ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ត្បូងឃ្មុំ ៖ គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការឱ្យដឹងពី លោគ ស៊ូ ជីន (zhu chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ែនឡែន គ្រុប(Mainland Group) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក  លើកឡើងក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

Advertisement

លោក ស៊ូ ជីន (zhu chen) បានលើកឡើងថា ដោយមើលឃើញពីសក្តានុពលវិនិយោគវិស័យកៅស៊ូនៅកម្ពុជា ក្រុមហ៊ុនបានសម្រេចបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា កាលពីឆ្នាំ២០២៤ ក្នុងបំណងលើកកម្ពស់​​ និងរួមចំណែកអភិវឌ្ឍវិស័យកសិ-ឧស្សា​ហកម្ម តាមរយៈការកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដាសហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។

សម្រាប់ការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក សាងសង់រោងចក្រនៅលើផ្ទៃដី ១៥ហិកតា មានសមត្ថភាពផលិតកៅស៊ូបានចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ និងអាចផ្តល់ការងារដោយផ្ទាល់ដល់ពលរដ្ឋចំនួន ៣០០នាក់ និងបុគ្គលិកកម្មករជៀរជ័រកៅស៊ូដោយប្រយោលចំនួន ៥០ ០០០នាក់ថែមទៀត។

បច្ចុប្បន្ន ក្រុមហ៊ុន មានរោងចក្រកំពុងវិនិយោគនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ ប្រទេសកូឌីវ័រនៃទ្វីបអាហ្វ្រិក​ និងប្រទេសតាន់ហ្សានៀ​ ដែលមានទុនវិនិយោគសរុបចំនួនទឹកប្រាក់ប្រមាណ​ ៣៧៥ លានដុល្លារអាម៉េរិក។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្វាគមន៍ចំពោះក្រុមហ៊ុនជាតិ និងអន្តរជាតិដែលមានបំណងចូលមកបោះទុនវិនិយោគនៅក្នុងខេត្តត្បូងឃ្មុំ និងបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។ ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនខាងលើ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ផ្ទៃដីដាំដំណាំកៅស៊ូក្នុងខេត្តត្បូងឃ្មុំមានចំនួន ៨៨ ១៤៥ហិកតា ក្នុងនោះ កៅស៊ូគ្រួសារមានចំនួន ៦៦% នៃផ្ទៃដីសរុប។ ទិន្នផលកៅស៊ូក្នុងខេត្តត្បូងឃ្មុំផ្តល់ផលកម្រិតល្អប្រសើរក្នុងរង្វង់ ១,៥តោនក្នុងមួយហិកតា បើធៀបនឹងខេត្តផ្សេងទៀតដែលមានទិន្នផលចន្លោះពី ១,១ ឬ ១,៣ តោនប៉ុណ្ណោះក្នុងមួយហិកតា។ ក្នុងឆ្នាំ២០២៥ កន្លងទៅ ខេត្តត្បូងឃ្មុំមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦ ០៣៦ហិកតា ផ្តល់ផលជ័រកៅស៊ូប្រមាណ ៩៩ ០៥៤តោន និងមានតម្លៃសរុបចំនួន ១៧៦ លានដុល្លារអាម៉េរិក។

តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូកសិ-ឧស្សាហកម្មមានចំនួន ២២៣ ៣៤០ហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន ២២៤ ៧១១ហិកតា ស្មើនឹងប្រមាណ ៥០% នៃផ្ទៃដីសរុប៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា