ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ឯកឧត្តមបានថ្លែងថា ៖ «ក្នុងវិស័យកសិកម្ម និងស្បៀង កម្ពុជាអាចប្រឈមនឹងបញ្ហាប្រឈមជាច្រើន រួមមានគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ផលិតកម្ម និងការផ្គត់ផ្គង់ ព្រមទាំងការប្រែប្រួលនៃទីផ្សារសកល។ ដូច្នេះ ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រសួងបានប្រកាន់យកអភិក្រមសំខាន់ៗចំនួន ៣ រួមមាន ៖ អភិក្រមបុរេសកម្ម អភិក្រមប្រតិកម្មរហ័ស និងការគិតគូរជួយស្តារផលិតកម្មសម្រាប់រដូវបន្ត»។


ចំពោះអភិក្រមបុរេសកម្ម ក្រសួងបានផ្តោតលើការពង្រីកទីផ្សារជូនកសិករជាមុន តាមរយៈការតភ្ជាប់ទីផ្សារ ការរៀបចំកិច្ចសន្យាផលិតកម្ម និងការផ្តល់បច្ចេកវិទ្យា ដើម្បីជួយឱ្យកសិករអាចផលិតបានល្អ និងឆ្លើយតបនឹងតម្រូវការទីផ្សារ។ ដោយឡែក សម្រាប់អភិក្រមប្រតិកម្មរហ័ស ត្រូវបានអនុវត្តតាមរយៈកិច្ចអន្តរាគមន៍ភ្លាមៗនៅពេលមានបញ្ហាទីផ្សារ ឬគ្រោះធម្មជាតិ ទៅតាមលទ្ធភាពជាក់ស្តែង។ វិធានការទាំងនេះរួមមាន ការជួយបូមទឹក ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងមានសុវត្ថិភាព និងការផ្តល់ស្បៀង ព្រមទាំងពូជដំណាំសម្រាប់ការផលិតឡើងវិញ។


ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងករណីបញ្ហាមានទំហំធំលើសពីលទ្ធភាពដោះស្រាយភ្លាមៗ ដូចជា ផលប៉ះពាល់ពីទីផ្សារសកល ឬការប្រែប្រួលអាកាសធាតុ ក្រសួងនឹងបន្តគិតគូរអន្តរាគមន៍ និងគាំទ្រកសិករសម្រាប់រដូវផលិតកម្មបន្ទាប់ ដើម្បីធានាថា កសិករនៅតែមានលទ្ធភាពបន្តប្រកបរបរកសិកម្ម។


សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) រៀបចំឡើងរយៈពេល ៣ថ្ងៃ (២៣-២៥ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាពង្រីកទីផ្សារកសិផល បង្កើនទំហំពាណិជ្ជកម្ម ព្រមទាំងបង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃនៅកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា