ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច ក្រោមអធិបតី លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានលើកឡើងថា ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រសួងកំពុងអនុវត្តស្តង់ដាបណ្តុះបណ្តាលរួម ដើម្បីលើកកម្ពស់ការទទួលស្គាល់គុណវុឌ្ឍិ និងអនុញ្ញាតឱ្យមានចល័តភាពកម្លាំងពលកម្មក្នុងតំបន់ តាមគោលការណ៍សមធម៌ តម្លាភាព និងគុណភាព។ ការបណ្តុះបណ្តាលទាំងនេះតម្រូវឱ្យមានការសិក្សាភាសាអង់គ្លេសចាប់ពីកម្រិតប្រតិបត្តិការរហូតដល់ថ្នាក់គ្រប់គ្រង ព្រោះភាសាអង់គ្លេសគឺជាស្ពានទំនាក់ទំនងដ៏សំខាន់ក្នុងការបម្រើភ្ញៀវអន្តរជាតិ និងជាកត្តាគន្លឹះនៃចល័តភាពការងារទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ក្រសួងបានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៥ទីតាំង ដែលមានសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្សថ្មីបានប្រមាណ ១​ ០០០នាក់ក្នុងមួយឆ្នាំ ហើយសិក្ខាកាមមួយចំនួនកំពុងហ្វឹកហាត់ និងបម្រើការងារនៅក្រៅប្រទេសផងដែរ។

Edifyworld គឺជាមជ្ឈមណ្ឌលភាសាអង់គ្លេសសម្រាប់ជំនាញវិជ្ជាជីវៈ និងធុរកិច្ច ដែលដំណើរការដោយភាគីចក្រភពអង់គ្លេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងទទួលបានការទទួលស្គាល់ពីស្ថាប័ន National Open College Network (NOCN) ដោយផ្តល់ជូននូវវិញ្ញាបនបត្រ ៦កម្រិត ចាប់ពី A1 ដល់ C2 តាមក្របខ័ណ្ឌ CEFR ដែលមានតម្លៃសមមូលនឹងពិន្ទុ IELTS មានសុពលភាពពេញមួយជីវិត និងបង្រៀនដោយគ្រូបរទេសជនជាតិដើម (Native Speakers)។

ក្រោមកិច្ចសហការនេះ គម្រោងសាកល្បងចំនួន ២វគ្គ ត្រូវបានរៀបចំឡើង ដោយវគ្គទី១ ចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ និងវគ្គទី២ នឹងចាប់ផ្តើមនៅអំឡុងខែមករា ឆ្នាំ២០២៧ នៅខេត្តសៀមរាប។ សិក្ខាសាលានេះផ្តោតលើការប្រើប្រាស់ភាសាអង់គ្លេសទាំងជំនាញទន់ និងជំនាញរឹង តាមរយៈប្រធានបទសំខាន់ៗចំនួន ៤ (១ថ្ងៃពេញសម្រាប់ប្រធានបទនីមួយៗ)៖

  1. Teamwork & Collaborative Planning (ការធ្វើការងារជាក្រុម និងការរៀបចំផែនការរួមគ្នា)
  2. Handling Problems & Complaints (ការដោះស្រាយបញ្ហា និងពាក្យបណ្តឹងរបស់អតិថិជន)
  3. Professional Networking & Executive Communication (ការកសាងបណ្តាញវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងសម្រាប់ថ្នាក់ដឹកនាំ)
  4. Leadership Communication & Documentation (ការប្រាស្រ័យទាក់ទងក្នុងភាពជាអ្នកដឹកនាំ និងការរៀបចំឯកសារផ្លូវការ)

សម្រាប់វគ្គដំបូងនេះ សិក្ខាកាមបានសិក្សាលើប្រធានបទទី៣ ដោយពេលព្រឹកផ្តោតលើការបង្កើតចំណាប់អារម្មណ៍ដំបូងប្រកបដោយប្រសិទ្ធភាព ការកសាងទំនាក់ទំនងល្អតាំងពីការសន្ទនាដំបូង និងការរៀបចំដំណើរអាជីពប្រកបដោយវិជ្ជាជីវៈ។ ពេលរសៀលបន្តលើការគ្រប់គ្រងការសន្ទនាដ៏លំបាកប្រកបដោយភាពប៉ិនប្រសប់ផ្នែកការទូត ការទំនាក់ទំនងឆ្លងវប្បធម៌ ការអភិវឌ្ឍពីភាសាអង់គ្លេសកម្រិតល្អទៅជាភាសាអង់គ្លេសសម្រាប់ថ្នាក់ដឹកនាំ ព្រមទាំងការបំប្លែងជំនាញទាំងនេះទៅជាសកម្មភាពការងារជាក់ស្តែង។

លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ថ្នាក់ Master Class នេះមិនមែនគ្រាន់តែជាការសិក្សាភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងជំនាញទំនាក់ទំនងសម្រាប់ថ្នាក់ដឹកនាំ ការកសាងបណ្តាញវិជ្ជាជីវៈ និងការដោះស្រាយស្ថានភាពស្មុគស្មាញក្នុងការងារជាក់ស្តែង។

លោកជំទាវជឿជាក់យ៉ាងមុតមាំថា គ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងថ្នាក់គ្រប់គ្រងទាំងអស់ នឹងនាំយកចំណេះដឹងទាំងនេះទៅចែករំលែកបន្តដល់សិស្សានុសិស្ស និងបុគ្គលិកក្នុងអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍កម្ពុជាទាំងមូល៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា