ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦ តាមរយៈព្រឹត្តិការណ៍ Cambodia Travel Match (CTM) 2026 ក្រោមការរៀបចំ និងទទួលបដិសណ្ឋារកិច្ចដោយ​សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍។

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (Pacific Asia Travel Association Cambodia Chapter) នៅរសៀលថ្ងៃ២៥ ខែមិថុនា នេះ បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ Cambodia Travel Match (CTM) 2026 ដែលជាកម្មវិធីពិសេសសម្រាប់ទីផ្សារឥណ្ឌា (India Special Edition) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ទី២៣ ខែកក្កដា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ នឹងប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍ (Outbound Tour Operators) ភ្នាក់ងារទេសចរណ៍ (DMCs) និងថ្នាក់ដឹកនាំធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាសរុបចំនួន ៣៥ក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃលើសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

Advertisement



ព្រឹត្តិការណ៍ដែលរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជានេះ មានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (ICC) ព្រមទាំងរដ្ឋបាលខេត្តតាមគោលដៅនីមួយៗ ក៏ដូចជាដៃគូពាណិជ្ជកម្មផងដែរ ដើម្បីផ្លាស់ប្ដូរយុទ្ធសាស្ត្រក្នុងការជំរុញឱកាសធុរកិច្ចដោយផ្ទាល់ (B2B) និងលើកម្ពស់កិត្យានុភាពកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ភាពចម្រុះ និងគោលដៅទេសចរណ៍ប្រកបដោយតម្លៃខ្ពស់ (High-Value Tourism Destination)។

ក្នុងរយៈពេល ៦យប់៧ថ្ងៃ នៃកម្មវិធី គណៈប្រតិភូឥណ្ឌានឹងអញ្ជើញចូលរួមក្នុងទស្សនកិច្ចវាយតម្លៃគោលដៅទេសចរណ៍ ជំនួបពាណិជ្ជកម្មទល់មុខ (B2B Meetings) កម្មវិធីបង្កើតបណ្តាញទំនាក់ទំនង ពិព័រណ៍ផលិតផលទេសចរណ៍ និងការដកស្រង់បទពិសោធន៍វប្បធម៌ នៅតាមគោលដៅយុទ្ធសាស្ត្រ រួមមាន៖ ខេត្ត សៀមរាប រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកោះរ៉ុង។ កម្មវិធីនេះក៏នឹងត្រូវធ្វើឡើងយ៉ាងពិសេស ដើម្បីបង្ហាញជូនអ្នកទិញអន្តរជាតិ ដែលមិនត្រឹមតែអំពីតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេចនូវផលិតផលទេសចរណ៍ថ្មីៗ រួមមាន ទេសចរណ៍ទីក្រុង តំបន់ឆ្នេរ កោះ សុខុមាលភាព ទេសចរណ៍ ប្រណីតភាព កម្មវិធី MICE និងទេសចរណ៍បែបបទពិសោធន៍ (Experiential Tourism)។

ការរៀបចំកម្មវិធីពិសេសសម្រាប់ទីផ្សារឥណ្ឌានេះ គឺជាយុទ្ធសាស្ត្រស្នូលរយៈពេលវែងរបស់សមាគម ក្នុងការធ្វើទីផ្សារទេសចរអន្តរជាតិរបស់កម្ពុជា និងពង្រឹងភាពជាដៃគូពាណិជ្ជកម្មជាមួយទីផ្សារដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។ ស្របពេលជាមួយគ្នានេះ CTM 2026 Mini-Series ជាវេទិកាដ៏មានតម្លៃសម្រាប់សហគ្រាសទេសចរណ៍ក្នុងស្រុក-រួមមាន សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុន DMCs និងអ្នកផ្តល់សេវាទេសចរណ៍នានា ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ជាមួយអ្នកទិញពីឥណ្ឌាដែលមានសក្តានុពលខ្ពស់ ដើម្បីពង្រីកទំហំអាជីវកម្ម និងទីផ្សាររបស់ខ្លួន។


លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ី ហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា៖ CTM មិនមែនត្រឹមតែជាព្រឹត្តិការណ៍ជួបជុំទេសចរនោះទេ ប៉ុន្តែ វាជាវេទិកាធុរកិច្ចជាក់ស្តែងដែលតភ្ជាប់អ្នកទិញអន្តរជាតិជាមួយប្រតិបត្តិករក្នុងស្រុក ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចពិតប្រាកដ និងគាំទ្រដល់ចីរភាពនៃឧស្សាហកម្មទេសចរណ៍កម្ពុជា។

សូមជម្រាបថា​ គិតចាប់តាំងពីការដាក់ឱ្យដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ CTM ទទួលបានជោគជ័យក្នុងកិច្ចស្វាគមន៍ប្រតិភូដែលជាអ្នកទិញអន្តរជាតិ (Hosted Buyers) ចំនួន ៨០ស្ថាប័ន ពីទីផ្សារគោលដៅចំនួន ៧ ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មដែលអាចវាស់វែងបានយ៉ាងច្បាស់លាស់។ សមិទ្ធផល លេចធ្លោរួមមាន កំណើនទេសចរមកពីវៀតណាម ការពង្រីកទីផ្សារថ្មីពីឥណ្ឌូនេស៊ី សក្តានុពលទេសចរណ៍វាយកូនហ្គោលពីសិង្ហបុរី ការតភ្ជាប់កញ្ចប់ទស្សនកិច្ចពីមីយ៉ាន់ម៉ា និងការរក្សាបាននូវកំណើនពាណិជ្ជកម្មរឹងមាំជាមួយទីផ្សារចិន។

កាលពីឆ្នាំ២០២៤កន្លងទៅ ចំនួនទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជាមានប្រមាណ​ ៨០ ០០០នាក់ ពោលគឺមិនបាន១ភាគរយនៃចំនួនទេសចរសរុបពេញមួយឆ្នាំនៅកម្ពុជានោះទេ ប៉ុន្តែនៅត្រឹមសប្ដាហ៍ចុងក្រោយនៃឆ្នាំ២០២៥ ចំនួនទេសចរឥណ្ឌា នៅកម្ពុជា ជាពិសេសនៅរមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលនៅក្នុងឆ្នាំ២០២៦នេះ រំពឹងថា កំណើនទេសចរមកពីប្រទេសដែលកាន់ព្រហ្មញ្ញសាសនាមួយនេះកើនឡើងខ្លាំង។

រួមគ្នាលើកស្ទួយកម្ពុជា រួមគ្នាបង្កើតឱកាសពាណិជ្ជកម្ម រួមគ្នានាំយកកម្ពុជាទៅកាន់ពិភពលោក..!

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា