ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

សៀមរាប៖ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក ដោយផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការនេះ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រឹះស្ថានសិក្សា និងអ្នកផលិតមាតិកាព័ត៌មាន ប្រមាណ ២០០រូប។

ផែនការនេះត្រូវបានកំណត់ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរតួអង្គពាក់ព័ន្ធទាំងអស់ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាបឱ្យកាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីផ្តល់បទពិសោធដ៏វិសេសវិសាលដល់ភ្ញៀវទេសចរ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងក្នុងពិធី ឯកឧត្តម ហួត ហាក់ បានសម្តែងការថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ព្រមទាំងសម្របសម្រួលជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាខេត្ត។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសរំលេចថា ខេត្តសៀមរាបប្រៀបបាននឹងដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា ជាទឹកដីអរិយធម៌ដ៏រុងរឿង និងជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាកំណប់ទ្រព្យដ៏វិសេសវិសាលរបស់មនុស្សជាតិ។

តាមឯកឧត្តម ហួត ហាក់ សៀមរាបមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងអរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលតំណាងឱ្យអត្តសញ្ញាណ កិត្យានុភាព និងមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង ហើយអាកប្បកិរិយាភ្ញៀវទេសចរក៏កាន់តែផ្លាស់ប្តូរ។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ សៀមរាបត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ តាមរយៈគំនិត «សៀមរាប លើសពីតំបន់អង្គរ» កែលម្អ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ព្រមទាំងពង្រឹងសន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តម ហួត ហាក់ ក៏បានដាក់ចេញអនុសាសន៍គន្លឹះចំនួន៤ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត។

អនុសាសន៍ទី១ គឺការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលមានអត្តសញ្ញាណរបស់ខេត្តសៀមរាប ព្រមទាំងពិនិត្យលទ្ធភាពបំផុសសក្តានុពលនៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធន៍ទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។

ទី២ គឺការរៀបចំឱ្យមាននិទានកថា (Storytelling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយភ្ជាប់ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជីវភាពរស់នៅ អាហារ និងលក្ខណៈពិសេសរបស់ទីតាំង។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងសម័យទេសចរណ៍ទំនើប មិនត្រឹមតែ «លក់ទីកន្លែង» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍»។

ទី៣ គឺការបង្កើត Branding របស់ខេត្តសៀមរាប ដោយផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ និងទី៤ គឺការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

លោកជំទាវ ឆាយ ស៊ីវលីន ទីប្រឹក្សាក្រសួងទេសចរណ៍ បានលើកឡើងថា និន្នាការភ្ញៀវទេសចរពិភពលោកបច្ចុប្បន្នកំពុងផ្លាស់ប្តូរឆ្ពោះទៅរក «ភាពប្លែកថ្មី ភាពប្រណិត និងអត្តសញ្ញាណដើម»។ លោកជំទាវបានបញ្ជាក់ថា ផែនការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០ នឹងក្លាយជាឧបករណ៍ជំរុញទុនវិនិយោគ និងបង្កើនប្រសិទ្ធភាពសេវាកម្មយ៉ាងមានឥទ្ធិពល។

លោកជំទាវ ឆាយ ស៊ីវលីន មានប្រសាសន៍ថា៖ «វិស័យទេសចរណ៍ទាមទារឱ្យមានផលិតផលប្លែកៗ និងសម្បូរបែប។ ការច្នៃបន្ថែមផលិតផលទេសចរណ៍ និងការបង្កើនភាពច្នៃប្រតិដ្ឋ ត្រូវតែបង្ហាញនូវអត្តសញ្ញាណវប្បធម៌របស់ពលរដ្ឋមូលដ្ឋាន ដោយភ្ជាប់ប្រជាសហគមន៍ចូលរួមផ្ទាល់ក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍។ វិធីនេះនឹងជួយទាក់ទាញទាំងភ្ញៀវថ្មី និងរក្សាភ្ញៀវចាស់ឱ្យត្រឡប់មកវិញ»។

លោក ហូ វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានប្រាប់ AMS ថា ក្នុងនាមប្រតិបត្តិករវិស័យឯកជន លោកបានផ្តល់ធាតុចូលពីវិស័យឯកជន ដោយផ្តោតលើទេសចរណ៍បែបវប្បធម៌ និងសាសនា ដូចជាតំបន់ក្បាលស្ពាន និងភ្នំគូលែន។

លោកបានគូសបញ្ជាក់ថា ការបង្កើតសកម្មភាពសាសនា និងវប្បធម៌ចម្រុះ គឺជា «សូចនាករសេដ្ឋកិច្ចដ៏សំខាន់» ក្នុងការបំប្លែងភ្ញៀវទេសចរដែលគ្រាន់តែមកទស្សនា ឱ្យទៅជាភ្ញៀវស្នាក់នៅរយៈពេលយូរ ដែលអាចពង្រីករំហូរថវិកា និងបង្កើនចំណូលដោយផ្ទាល់ដល់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មដឹកជញ្ជូន និងអាជីវកម្មធុនតូចក្នុងស្រុក។

លោក ហូ វណ្ណឌី មានប្រសាសន៍ថា តំបន់ក្បាលស្ពាន និងភ្នំគូលែន ក្នុងខេត្តសៀមរាប ដែលជាតំបន់ទាក់ទាញទេសចរណ៍បែបវប្បធម៌ និងសាសនា មិនត្រូវបានកម្រិតត្រឹមពុទ្ធសាសនា ឬហិណ្ឌូសាសនានោះឡើយ ដោយប្រជាជនកម្ពុជាសូមស្វាគមន៍គ្រប់សាសនាទាំងអស់លើសកលលោក៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា