រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់ បាន​ណែនាំឱ្យស្ថាបត្យករ​ និងវិស្វករ ត្រូវគិតគូរពីការ​គូសប្លង់ និងសាងសង់​សំណង់ ជាពិសេស​ផ្ទះពលរដ្ឋ​រស់នៅឱ្យស្របទៅនឹង​បរិយាកាស​ និង​ទំនៀម​ទម្លាប់ប្រពៃណីតាមតំបន់។​

ថ្លែង​នៅក្នុង​ពិធីបើក​មហោស្រពស្ថាបត្យកម្ម​កម្ពុជា​ នៅព្រឹកថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ​សាយ សំអាល់​ បាន​មានប្រ​សាសន៍ថា ការ​សាងសង់​ផ្ទះ​​ ឬសំណង់​នៅតាម​តំបន់នីមួយៗ មិន​សំដៅតែលើការគូស​ប្លង់​ និង​សាងសង់​បានស្អាត​នោះទេ​ ប៉ុន្តែត្រូវគិតគូរ​​ពីទំនៀម​ទម្លាប់​ប្រពៃណីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង​តំបន់​នោះ ដ្បិតថា សំណង់​ស្ថាបត្យកម្មនៅតាមប្រទេស​នីមួយៗមានភាពខុសៗគ្នា ហើយសូម្បីតែក្នុងប្រទេសតែមួយ​ ក៏សំណង់​ស្ថាបត្យកម្ម​មានភាពខុសៗគ្នាទៅតាម​តំបន់​ផងដែរ ។

ឯកឧត្តម​បានលើកជា​ឧទាហរណ៍ថា ៖ «នៅតំបន់​ខ្លះ​ពួកគាត់និយម​ងើបពីព្រឹក​ដើម្បី​បំពេញការងារ​ស្រែចម្ការ ហើយសម្រាកនៅពេល​ថ្ងៃក្ដៅ និងចាប់ផ្ដើម​បញ្ច​ប់កិច្ចការ​ងាររបស់ពួកគាត់វិញនៅពេល​រសៀល​ទន់ទាប​ ហើយក៏បាន​ចូល​ផ្ទះ​វិញនៅពេលល្ងាច ។​ ដូច្នេះការសាងសង់​ផ្ទះ​ ឬការរៀបចំ​ផ្ទះសម្បែងរបស់ពួកគាត់​ក៏ត្រូវ​តែ​ឱ្យស្របនឹង​បរិយាកា​​សដែលពួកគា​ត់រ​ស់​នៅដែរ​ ។ ផ្ទះត្រូវតែជា​ក​ន្លែង​​ដ៏កក់​ក្ដៅ​ រស់នៅសុខ​ស្រួល នោះទើបធ្វើឱ្យពលរដ្ឋ​សប្បាយរីករាយ និងមានសុខភាពល្អ ហើយនៅពេលណា​ពលរដ្ឋ​មានសុខភាពល្អហើ​យនោះ​​ នឹ​ងអាច​បំពេ​ញការងារ​បានល្អ​ និង​បានចូលរួមជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ»។​

ឯកឧត្តម​បានបន្តទៀតថា ការគូសប្លង់ ​និងសាងសង់​សំណង់​លំនៅឋាន ក៏ដូចជា​សំណង់​នានា​នៅតាមតំបន់ផ្សេងៗទៀត​ក៏ត្រូវ​មានការ​គិតគូរដែរ ជាក់ស្ដែង ​ដូចជា​សំណង់​ដែលត្រូ​វសង់​នៅ​តាម​ដងទន្លេ ត្រូវ​គូស​ប្លង់​យ៉ាងណា​ ដើម្បីទាញយក​ខ្យល់​ទន្លេ​ចូលក្នុងផ្ទះ ​ឬក្នុងអគារ​បាន។

ឯកឧត្តមបានបញ្ជាក់ថា ៖ « ការ​គិតគូរ​ពីស្ថាបត្យកម្ម​នៅតាម​តំបន់នីមួយៗ ជាពិសេស​ នៅតាមតំបន់​ជនបទ​ ឬតំបន់​ទីប្រជុំ​ជន​ គឺជាការគិតគូរពីមូលដ្ឋាន​សេដ្ឋកិច្ច​មួយផងដែរ ។ បើសិនជាការរៀបចំ​សំណង់បា​នត្រឹ​មត្រូវ សំណង់​ ឬផ្ទះ​ ដែលគួរឱ្យចង់រស់នៅ​នឹង​ធ្វើឱ្យពលរដ្ឋ​សប្បាយ​រីករាយ​ជាមួយនឹង​បរិយាកាស​ក្នុង​មូលដ្ឋាន​របស់ពួកគាត់​ » ​។​

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមក៏បាន​ណែនាំផងដែរ​ ដល់​ស្ថាបត្យករ​ និង​វិស្វករ ដែលគូស​ និងសាងសង់ផ្ទះ ត្រូវគិតគូរពីអ្នកដែលមានឪពុកម្ដាយ​ចាស់ៗ ខណៈបច្ចុប្បន្ន​នេះ ផ្ទះភាគ​ច្រើនដែលបានសាងសង់នៅរាជធានីភ្នំពេញ មិនមានបន្ទប់​សម្រាប់​មនុស្ស​ចាស់ៗនោះទេ ។​ ពាក់ព័ន្ធនឹងបញ្ហា​នេះ ឯកឧត្តម ​ចង់សំដៅលើ​ការ​សាងសង់​ផ្ទះដោយមិនមាន​បន្ទប់​នៅជាន់​ក្រោម​សម្រាប់មនុស្ស​ចាស់​ ព្រោះថា ​មនុស្ស​ចាស់ៗ មិនអាច​ឡើងចុះជណ្ដើរ​បានស្រួលដូច​មនុស្ស​ពេញកម្លាំងទេ ដូច្នេះការរៀបចំបន្ទប់​នៅចាន់ក្រោមផ្ទាល់ដី​មួយសម្រាប់មនុស្ស​ចាស់គឺជាការ​ដែលគួរ​គិតគូរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់​ថា ផ្ទះ​មិនមែន​ត្រឹមតែជា​លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែវាជាទីកន្លែង​ដែល​កសាងជីវិត​នៅទីនោះ​សម្រាប់ប្រជាជន​គ្រប់​រូប ដូច្នេះហើយ​ត្រូវរៀបចំធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​គ្រប់រូប​មានផ្ទះរស់នៅសមរ​ម្យ​ មានការ​ងារធ្វើ​ មានប្រាក់ចំណូលសម្រាប់សន្សំទុក មានម្ហូបអាហារ​លើតុ អាចមានលទ្ធភាពឱ្យកូនៗទៅរៀន និងមាន​ឱកាស​សម្រាប់លំហែ​ផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា