ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ភ្នំពេញ ៖ ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ និងទទួលបានចំណូល ក៏ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការដឹកជញ្ជូន។​ ដូច្នេះហើយ រាជរដ្ឋាភិបាល​បានជំរុញឱ្យមានការវិនិយោគ និងបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មីៗ ជាពិសេស​នៅតាមបណ្ដាខេត្ត​ដែល​មានសក្ដានុពល​។​

Advertisement

មន្ត្រីជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តមបណ្ឌិត​សភាចារ្យ ​ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានលើកឡើងថា ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​នៅតាមបណ្ដា​ខេត្ត​សក្ដានុពល​ ក៏ដូចជា​រាជធានីភ្នំពេញ បាន​ទាក់ទាញគម្រោង​វិនិយោទាំង​ក្នុង និងក្រៅប្រទេស​ ជាក់ស្ដែង​ក្នុងឆ្នាំ២០២៥​កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​អនុម័ត​គម្រោងវិនិយោគប្រមាណ ៦៣០គម្រោង​ ដែលជាគម្រោង​វិនិយោគដ៏ច្រើនមិនធ្លាប់​មាន​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា ។

ដោយឡែក​ អ្នកជំនាញនៃវិស័យអចលនទ្រព្យ​ជាច្រើនក៏បានមើលឃើញថា ការ​វិនិយោគលើតំបន់សេដ្ឋកិច្ច និងការ​វិនិយោគលើ​រោងចក្រ​ឧស្សាហកម្មទាំង​ក្រៅ និងក្នុង​តំបន់​សេដ្ឋកិច្ច​ បានធ្វើឱ្យតម្រូវការ​ដី​ធ្លីសម្រាប់ប្រើប្រាស់​បម្រើដល់វិស័យនេះមាន​ដំណើរ​ការ ហើយតាមរយៈការ​វិនិយោគទាំងអស់នេះដែរ ក៏បានធ្វើចរន្ត​នៃការទិញ-លក់ដីធ្លី​ដែលធ្លាប់តែស្ងប់ស្ងាត់នោះ ប្រែជាមានសកម្មភាពឡើងវិញ។

បន្ថែមពីនេះ ការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​នេះដែរ ក៏បាន​ផ្ដល់ឱកាស​ការងារដោយផ្ទាល់ជាច្រើន​ដល់ប្រជាពលរដ្ឋ​ទាំងក្នុងតំបន់ និងតាមបណ្ដា​ខេត្ត​មួយចំនួន។ ក្រៅពីនេះ ក៏បានផ្ដល់​អត្ថ​ប្រយោជន៍ជាច្រើនទៀត​ដោយ​ប្រយោល​ដល់ពលរដ្ឋ​ក្នុង​តំបន់​ដែលពាក់ព័ន្ធ តាមរយៈការបង្កើតអាជីវកម្ម​លក់ដូរ ចំណីអាហារ​ ការសង់បន្ទប់ជួល​ស្នាក់នៅរបស់កម្មករ​ និយោជិត ដែលធ្វើការនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​នោះជាដើម។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ Advance បានប្រាប់បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ និងការ​បង្កើត​សួន​ឧស្សាហកម្ម​ ពិតជាបានផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន ដែលទទួលបានផលទាំងអ្នកវិនិយោគ ប្រជាពលរដ្ឋ និងចំណូលរដ្ឋ តាមរយៈការបង់ពន្ធជាដើម។

លោក​បន្តថា បច្ចុប្បន្ន​នេះ ការ​វិនិយោគនៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស បានទាក់ទាញ​វិនិយោគិនទាំងក្នុង និងក្រៅប្រទេស​​ ពីព្រោះការ​វិនិយោគក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឬសួន​ឧស្សាហកម្ម បានផ្ដល់​ភាព​ងាយស្រួលដល់​វិនិយោគិន ហើយការ​វិនិយោគក្នុងនេះ ក៏​ទទួលបានការលើកទឹកចិត្តពិសេស និងសម្រួលលក្ខខណ្ឌមួយចំនួនពីរាជរដ្ឋាភិបាលផងដែរ ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្ត​ន៍ បានឱ្យដឹងថា គិតត្រឹម​ឆ្នាំ២០២៥​​ នៅទូទាំងប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរ​ការ​សរុប ​៣៤​តំបន់ ស្ថិតនៅក្នុង​ ១១រាជធានី-ខេត្ត ដែលមានកំណើន​ ៤តំបន់ ធៀបនឹងឆ្នាំ២០២៤ ។

ក្នុង​ចំណោម​រាជធានី/ខេត្តទាំង​១១ ដែល​មានតំបន់សេដ្ឋកិច្ចពិសេស​ដំណើរការ ឃើញថា ​ខេត្ត​ស្វាយរៀង​មានតំបន់​សេដ្ឋកិច្ច​ដែលមានរោងចក្រ​ដំណើរការ​ច្រើន​ជាង​គេរហូតដល់១២​តំបន់​ បន្ទាប់មកគឺខេត្តព្រះសីហនុ មានចំនួន​៦​តំបន់ ខេត្ត​កណ្ដាល ៣តំបន់ ខេត្តកោះកុង ៣តំបន់ ខេត្ត​បន្ទាយ ​៣តំបន់ កំពង់​ស្ពឺ ២តំបន់ ។ ដោយឡែក​ខេត្ត​ចំនួន​៥ផ្សេង​ទៀត រួមមានខេត្ត​កំពង់ចាម កំពត ក្រចេះ ពោធិ៍សាត់ និ​ងរាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចចំនួន​១​តំបន់​ដូចគ្នា។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាបានចេញអនុក្រឹត្យស្ដីពីការ​បង្កើត​ និងគ្រប់គ្រង​តំបន់​សេដ្ឋកិច្ចពិសេស​លើ​កដំបូង​នៅឆ្នាំ២០០៥ ​ហើយការ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេសនេះ​ក្នុងគោលបំណង​បង្កើន​នូវ​បរិយាកាស​វិនិយោគ ធ្វើឱ្យកាន់តែប្រសើរ​នូវ​ផលិតភាពក្នុងការផលិតទំនិញ​ ភាពប្រកួតប្រជែង​ បង្កើនកំណើន​សេដ្ឋកិច្ច​ជាតិ ជំរុញ​ការ​នាំចេញ​ ជាពិសេស ដោះស្រាយ​ការងារ​ជូន​ប្រជាជន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា