ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

​ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​ខណៈ​បម្រែបម្រួល​អាកាសធាតុ​បាន​ធ្វើឱ្យ​ទឹកកក​នៅ​តំបន់​អាកទិក​រលាយ​លឿន​ជាង​មុន​។

ការ​ផ្លាស់ប្តូរ​នេះ​បាន​ធ្វើឱ្យ​ NSR ​លែង​ជា​ផ្លូវកាត់​សម្រាប់​កប៉ាល់​ដឹក​ទំនិញ​ធម្មតា​ប៉ុណ្ណោះ ​ប៉ុន្តែ​កំពុង​ក្លាយជា​ខ្សែ​ជីវិត​សេដ្ឋកិច្ច​របស់​រុស្ស៊ី ​និង​ជា​ចំណុច​ពង្រឹង​សម្ព័ន្ធ​ភាព​រវាង​រុស្ស៊ី ​និង​ចិន ​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ផ្លូវ​សមុទ្រ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​ខាង​លិច​។

​ចំណុច​សំខាន់​មួយ​នៃ​ការ​ប្រែប្រួល​នេះ​ ​គឺ​សន្តិសុខ​នៃ​ការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ពិភពលោក​។ ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ធំ​ៗ​ជា​ច្រើន​ ត្រូវ​ឆ្លងកាត់​ចំណុច​យុទ្ធសាស្ត្រ​សំខាន់​ៗ ដូចជា​ ​ព្រែក​ជីក​ស៊ុយ​អេ ​និង​ច្រក​សមុទ្រ​ម៉ាឡាកា ​ដែល​ត្រូវ​បាន​មើលឃើញ​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អាម៉េរិក​ ​និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​។

ផ្ទុយ​ទៅវិញ​ NSR ​ស្ថិត​នៅក្នុង​ដែន​សេដ្ឋកិច្ច​របស់​រុស្ស៊ី ​ដែល​ធ្វើឱ្យ​វា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជម្រើស​មួយ​សម្រាប់​បណ្តា​ប្រទេស​នានា ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ពី​ការ​រំខាន ​ឬ​ការ​បិទ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ដែល​មាន​សារៈសំខាន់​ចំពោះ​ពាណិជ្ជកម្ម​ពិភពលោក​។

​សម្រាប់​ប្រទេស​នៅ​អាស៊ី​ខាង​កើត​ ​ផ្លូវ​នេះ​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​ការ​ដឹកជញ្ជូន​ ​និង​ប្រភព​ថាមពល ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ខ្លាំង​លើ​តំបន់​ដែល​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​ឬ​ជម្លោះ​។ ​ដោយសារ​ហេតុ​នេះ​ ​ចិន​បាន​លើកកម្ពស់​គំនិត​ ​Polar ​Silk ​Road ​ដោយ​មាន​កិច្ច​សហការ​ជាមួយ​រុស្ស៊ី​។

​រុស្ស៊ី​ដែល​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អឺរ៉ុប ​និង​អាម៉េរិក​ ​បាន​ប្រើប្រាស់​ NSR ​ដើម្បី​ដឹក​ជញ្ជូន​ហ្គាស​ ​និង​ប្រេង​ឆៅ​ទៅកាន់​ប្រទេស​ចិន​។ ​ចំណែក​ចិន ការ​ចូលរួម​វិនិយោគ​លើ​ផ្លូវ​នេះ​ ​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​គោលដៅ​ធានា​ប្រភព​ថាមពល ​និង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​តំបន់​ប៉ូល​ខាង​ជើង​។

​ទន្ទឹម​នឹង​នេះ​ ការ​ទាមទារ​របស់​រុស្ស៊ី​ក្នុង​ការ​គ្រប់គ្រង​ NSR ​ក៏​បាន​បង្កើត​ភាព​តានតឹង​ជាមួយ​សហគមន៍​អន្តរជាតិ​។ ​រុស្ស៊ី​ចាត់ទុក​ផ្លូវ​នេះ​ជា​ផ្លូវ​ទឹក​ក្នុង​ស្រុក​របស់​ខ្លួន ​ដោយ​តម្រូវឱ្យ​កប៉ាល់​បរទេស​សុំ​ការ​អនុញ្ញាត បង់​ថ្លៃ​ឆ្លងកាត់ ​និង​ប្រើប្រាស់​កប៉ាល់​បំបែក​ទឹក​កក​របស់​រុស្ស៊ី​សម្រាប់​ជួយ​នាំ​ផ្លូវ​។

​ប៉ុន្តែ​ អាម៉េរិក​ ​និង​ណាតូ ​មិន​យល់ស្រប​នឹង​ការ​ទាមទារ​នេះ​ទេ​ ​ដោយ​ចាត់ទុក ​NSR ​ជា​ច្រក​សមុទ្រ​អន្តរជាតិ​ ​ដែល​គ្រប់​ប្រទេស​មាន​សិទ្ធិ​បើកបរ​ដោយ​សេរី​។ ​ភាព​ខុសគ្នា​នៃ​ទស្សនៈ​នេះ​ ​បាន​ធ្វើឱ្យ​តំបន់​អាកទិក​កាន់តែ​មាន​សារៈសំខាន់​ផ្នែក​យុទ្ធសាស្ត្រ​ ​និង​សន្តិសុខ​។

​ជាមួយគ្នា​នេះ​ ​ក៏​មាន​ការ​ពង្រឹង​វត្តមាន​យោធា ​និង​ការ​សាងសង់ ​ឬ​ស្តារ​មូលដ្ឋាន​យោធា​ឡើង​វិញ​នៅ​តំបន់​អាកទិក​ផងដែរ​ ​ដែល​បន្ថែម​ស្រទាប់​ថ្មី​នៃ​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ជុំវិញ​ផ្លូវ​សមុទ្រ​នេះ​។

​នៅ​ទីបំផុត​ NSR ​កំពុង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បែងចែក​ចំណាប់អារម្មណ៍​របស់​មហា​អំណាច​ជា​ពីរ​ផ្លូវ​។ ​ក្រុមហ៊ុន​រដ្ឋមកពី​ប្រទេស​អាស៊ី​កំពុង​សាកល្បង​ប្រើប្រាស់​ ​និង​បណ្តាក់ទុន​លើ​ផ្លូវ​នេះ​ ​ខណៈ​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំ​ៗ​របស់​លោក​ខាង​លិច​នៅតែ​មាន​ការ​ប្រុងប្រយ័ត្ន ​ដោយសារ​ក្តី​បារម្ភ​អំពី​ផលប៉ះពាល់​បរិស្ថាន ​ជា​ពិសេស​ហានិភ័យ​នៃ​ការ​ធ្លាយ​ប្រេង​នៅក្នុង​តំបន់​ទឹកកក​។

​ដូច្នេះ​ NSR ​កំពុង​លែង​ជា​ផ្លូវ​កាត់​ធម្មតា​ ​ប៉ុន្តែ​កំពុង​ក្លាយជា​ព្រំដែន​ថ្មី​មួយ​នៃ​ការ​ប្រជែង​អំណាច​ ​ដែល​មហា​អំណាច​កំពុង​ប្រកួតប្រជែង​គ្នា​លើ​ធនធាន​ ​ផ្លូវ​ពាណិជ្ជកម្ម ​និង​ឥទ្ធិពល​នៅ​តំបន់​ប៉ូល​ខាង​ជើង​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា