ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ពិព័រណ៍អាជីពការងារក្នុងវិស័យច្បាប់ ឆ្នាំ២០២៦” ដោយមានការចូលរួមពីស្ថាបនិក The Blueprint តំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន វាគ្មិន ភ្ញៀវកិត្តិយស ព្រមទាំងសិស្ស-និស្សិត និងយុវជនប្រមាណ ៣០០នាក់។ ពិព័រណ៍នេះមានគោលបំណងចែករំលែកពុទ្ធិចំណេះដឹង និងបទពិសោធ ព្រមទាំងផ្សារភ្ជាប់និស្សិត និងយុវជនជាមួយអ្នកជំនាញផ្នែកច្បាប់ និងនិយោជក ដើម្បីជួយតម្រង់ទិសអាជីពឱ្យស្របតាមចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ។

លោកជំទាវបានបញ្ជាក់ថា ពិព័រណ៍នេះបានផ្ដល់ឱកាសដល់យុវជនឱ្យឈ្វេងយល់ពីជម្រើសអាជីពក្នុងវិស័យច្បាប់ ឱកាសអាហារូបករណ៍ និងតម្រូវការជំនាញរបស់និយោជក តាមរយៈការចែករំលែកចំណេះដឹង បទពិសោធ និងការពិភាក្សាជាមួយអ្នកជំនាញ។ ទន្ទឹមនេះ ការរីកចម្រើននៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម ទាមទារឱ្យយុវជនបន្តរៀនសូត្រ ពង្រឹងជំនាញវិជ្ជាជីវៈ ជំនាញទន់ និងភាសាបរទេស ព្រមទាំងប្រកាន់ខ្ជាប់ក្រមសីលធម៌ ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងការពារទិន្នន័យសម្ងាត់។

លោកជំទាវបានលើកឡើងថា ចំណេះដឹងផ្នែកច្បាប់អាចបើកឱកាសការងារជាច្រើននៅក្នុងស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការនានា។ ដើម្បីឱ្យជំនាញរបស់យុវជនឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ត្រូវពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានអប់រំ និស្សិត និយោជក និងដៃគូពាក់ព័ន្ធ ក្នុងការផ្ដល់ព័ត៌មានអាជីព កែលម្អការបណ្ដុះបណ្ដាល និងបង្កើតឱកាសកម្មសិក្សា និងការងារជាក់ស្ដែង។ ទិសដៅនេះស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួង ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បន្តផ្ដល់ព័ត៌មានអំពីមុខរបរ ឱកាសការងារ សេវាប្រឹក្សាអាជីព និងការផ្គូផ្គងការងារ ព្រមទាំងសហការរៀបចំពិព័រណ៍ និងវេទិកាការងារនានា។ លោកជំទាវបានណែនាំឱ្យយុវជនរៀបចំផែនការអាជីព ពង្រឹងសមត្ថភាព និងស្វែងរកបទពិសោធជាក់ស្ដែង ខណៈនិយោជក និងអ្នកជំនាញគួរបន្តចែករំលែកចំណេះដឹង ផ្ដល់ការណែនាំ និងបង្កើតឱកាសសម្រាប់យុវជនអភិវឌ្ឍជំនាញ និងត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារ។

ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនមានជំនឿលើខ្លួនឯង ហ៊ានចាប់ផ្ដើមអាជីព បន្តរៀនសូត្រ និងមិនបាក់ទឹកចិត្តចំពោះឧបសគ្គ ព្រមទាំងប្រើប្រាស់ចំណេះដឹងដោយសុចរិតភាព និងការទទួលខុសត្រូវ ដើម្បីលើកកម្ពស់ការគោរពច្បាប់ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ The Blueprint និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនឹងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់យុវជន ក្នុងការអភិវឌ្ឍសមត្ថភាព និងសម្រេចបាននូវអាជីពដែលខ្លួនប្រាថ្នា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា