លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

បរទេស​៖ ​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​រ៉យទ័រ​។

​លោក​ ​ត្រាំ ​បាន​ថ្លែង​ដូច្នេះ​ក្នុងពេល​ជួបជុំ​អ្នក​គាំទ្រ​នៅ​រដ្ឋ​អាឡាស្កា​ ​កាលពី​ថ្ងៃ​អង្គារ​។ ​ទោះជា​យ៉ាងណា ​លក្ខខណ្ឌ​លម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​សាធារណៈ​នៅឡើយ​ទេ​ ​ខណៈ​ក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់ ​ដែល​ទទួលខុសត្រូវ​លើ​គោលនយោបាយ​ថាមពល ​មិន​ទាន់​ផ្តល់​ការ​អត្ថាធិប្បាយ​ភ្លាម​ៗ​ជុំវិញ​ការ​ប្រកាស​នេះ​ទេ​។

​ការ​ប្រកាស​នេះ​កើតឡើង​ចំពេល​តៃវ៉ាន់​កំពុង​ព្យាយាម​ធានា​ស្ថិរ​ភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល ​និង​បង្កើន​ការ​ទិញ​ឧស្ម័ន​ពី​អាម៉េរិក​។​ ​កាលពី​ខែ​កុម្ភៈ ​មន្ត្រី​តៃវ៉ាន់​បាន​លើកឡើង​ថា​ ​កោះ​នេះ​គ្រោង​បង្កើន​ការ​ទិញ LN​G ​ពី​អា​ម៉េរិក​ឱ្យ​ស្មើ​ប្រមាណ​មួយ​ភាគ​បី​នៃ​បរិមាណ​នាំចូល​សរុប​ក្នុង​ឆ្នាំ​នេះ​ ​ដោយ​កាត់បន្ថយ​ការ​ទិញ​ពី​ប្រទេស​ផ្សេង​ៗ​។

​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ ​លោក​ ​Cho ​Jung​-​tai ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​រដ្ឋាភិបាល​មាន​ភារកិច្ច​រក្សា​ស្ថិរ​ភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​ទាំងមូល ​និង​ពង្រឹង​ភាព​ធន់​នៃ​ប្រព័ន្ធ​ថាមពល​។

តៃវ៉ាន់​ពឹងផ្អែក​លើ​ការ​នាំចូល​ថាមពល​ជាង​ ៩០ ​ភាគរយ​នៃ​តម្រូវការ​សរុប​របស់​ខ្លួន​។​ ​កោះ​នេះ​ក៏​កំពុង​ប្រឈម​នឹង​តម្រូវការ​អគ្គិសនី​កើនឡើង​ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​និង​តួនាទី​របស់​ខ្លួន​ក្នុង​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីប​តាមរយៈ​ក្រុមហ៊ុន​ TSM​C​។ ​ការ​ព្យាករណ៍​បង្ហាញ​ថា​ ​កំណើន​តម្រូវការ​អគ្គិសនី​ជា​មធ្យម​របស់​តៃវ៉ាន់​អាច​ខ្ពស់​ជាង​ជប៉ុន​ ​និង​កូរ៉េ​ខាង​ត្បូង​ត្រឹម​ឆ្នាំ​ ​២០៣៥​។

​កាលពី​ឆ្នាំ​ ​២០២៥​ ​ក្រុមហ៊ុន​ថាមពល​រដ្ឋ​តៃវ៉ាន់ ​CPC ​Corp ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Alaska ​Gasline Development ​Corp ​ដើម្បី​ទិញ​ LN​G ​និង​វិនិយោគ​លើ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​។ យោង​តាម​អភិបាល​រដ្ឋ​អាឡាស្កា​ ​តៃវ៉ាន់​ក៏​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​បំណង​ទិញ​ LN​G ចំនួន​ ៦ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ពី​គម្រោង​នេះ​ផងដែរ​។ ​ក្នុង​អំឡុងពេល​នោះ​ ​លោក​ Pan ​Men​-​an ​អគ្គ​លេខាធិការ​ខុទ្ទកាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីតាំង​គម្រោង​ដោយ​ផ្ទាល់​។

​ប្រសិនបើ​សាងសង់​រួចរាល់​ គម្រោង​ Alaska LN​G ​នឹង​មាន​សមត្ថភាព​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​រហូតដល់​ ​២០ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​ ​បច្ចុប្បន្ន​ ​គម្រោង​នេះ​ប្រមូល​បាន​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ចំនួន​ ១៣ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ​ពី​អ្នក​ទិញ​នៅ​អាស៊ី ​និង​ក្រុមហ៊ុន​ថាមពល​បារាំង​ ​Total​Energies​។​ ​គម្រោង​នេះ​នៅតែ​ត្រូវការ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​បន្ថែម​ចំនួន​ ៣ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ​ព្រមទាំង​ត្រូវ​បម្លែង​កិច្ចព្រមព្រៀង​នានា​ទៅ​ជា​កិច្ចសន្យា​ដែល​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ​ដើម្បី​អាច​ទាក់ទាញ​ទុន​សម្រាប់​ការ​សាងសង់​។

​គម្រោង​នេះ​មាន​គោលដៅ​ដឹកជញ្ជូន LN​G ​ពី​អាម៉េរិក​ទៅកាន់​ទីផ្សារ​អាស៊ី ​រួមទាំង​តៃ​វ៉ាន់ ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ព្រែក​ជីក​ប៉ាណាម៉ា ​ឬ​ធ្វើដំណើរ​ជុំវិញ​ទ្វីប​អាហ្វ្រិក​ ​ដែល​អាច​ជួយ​កាត់បន្ថយ​រយៈពេល​ ​និង​ចំណាយ​ដឹកជញ្ជូន​។

​កាលពី​ខែ​មុន ​លោក​ ​ត្រាំ ​ក៏​បាន​ប្រកាស​ថា​ ​កូរ៉េ​ខាង​ត្បូង​យល់ព្រម​វិនិយោគ​ ៥៤ ពាន់​លាន​ដុល្លារ​លើ​គម្រោង​ Alaska ​LN​G ​ផងដែរ​។ ​ប៉ុន្តែ​ទីក្រុង​សេអ៊ូល​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​នេះ​មិន​ទាន់​ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​។

តៃវ៉ាន់​បាន​ប្តេជ្ញា​បង្កើន​ការ​ទិញ​ទំនិញ​ពី​អាម៉េរិក​ ​រួមទាំង​ផលិតផល​ថាមពល​ ​ក្នុង​គោលបំណង​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា