅពេល​ដាំដំបូង និង​ដាក់​នៅគុម្ពរបស់​វា​ ដើម្បីឱ្យស្លឹកឈើនោះរលួយ ក្លាយជា​ជីដោយខ្លួនវាជាមួយនឹង​ការ​ដាក់ជីកំប៉ុសបន្តិច​បន្តួច​បន្ថែម​។

លោក​បានបន្តថា​​​ លោកបានចាប់ផ្ដើម​ដាំវ៉ានីឡា​ដំបូង​នៅឆ្នាំ ២០២២ ​ក្រោមជំនួយ​ពូជ និង​បច្ចេកទេសដាំពីអង្គការ​អាគ្រីស៊ុត ដោយ​ដំបូង​ឡើយលោក​ដាំ​ ៦ ជន្លង់ ហើយក្រោយមក​ក៏បានបំបែកដាំជា​បន្តបន្ទាប់ ដែលរហូត​មកដល់​ឆ្នាំ ២០២៦ នេះ លោកដាំបានសរុប​ ៣១១ ជន្លង់ ដោយមិនទាន់​បានប្រមូលផលនៅឡើយ។ លោក​រំពឹងថា​នៅឆ្នាំ ២០២៨ ឬ២០២៩​ លោកអាច​ប្រមូលផលពីដំណាំវ៉ានីឡា​ទាំង​ជាង​៣០០ ជន្លង់នេះហើយ។ លោកថា​៖

“នៅពេលខាង​មុខ បើសិនជា​តម្រូវការ​ទីផ្សារ​នៅតែមានជាមួយនឹង​តម្លៃក៏ខ្ពស់ ខ្ញុំ​នឹង​បំផុសឱ្យកសិករក្នុង​សហគមន៍​ដាំដុះបន្ថែម​ដើម្បីរក​ចំណូលផ្គត់ផ្គង់គ្រួសារ​បង្កើន​សេដ្ឋកិច្ចគ្រួសារក្នុងសហគមន៍​យើងទាំងអស់គ្នា៕”

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា