លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ RT បានឱ្យដឹងទៀតថា គំនិតផ្តួចផ្តើមចែកប្រាក់ដ៏ធំនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយថវិកជាតិសរុបយ៉ាងសន្ធឹកសន្ធាប់ អាចលើសពី ១ ទ្រីលានដុល្លារ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងមហាសន្និបាតពាក់កណ្តាលអាណត្តិរបស់គណបក្សសាធារណៈនៅក្នុងទីក្រុងដាឡាស កាលពីថ្ងៃពុធ លោក Trump បានជំរុញឱ្យអ្នកបោះឆ្នោតទាំងអស់ចាត់ទុកការបោះឆ្នោតជ្រើសរើសសភាខាងមុខនេះ ប្រៀបដូចជាមានរូបលោកផ្ទាល់នៅក្នុងបញ្ជីឈ្មោះបេក្ខជនដូច្នោះដែរ។ លោកបានអះអាងដោយជឿជាក់ថា សេដ្ឋកិច្ចអាមេរិក និងប្រាក់ចំណូលបានមកពីគោលនយោបាយដំឡើងពន្ធគយលើទំនិញនាំចូលរបស់លោក នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធ មានលទ្ធភាពផ្ញើប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដៃទៅកាន់ប្រជាពលរដ្ឋ។

លោក Trump បានប្រាប់ទៅកាន់ជួយអ្នកគាំទ្រដែលកំពុងទះដៃអបអរសាទរបែបនេះថា៖

«​ប្រសិនបើគណបក្សសាធារណៈឈ្នះឆ្នោត អ្នកទាំងអស់គ្នានឹងឈ្នះជាមួយយើង ហើយអ្នកនឹងទទួលបាន ៥០០០ ដុល្លារគ្រប់គ្នា។ លក្ខខណ្ឌតែមួយគត់សម្រាប់ការទទួលប្រាក់នេះ គឺប្រាក់ដែលទទួលបាន ត្រូវតែយកទៅប្រើប្រាស់ និងចំណាយនៅក្នុងប្រទេសអាមេរិកប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ បើទោះបីជា លោក Trump មិនបានពន្យល់លម្អិតអំពីយន្តការជាក់ស្តែងថា តើរដ្ឋាភិបាលនឹងត្រូវអនុវត្ត ឬរៀបចំកញ្ចប់ថវិកាបែបណានោះក្ដី ប៉ុន្តែបើគណនាតាមតួលេខផ្តល់ប្រាក់ ៥០០០ ដុល្លារដល់ពលរដ្ឋពេញវ័យគ្រប់រូបនៅអាមេរិក វានឹងត្រូវចំណាយថវិកាជាតិលើសពី ១ ទ្រីលានដុល្លារទៅទៀត។

ប្រភពដដែលសរសេរថា ការសន្យាចែកប្រាក់ដែលជាថវិការដ្ឋប្រមាណជាង ១ ទ្រីលានដុល្លារនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតដ៏សំខាន់មួយរបស់លោក Trump ក្នុងការទាក់ទាញចិត្តអ្នកបោះឆ្នោត ដើម្បីឱ្យគណបក្សកាន់អំណាច អាចបន្តរក្សាអំណាច និងគ្រប់គ្រងនៅក្នុងសភានាពេលខាងមុខនេះតែប៉ុណ្ណោះ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា