រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

Advertisement

ពីតំបន់ប្រមូលផលមកដល់ទីផ្សារ ពិសេសនៅទីក្រុងភ្នំពេញ នៅដើមរដូវ ផ្លែគុយមានតម្លៃខ្ពស់ ហើយបន្ទាប់មក តម្លៃរបស់វា នឹងចុះថ្លៃបន្តិចម្ដងៗ ពេលដែលវាសម្បូរ ឬពេញប្រមូលផល។ នេះបើយោងតាមការលើកឡើងរបស់ប្រជាសហគមន៍ និងអ្នកលក់អនុផលព្រៃឈើ។

លោក​ ឡុង ណេ​ត អនុ​ប្រធាននៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ដែលស្ថិតស្រុកស្រែអំបិល ខេត្តកោះកុង​ បានថ្លែងប្រាប់ AMS ថា រដូវនេះ ប្រជាសហគមន៍នៅតំបន់របស់លោក សប្បាយ​រីករាយ ក្នុងការប្រមូល​អនុផល​ព្រៃ​​ឈើ ដូចជា ផ្លែគុយ ម៉ាក​ប្រេងម៉ាកប្រាង សិរមាន់​ ផ្លែគូលេនព្រៃ និងផ្លែសាវម៉ាវព្រៃជាដើម ព្រោះអនុផលព្រៃឈើទាំងនេះ ចាប់ផ្តើមហោចផលបណ្តើរៗដល់ប្រជាសហ​​គមន៍ ដែលអាចប្រមូលផលយកទៅលក់បានលុយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​​គ្រួសារ​។

លោក​ ឡុង ណេ​ត បានឱ្យដឹងដូច្នេះថា៖

“នៅឯណេះ ផ្លែគុយ បានទទួលផលជាបណ្តើរៗហើយ រួមមានផ្លែឈើព្រៃ សិរមាន់​ ម៉ាកប្រេងម៉ាកប្រាង និងផ្លែឈើព្រៃដទៃទៀត ​បានចាប់ផ្តើមផ្តល់ផល តែការទៅប្រមូលផលគឺបានចំនួនតិចតួចនៅឡើយ”។​ ​

បើទោះ​បីជា នៅដើមរដូវ ការប្រមូលអនុផលព្រៃឈើ ពិសេសផ្លែគុយ ទទួលបានផលតិចក៏ដោយ ក៏ប្រជាសហគមន៍តំបន់នេះ នៅតែបន្តប្រកបទទួលទាន និងទាញយកផលពីវាជាប្រចាំ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់។ នេះបើតាមការរៀបរាប់របស់លោក ឡុង ណេត។

អនុ​ប្រធានសហគមន៍រូបនេះ បានបន្ថែមថា ផ្លែគុយ និងផ្លែឈើដទៃទៀត ប្រជាសហគមន៍បានប្រមូល ក៏ពិតមែន តែមិនបានចំនួនច្រើននៅឡើយទេ ដោយក្នុងម្នាក់អាចប្រមូលបាន ដោយគិតជាមធ្យមត្រឹម ៣ គីឡូក្រាមប៉ុណ្ណោះក្នុង ១ ថ្ងៃ។

លោក ឡុង ណេត បានថ្លែងថា ចំពោះតម្លៃលក់វិញ សម្រាប់ផ្លៃគុយ ប្រជាសហគមន៍ លក់បានតម្លៃគឺថ្លៃ ២០,០០០ រៀល។ ចំណែកផ្លែម៉ាក់ប្រាង សិរមាន់ គូលេន និងផ្លៃឈើដទៃ លក់បានក្នុង ១ គីឡូក្រាម តម្លៃ ៥០០០ រៀល។

ដោយឡែក ​នៅ​រាជធានី​ភ្នំពេញ គេក៏ឃើញមានការដាក់លក់ផ្លែគុយ នៅតាមដងផ្លូវមួយចំនួនផងដែរ តែដោយ​សារការប្រមូលផលដើមរដូវ អនុផលព្រៃឈើទាំងនេះ ទទួលបានទិន្នផលតិចនៅឡើយ ដូច្នេះទើបធ្វើឱ្យមានតម្លៃថ្លៃបន្តិច។

អ្នកស្រី ស៊ិន មុំ អ្នកលក់ផ្លែគុយ នៅរដូវដើមដៃ នៅតំបន់ទួលគោក បានប្រាប់ឱ្យដឹងថា ផ្លែគុយដែលបានដាក់លក់ គឺបានមកពីកោះកុង ដែលជាអ្នកបោះដុំយកមកឱ្យ តែគេដាក់ឱ្យបានចំនួនតិច គឺក្នុងម្នាក់គាត់បានចែកឱ្យតែ ៥ ទៅ ១០ គីឡូប៉ុណ្ណោះ ព្រោះឥឡូវ ការប្រមូលផលក៏បានតិចតួចដែរ។

ចំពោះតម្លៃវិញ អាជីវកររូបនេះ បានប្រាប់ថា ឆ្នាំនេះ នៅតែមានម៉ូយ អ្នកទិញរាយហូបប៉ុណ្ណោះ គឺជាម៉ូយធ្លាប់ទិញកន្លងមក ឱ្យតែដល់រដូវមានផ្លែគុយ គាត់មកទិញហើយ ដល់រដូវប្រមូលផលបានច្រើន និងបានលក់ដាច់ជាងនេះច្រើន។

អ្នកស្រី បានឱ្យដឹងទៀតថា ប៉ុន្ដែតម្លៃដំបូងៗ កាលពីសប្តាហ៍មុ​ន លក់បានតម្លៃ ដល់ទៅ ៨ ម៉ឺនរៀលឯណោះ ប៉ុន្ដែមកដល់ពេលនេះ សល់ត្រឹម ៤ ម៉ឺន ៥ ពាន់រៀល ហើយតម្លៃក៏នឹងអាចធ្លាក់ជាងនេះ នៅពេលផ្លែគុយកាន់សម្បូរ។ 

អ្នកស្រី ស៊ិន មុំ បានបញ្ជាក់ថា៖

“អនុផលព្រៃឈើទាំងអស់ មានតែផ្លែគុយនេះហើយ អាចលក់បានតម្លៃថ្លៃជាងគេ ប៉ុន្ដែវាក៏ជាប្រភេទផ្លែឈើព្រៃ ដែលងាយនឹងខូច និងត្រូវការការថែទាំ ថ្នម ដោយប្រុងប្រយ័ត្ន ទើបអាចថែសម្បុរ និងសម្រ​ស់​របស់វាបានល្អ ដើម្បីយ៉ាងហោចណាស់នៅល្អបានចន្លោះ ៣ ទៅ ៤ ថ្ងៃដែរ”។

សូមជម្រាបថា  នៅក្នុងប្រទេសកម្ពុជា អនុផលព្រៃឈើ មាន សិរមាន់ និងផ្លែព្រៃដទៃទៀត ពិសេសគុយ ច្រើនសម្បូរនៅខេត្តកោះកុង សៀមរាប ស្ទឹងត្រែង-ល-។ ប្រជាសហគមន៍ជាអ្នកប្រមូលអនុផលទាំងនេះ ទទួលបានមុខរបរមួយនៅរដូវនេះ ដែលអាចជួយផ្តល់ចំណូល ដល់ពួកគាត់សម្រាប់ជីវភាពគ្រួសារ។ បច្ចុ​ប្បន្នផ្លែគុយ ត្រូវបានប្រជាពលរដ្ឋស្គាល់ និងនិយមបរិភោគច្រើនគួរសម ហើយត្រូវបានអាជីវករនាំយកមកលក់នៅក្នុងទីផ្សារទាំងនៅទីរួមខេត្ត និងក្នុងរាជធានីភ្នំពេញ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា