សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

​ស្វាយ​រៀង​៖​ ​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ខណៈ​សហគមន៍​នេះ​ក៏​កំពុង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​ ​ដើម្បី​បង្កើន​ប្រភព​ចំណូល​ជូន​សមាជិក​។​

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ទទួល​បាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ​ចាប់​ពី​ថ្នាក់​ភូមិ ​ឃុំ​ ​ស្រុក​ ​និង​ខេត្ត ​ជាពិសេស​ពី​ក្រុមហ៊ុន​សោម៉ា​គ្រុប ​ដែល​បាន​ចូលរួម​រៀបចំ​ផែនការ​អាជីវកម្ម ​និង​បណ្ដុះបណ្ដាល​អប់រំ​ដល់​សមាជិក​សហគមន៍​ ​ដើម្បីឱ្យ​ពួកគេ​អាច​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​ព្រៃឈើ​បាន​កាន់តែ​ច្រើន ​ជា​ពិសេស​តាមរយៈ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

​លោក​ ទូច ​ស្រី​ ​ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​បាន​ប្រាប់បណ្តាញសារព័ត៌មាន​ AMS ​ថា​ ​សហគមន៍​នេះ​ត្រូវ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ​២០០៣ ​ក្នុង​គោលបំណង​ដំបូង​គឺ​ការពារ​ព្រៃឈើ​មិន​ឱ្យ​បាត់បង់​ ​និង​ស្ដារ​ព្រៃឈើ​ដែល​បាន​បាត់បង់​ឡើង​វិញ​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​ដំបូង​ឡើយ​ ​មាន​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ចូលរួម​តែ​ប្រមាណ​ ៤០​ ​គ្រួសារ​ប៉ុណ្ណោះ​។ ​ក្រោយ​មក​ ​ចំនួន​សមាជិក​បាន​កើនឡើង​ជា​បន្តបន្ទាប់​ ​រហូតដល់​បច្ចុប្បន្ន (៤០០ គ្រួសារ)​ ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ស្ទើរ​តែ​ទាំងអស់​បាន​ចូលរួម​ជា​សមាជិក​ ​និង​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ព្រៃ​សហគមន៍​ជា​ប្រចាំ​។ ​លោក​បន្ត​ថា​ ​សមាជិក​សហគមន៍​ដែល​ចូលរួម​ក្នុង​សកម្មភាព​ការពារ​ព្រៃឈើ​ ​អាច​ប្រមូល​ផល​ពី​ព្រៃ ​ដូចជា​ ​ផ្សិត ​ឃ្មុំ​ ​និង​ផ្លែឈើ​ព្រៃ ​ជាពិសេស​ផ្លែ​គុយ ​ដែល​ជា​ផ្លែ​ឈើ​ពេញនិយម​។

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖​ ​«​បច្ចុប្បន្ន​ សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​កំពុង​រៀបចំ​តំបន់​នេះ​ជា​តំបន់​អេកូ​ទេសចរណ៍​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​សោម៉ា​គ្រុប ​ក៏​ដូចជា​ ​ឯកឧត្តម​ ​សុខ​ ​សូកេន អនុ​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ ​និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក​»​។

​លោក​ ទូច ​ស្រី ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផែនការ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​នេះ ​រួម​មាន​ការ​រៀបចំ​កន្លែង​បោះ​តង់​ស្នាក់នៅ​ ​និង​អាហារដ្ឋាន​ ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​មកពី​ទីជិត ​និង​ទី​ឆ្ងាយ​ ​មក​លេង​កម្សាន្ត​ក្នុង​សហគមន៍​។

​លោក​បន្ថែម​ថា​ ​នៅ​ពេល​គម្រោង​នេះ​លេច​ជា​រូបរាង ​ពលរដ្ឋ​ដែល​ជា​សមាជិក​សហគមន៍​ ​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ តាមរយៈ​ការ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ ​លក់​ម្ហូប​អាហារ​ ​និង​ផ្ដល់​សេវា​ស្នាក់នៅ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។

​បន្ថែម​ពី​នេះ​ សហគមន៍​មាន​គម្រោង​រៀបចំ​ព្រែក​ប្រឡាយ​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​ ​សម្រាប់​ភ្ញៀវ​ជិះ​ទូក​លេង​កម្សាន្ត​ ​ស្ទូច​ត្រី​ ​និង​ស្ទូច​បង្កង​ ​ព្រមទាំង​ដាំ​បន្លែ​សុវត្ថិ​ភាព​សម្រាប់​ផ្គត់ផ្គង់​ក្នុង​អាហារ​របស់​សហគមន៍​។

ថ្លែង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ កាលពី​ថ្ងៃ​ទី​ ​១៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ​២០២៦​ ​ឯកឧត្តម​ ​សុខ​ ​សូកេន ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ​មានប្រសាសន៍​ថា ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​ ​មាន​សហគមន៍​ចំនួន​ ៦ ​ហើយ​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​គឺជា​សហគមន៍​ដែល​ធំ​ជាង​គេ​។

​ឯក​ឧត្តម​បាន​លើកឡើង​ថា​៖​ ​«​នៅ​ថ្ងៃ​អនាគត​ ​សហគមន៍​នេះ​នឹង​ចូលរួម​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​មូលដ្ឋាន​ ​តាមរយៈ​ការ​រៀបចំ​ជា​គោលដៅ​ទេសចរណ៍​មួយ​ក្នុង​ខេត្ត​ស្វាយរៀង​។ ការ​អភិវឌ្ឍ​នេះ​ត្រូវការ​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ ​អាជ្ញាធរ​មូលដ្ឋាន ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដូចជា​ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​និង​ក្រសួង​ទេសចរណ៍​»​។​

​ឯកឧត្តម​ ​សុខ​ ​សូ​កេន ​ក៏​បាន​កោតសរសើរ​ដល់​ក្រុមការងារ​របស់​ក្រុមហ៊ុន​សោម៉ា​គ្រុប ​ដែល​បាន​ចូល​មក​គាំទ្រ​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ប្រមាណ​ជាង​ ១ ​ឆ្នាំ​មក​នេះ​។ ​ឯក​ឧត្តម​បាន​លើកឡើង​ថា​ ​ទោះ​បី​ក្រុមហ៊ុន​ទើប​ចូល​មក​គាំទ្រ​សហគមន៍​ក្នុង​រយៈពេល​មិន​យូរ​ក៏​ដោយ​ ​ក៏​សហគមន៍​មាន​ការ​រីកចម្រើន​លូតលាស់​យ៉ាង​លឿន​។

​ឯកឧត្តម​រំពឹង​ថា​ ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​ ​តំបន់​សហគមន៍​មួយ​នេះ​នឹង​ក្លាយជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកពី​ទីជិត ​និង​ទី​ឆ្ងាយ​ ​ហើយ​ជួយ​ជំរុញ​សេដ្ឋកិច្ច​គ្រួសារ​របស់​សមាជិក​សហគមន៍​ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​បន្ត​ទៀត​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា