រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។

Advertisement

​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​អនុ​ប្រធាន​ទី​១​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​ក.​អ.​ក.​) ​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ចុះ​ទស្សនកិច្ច​ផ្ទាល់​នៅ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ ​Kampot​ ​Cement​ ​កាលពី​ថ្ងៃទី​២៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​បន្ទាយមាស​ និង​ស្រុក​ដង​ទង់ ​ខេត្ត​កំពត​។

​ដំណើរទស្សនកិច្ច​នេះ​មាន​គោលបំណង​ពិនិត្យ​ផ្ទាល់​អំពី​ប្រតិបត្តិការ​របស់​រោងចក្រ ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សង្វាក់​ផលិតកម្ម​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ស៊ីម៉ងត៍​ឱ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ ​ព្រមទាំង​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ កម្មករ​ និយោជិត​ ​និង​តំណាង​ចែកចាយ​ធំ​ៗ​របស់​ក្រុមហ៊ុន​។​

ក​.​អ.​ក​. ​បាន​ឱ្យដឹង​ថា​ ​សកម្មភាព​នេះ​ជា​សក្ខីកម្ម​នៃ​ការ​អនុវត្ត​សេវា​ថែទាំ​វិនិយោគ ​(​Investment​ ​Aftercare​ ​Service​) ​របស់​រាជ​រដ្ឋាភិបាល​ តាមរយៈ​ការ​យកចិត្តទុកដាក់​ និង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ជិតស្និទ្ធ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់​។​

ក​.​អ.​ក​. ​បាន​ឱ្យដឹង​ទៀត​ថា​ ​ការ​ថែទាំ​វិនិយោគិន​ចាស់​មាន​គោលដៅ​ធានា​ឱ្យ​ប្រតិបត្តិការ​អាជីវកម្ម​អាច​បន្ត​រីកចម្រើន​ប្រកបដោយ​ចីរភាព​ ​និង​ជំរុញ​ឱ្យ​វិនិយោគិន​ពង្រីក​ទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ​ខណៈ​ការ​ទាក់ទាញ​វិនិយោគិន​ថ្មី​ក៏​នៅតែ​ជា​អាទិភាព​សំខាន់​មួយ​របស់​រាជ​រដ្ឋាភិបាល​។​

ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ និង​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​លើ​ការ​កាត់បន្ថយ​កាបូន​ ​និង​ការ​ការពារ​បរិស្ថាន ​ជាពិសេស​តាមរយៈ​ការ​អនុវត្ត​បច្ចេកទេស​អាជីវកម្ម​រ៉ែ​បៃតង​ (​Green​ ​Mining​)​។​

ក្រុមហ៊ុន​បាន​អនុវត្ត​បច្ចេកទេស​ ​Semi​-​Open​ ​Cut​ ​Mining​ ​ដោយ​រក្សា​កំពែង​ធម្មជាតិ​ ​និង​ព្រៃឈើ​ជុំវិញ​ភ្នំ​ ​ដើម្បី​កាត់បន្ថយ​ធូលី ​សំឡេង​ ​និង​រំញ័រ​ ព្រមទាំង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ​និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សហគមន៍​ជុំវិញ​។ ​ក្រុមហ៊ុន​ក៏​បាន​រៀបចំ​ការ​ស្តារ​គម្រប​បៃតង​ឡើងវិញ​តាមរយៈ​ការ​ដាំ​ដើមឈើ​ ​និង​រៀបចំ​ផ្ទៃដី​ឡើងវិញ​ភ្លាម​ៗ​ ​បន្ទាប់ពី​ការ​កាយ​យក​ថ្ម​។

​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួមចំណែក​របស់​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​ ​និង​ការ​ផ្ទេរ​ចំណេះដឹង​ ​ព្រមទាំង​បច្ចេកទេស​ទំនើប​ដល់​បុគ្គលិក​ កម្មករ​ និង​និយោជិត​ក្នុង​ស្រុក​ ស្រប​តាម​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ឧស្សាហកម្ម​សម័យ​ថ្មី​។​

ក្នុង​ដំណើរទស្សនកិច្ច​នេះ​ ​ថ្នាក់ដឹកនាំ​ ក​.​អ.ក​. ​និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ក៏​បាន​រួមគ្នា​ដាំ​កូន​ឈើ​ជា​និម្មិត​រូប​នៅ​មជ្ឈមណ្ឌល​សិក្សា​ជីវ​ចម្រុះ​ និង​នៅលើ​កំពូល​ភ្នំ​ទទុង ​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​រវាង​រដ្ឋ​ ​និង​វិស័យ​ឯកជន​ ក្នុង​ការ​ស្តារ​គម្រប​បៃតង​ និង​លើកកម្ពស់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ចំពោះ​បរិស្ថាន​ ​និង​សង្គម​។

​ក្រុមហ៊ុន​ ​Kampot​ ​Cement​ ​Co​.​,​ ​Ltd​. ​បាន​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​តាំងពី​ឆ្នាំ​ ​២០០៦​ ​និង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ​ ​២​ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ ​រោងចក្រ​នេះ​បាន​ ​និង​កំពុង​ចូលរួមចំណែក​ផ្គត់ផ្គង់​តម្រូវការ​ស៊ីម៉ងត៍​សម្រាប់​ទីផ្សារ​សំណង់​ក្នុង​ស្រុក​ ​កាត់បន្ថយ​ការ​នាំចូល​ពី​បរទេស​ ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា