ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

ព្រះសីហនុ ៖ ក្នុងគោលបំណងបង្កើនភាពទាក់ទាញ​ទេសចរជាតិ និងអន្តរជាតិ​​ ទស្សនា​នៅក្នុងខេត្តព្រះសីហនុ នារដូវ​កាលបៃតង ក៏ដូចជាការ​វិនិយោគនៅក្នុងខេត្ត​ព្រះសីហនុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ ជាពិសេស​ភ្ញៀវទេសចរជនជាតិចិន ។

Advertisement

ថ្លែង​ក្នុងពិធី​បើក​វេទិកា​ធុរកិច្ច​ទេសចរណ៍ កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ នៅ​សណ្ឋាគារ​សុខារីស្ស៊ត​ ខេត្តព្រះសីហនុ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមាន​ប្រសាសន៍ថា វិស័យទេសចរណ៍​ និង​ការវិនិយោគ គឺជា​ក្បាលម៉ាស៊ីន មិនអាច​កាត់ផ្ដាច់ពីគ្នា​បានឡើយ។ វិស័យ​ទេសចរណ៍ មិនត្រឹមតែនាំមកនូវចំណូល និងការងារ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ស្ពាន​នាំមកនូវ​ឱកាស​​វិនិយោគផ្ទាល់​ផងដែរ ដូច្នេះ​ការ​បង្កើតវេទិកា​ធុរកិច្ច​ទេសចរណ៍នេះ គឺជា​វេទិកា​ដ៏ស័ក្តិសម​បំផុតក្នុងការ​ប្រមូល​ផ្ដុំមតិ​យោបល់ ក៏ដូចជា​ការ​ស្វែងរក​កិច្ច​សហការ​ថ្មីៗរវាង​រដ្ឋ និងវិស័យឯកជន ។​

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ជូននូវទស្សនាទានគន្លឹះចំនួន​៣ ដើម្បីទាក់ទាញទេសចរក្នុងរដូវ​កាលបៃតងនេះ ដោយក្នុងនោះរួមមាន ១) ការ​ពង្រឹងភាពជាដៃគូរវាង​រដ្ឋ និងឯកជន ដោយត្រូវ​បន្ត​កិច្ច​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម និង​បន្តបង្កើតបរិយាកាស​ធុរកិច្ច​ឱ្យ​កាន់តែងាយស្រួលនៅក្នុង​ខេត្តព្រះសីហនុ , ទី២) ពង្រឹង​គុណភាពសេវាកម្ម និងពង្រីក​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែម ដើម្បីត្រៀមខ្លួន​ទទួល​យកលំហូរទេសចរ​ ​និងវិនិយោគិន​អន្តរជាតិ , ទី៣) ជំរុញការ​ផ្សព្វផ្សាយ​ពីភាពទាក់ទាញ និងកម្ពុជា​សុវត្ថិភាព ព្រមទាំង​សក្ដានុពលពិត​ប្រាកដ​របស់ខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ជាពិសេស ទីផ្សារ​ប្រទេស​ចិន ។​

ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ស្រ​បតាមផែនការ​មេ​អភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជា​តំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណង និង​ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា​ទៅជា​របៀង​សេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋ​បាលខេត្ត​ព្រះសីហនុ បាន​ និងកំពុងយកចិត្តទុកដាក់​ក្នុងកិច្ចអភិវឌ្ឍន៍ និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាពិសេស ខិតខំ​ជំរុញធ្វើឱ្យប្រសើរ​ឡើងនូវ​សេវាកម្ម​ក្នុងវិស័យទេសចរណ៍ ដូចជា ការ​ធ្វើដំណើរ​ ការ​ស្នាក់នៅ ម្ហូបអាហារ និងសេវាកម្សាន្ត​ផ្សេងៗ រួម​ទាំង​សកម្មភាពវប្បធម៌ ស្នាមញញឹម រួសរាយ​រាក់ទាក់ ដែលជា​ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងការធ្វើបដិសណ្ឋារកិច្ច ។

ឯកឧត្តម​បានបន្តថា រដ្ឋបាល​ខេត្តព្រះសីហនុ បានខិតខំជំរុញ​ឱ្យ​មានកិច្ចអភិវឌ្ឍន៍តំបន់​រមណីយដ្ឋាន​ទេសចរណ៍ សកម្មភាពទេសចរណ៍ សកម្មភាពកម្សាន្ត​លើ​ឆ្នេរ​ខ្សាច់​ ការមើលផ្កាថ្ម និងជីវចម្រុះបាតសមុទ្រ ស្ទូច​ត្រី ការ​កម្សាន្ត​តាមបណ្ដាកោះនានា ការជិះទូកកាយ៉ាក ការជិះទូកកម្សាន្ត​តាមដងព្រែក សហគមន៍​ទេសចរណ៍ កសិ-ទេសចរណ៍ រៀបចំមជ្ឈមណ្ឌល​ព័ត៌មានទេសចរណ៍ ហាងលក់​វត្ថុអនុស្សាវរីយ៍ វិថីម្ហូបអាហារ និងរៀបចំឱ្យ​មាន​ព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ ក្នុងគោលបំណង​ប្រែក្លាយខេត្តព្រះសីហនុ​ទៅជាគោលដៅធុរកិច្ច និងសម្រាក​លំហែ​ដ៏ទាក់ទាញទាំងក្នុង​តំបន់ និងពិភពលោក សំដៅ​ចូលរួមអភិវឌ្ឍវិស័យ​ទេសចរណ៍​ក្នុង​ខេត្តព្រះសីហនុឱ្យ​កាន់តែ​មានកា​ររីកចម្រើនជា​បន្តបន្ទាប់តាមរយៈការធ្វើពិពិកម្មផលិតផល​ទេសចរណ៍ ការ​បន្ត​ពង្រឹងគុណភាពផលិតផល​ សេវាកម្មទេសចរណ៍ និងការអនុវត្ត​ច្បាប់របស់គ្រប់ភាគីពាក់ព័ន្ធ ។

ឯកឧត្តម​បញ្ជាក់ថា​ តាមរយៈវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ សង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់​ក្នុងវិស័យទេសចរណ៍​នឹង​បន្ត​ជួយ​ជំរុញ​ការផ្សព្វផ្សាយ និងស្វែងយល់ពីឱកាស​វិនិយោគលើវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ព្រមទាំង​រួមគ្នា​កសាង​បណ្ដាញ​ទំនាក់ទំនង​ទេសចរណ៍រវាង​កម្ពុជា ​និង​ចិន​ ហើយរដ្ឋបាល​ខេត្ត​នឹង​បន្តធ្វើការ​យ៉ាងជិត​ស្និទ្ធជាមួយក្រសួងទេសចរណ៍ ការិយាល័យកុងស៊ុលចិន បណ្ដាខេត្ត​-ក្រុង​សម្ព័ន្ធមេត្រីភាព​ និងភ្នាក់ងារ​ទេសចរណ៍នានាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុង​ខេត្ត​ ព្រមទាំង​ធានា​ឱ្យបាននូវ​សន្តិសុខ សុវត្ថិភាព​ សុខុមាលភាព​ និងបដិសណ្ឋារកិច្ចល្អ នៅគ្រប់​គោលដៅកម្សាន្ត​ទាំងលើ​ដីគោក និងនៅលើផ្ទៃទឹក តាមរយៈយន្តការ​បង្ការ និងឆ្លើយតប​បន្ទាន់ ដើម្បីផ្ដល់ជូនភ្ញៀវទេសចរនូវភាពកក់​ក្ដៅ សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា