រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។

Advertisement

យន្តការគតិយុត្តិថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជាច្បាប់ដែលត្រូវប្រកាសប្រើប្រាស់ជាការប្រញាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចជាតិ និន្នាការបច្ចេកវិទ្យាយានយន្តទំនើប ព្រមទាំងឆ្លើយតបនឹងយន្តការកំណែទម្រង់រចនាសម្ព័ន្ធវិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

កិច្ចប្រជុំនៅថ្ងៃនេះ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬហៅកាត់ថាគណៈកម្មការទី៩ នៃរដ្ឋសភា ដោយមានការចូលរួមការពារសេចក្តីព្រាងច្បាប់ពីភាគីរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការជំនាញទាំង១០ នៃស្ថាប័ននីតិប្បញ្ញត្តិ និងមន្ត្រីជាន់ខ្ពស់មកពីអន្តរក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត។

សេចក្តីព្រាងច្បាប់ដែលកំពុងស្ថិតក្រោមការពិនិត្យលម្អិតនៅពេលនេះ ត្រូវបានធ្វើឡើងតាមសំណើបន្ទាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់លិខិតស្នើសុំទៅសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ការសម្រេចចិត្តធ្វើវិសោធនកម្មច្បាប់នេះ គឺដោយសារតែរាជរដ្ឋាភិបាលបានពិនិត្យឃើញថា បទប្បញ្ញត្តិមួយចំនួននៃច្បាប់ចាស់ មិនទាន់មានភាពគ្រប់ជ្រុងជ្រោយ និងមិនទាន់អាចឆ្លើយតបបានទាន់ពេលវេលាចំពោះសភាពការណ៍សេដ្ឋកិច្ច និងសង្គម ទាំងក្នុងកម្រិតជាតិ តំបន់ និងសកលលោក។

នៅក្នុងអង្គប្រជុំ ឯកឧត្តម ប៉េង ពោធិ៍នា បានផ្តល់ការបំភ្លឺ និងពន្យល់លម្អិតអំពីបច្ចេកទេសគតិយុត្តិថា វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ នឹងបង្កើតឱ្យមានរបត់ថ្មីមួយក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិ តាមរយៈការកំណត់បទដ្ឋានបច្ចេកទេសទំហំយានយន្តឱ្យបានច្បាស់លាស់ និងការដាក់ចេញនូវវិធានការក្តៅក្នុងការរឹតបន្តឹង ត្រួតពិនិត្យ ព្រមទាំងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាឃាតកបំផ្លាញផ្លូវជាតិ។

ចំណុចពិសេសដែលត្រូវបានបង្កើតឡើងនៅក្នុងច្បាប់ថ្មីនេះ គឺការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាបាននូវការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សមធម៌ គ្មានការលើកលែង តាមរយៈការធ្វើបច្ចុប្បន្នភាពកម្រិតការពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិឱ្យកាន់តែធ្ងន់ធ្ងរ និងសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃបទល្មើស។

លើសពីនេះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានគូសបញ្ជាក់បន្ថែមថា ច្បាប់នេះនឹងជួយសម្រួលដល់អ្នកប្រើប្រាស់ផ្លូវឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារក្នុងការជួសជុលប្រចាំឆ្នាំ។

ឯកឧត្តម បន្តថា ផលចំណេញផ្នែកសេដ្ឋកិច្ចដ៏ធំធេងមួយទៀត គឺការជួយលើកទឹកចិត្ត និងសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងថ្លៃដើមឡូជីស្ទិករបស់វិស័យឯកជនដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការមកបណ្តាក់ទុនរយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា។

ឆ្លងតាមរយៈការដេញដោល និងការពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល លោកជំទាវ និន សាផុន ក្នុងនាមគណៈកម្មការទី៩ និងតំណាងអន្តរគណៈកម្មការជំនាញទាំងអស់របស់រដ្ឋសភា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ដោយវាយតម្លៃខ្ពស់ចំពោះស្មារតីសហការ និងការផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយពីភាគីរាជរដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការជំនាញរដ្ឋសភានៅតែបន្តតួនាទីក្នុងការពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តជាក់ស្តែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាថាច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ នឹងឆ្លើយតបមានប្រសិទ្ធភាពខ្ពស់បំផុតនៅពេលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។

បច្ចុប្បន្ន រដ្ឋសភាកំពុងជំរុញនីតិវិធីផ្ទៃក្នុង ដើម្បីរៀបចំប្រមូលមតិយោបល់ចុងក្រោយ ក្នុងទិសដៅដាក់បញ្ចូលសេចក្តីព្រាងច្បាប់ប្រញាប់នេះទៅក្នុងរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញ ឬសម័យប្រជុំពេញអង្គរដ្ឋសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីធ្វើការអនុម័តជាផ្លូវការផងដែរ៕ ប្រភព៖ រដ្ឋសភា

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា