​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

​ភ្នំពេញ​៖​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​។

Advertisement

​ការ​សម្រេច​នេះ​ ​ធ្វើឡើង​តាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ ​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ ​កាលពី​ចុង​ខែកក្កដា ​ឆ្នាំ​២០២៦​។

​តាម​សេចក្ដីសម្រេច​ ក្រុមការងារ​ចំពោះ​កិច្ច​នេះ​មាន​តួនាទី​ជា​សេនាធិការ​ជូន​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ការ​កែសម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​។

​ក្រុមការងារ​ត្រូវ​សិក្សា​អំពី​នីតិវិធី​ ​បែបបទ​ ​និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​ ​MSME​ ​ព្រមទាំង​រៀបចំ​បញ្ជី​អាជ្ញាបណ្ណ ​និង​លិខិត​អនុញ្ញាត​ផ្សេង​ៗ​របស់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ​ដោយ​បន្ស៊ី​គ្នា​ជាមួយ​សកម្មភាព​អាជីវកម្ម​ដែល​ធុរ​ជន​ត្រូវ​ជ្រើសរើស​នៅ​ដំណាក់កាល​ចុះបញ្ជី​ ​និង​ប្រតិបត្តិ​អាជីវកម្ម​។

​ជាមួយគ្នា​នេះ​ ក្រុមការងារ​ត្រូវ​ពិនិត្យ​ ​កែលម្អ​ និង​កាត់បន្ថយ​នីតិវិធី​ ​និង​បែបបទ​នៅ​តាម​ក្រសួង​ ស្ថាប័ន​ ​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ ​ឬ​ត្រួតស៊ី​គ្នា​ ​ដើម្បី​កែសម្រួល​ និង​កាត់បន្ថយ​ចំណាយ​ឱ្យ​បានជា​អតិបរមា ​សម្រាប់​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​ ​MSME​។

​លើស​ពី​នេះ​ ក្រុមការងារ​មាន​តួនាទី​តាមដាន​ ​ពិនិត្យ​ ​និង​វាយតម្លៃ​ការ​អនុវត្ត​វិធានការ​ក្នុង​ការ​កែសម្រួល​នីតិវិធី​ ​និង​បែបបទ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​ ​ព្រមទាំង​តាមដាន​ ត្រួតពិនិត្យ​ ​និង​វាយតម្លៃ​ស័ក្ដិសិទ្ធិភាព​ ​និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​គាំទ្រ ​និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​។

​គោលដៅ​គឺ​ដើម្បី​ធានា​ថា​ សហគ្រាស​ក្នុង​វិស័យ​នេះ​អាច​ទទួលបាន​ការ​គាំទ្រ​ ​និង​ការ​លើកទឹកចិត្ត​សមស្រប ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​។

​ក្រុមការងារ​ក៏​មាន​តួនាទី​សិក្សា​ ​និង​លើក​យោបល់​ក្នុង​ការ​បង្កើត​យន្តការ​សម្របសម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​ ​ដោយ​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ ​អង្គភាព​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ធុរ​ជន ​និង​បណ្ដា​ភាគី​ពាក់ព័ន្ធ​។​ គួរបញ្ជាក់ផងដែរថា ក្រុមការងារ​ចំពោះ​កិច្ចខាងលើនេះ គឺដឹកនាំដោយ ឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាប្រធាននៃក្រុមការងារ​ចំពោះ​កិច្ចនេះ។

ក្រុមការងារ​ចំពោះ​កិច្ច​ត្រូវ​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ និង​លើក​យោបល់​ជូន​នាយក​រដ្ឋមន្ត្រី​ ​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​ក្នុង​ករណី​ចាំបាច់​។

​លោក​ឧកញ៉ា​ ​តែ​ ​តាំង​ប៉ា ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​កំណើន​សហគ្រាស​ថ្មី​ៗ​នៅ​កម្ពុជា​បាន​កើនឡើង​ជាបន្តបន្ទាប់​ ​ហើយ​លោក​រំពឹង​ថា​ ​កំណើន​នេះ​នឹង​កាន់តែ​កើនឡើង​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​២០២៦​ ​ឬ​ដើម​ឆ្នាំ​២០២៧​ខាងមុខ​។​

លោក​ឧកញ៉ា​បាន​បន្ត​ថា​ កន្លងមក​ ក្នុង​នាម​ជា​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​លោក​បាន​ព្យាយាម​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ ​ដូចជា​អាជ្ញាធរ​ពន្ធដារ​ គយ ​និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​នានា ​ជាពិសេស​លើ​ឯកសារ​ផ្សេង​ៗ​។

​លោក​បាន​បញ្ជាក់​ថា​ ​គោលបំណង​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​សហគ្រិន​ក្នុង​វិស័យ​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ មាន​ភាព​ងាយស្រួល​ទាំង​ការ​ស្នើសុំ​ច្បាប់​ ​និង​ការ​ប្រតិបត្តិ​អាជីវកម្ម​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា