ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល។

ការដាក់ឱ្យអនុវត្តនេះ ចាប់ផ្តើមពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តជូនវិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសាធារណជន។

កន្លងមក ការទូទាត់សេវាសាធារណៈដែលមានចែងក្នុងប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរបស់ ក.អ.ក. ត្រូវបានអនុវត្តតាមពីរទម្រង់។ ទីមួយ គឺការប្រើប្រាស់វិក្កយបត្រឌីជីថលសម្រាប់ការដាក់ពាក្យចុះបញ្ជីវិនិយោគតាមប្រព័ន្ធ cdcIPM។ ទីពីរ គឺការប្រើប្រាស់បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់បែបប្រពៃណី បន្ទាប់ពីអ្នកប្រើប្រាស់សេវាបង់កម្រៃសេវាសាធារណៈដោយផ្ទាល់ទៅកាន់រជ្ជទេយ្យករចំណូល។

តាមយន្តការថ្មី ក.អ.ក. នឹងពង្រីកការប្រើប្រាស់វិក្កយបត្រឌីជីថលឱ្យគ្របដណ្តប់លើគ្រប់សេវាសាធារណៈរបស់ខ្លួន។ វិក្កយបត្រនេះត្រូវបានបញ្ចូលជាទម្រង់តែមួយ និងភ្ជាប់ជាមួយ QR Code ដែលចេញពីដែនជាតិ cdc.gov.kh។

វិក្កយបត្រឌីជីថលនេះ អាចប្រើជាវិក្កយបត្របញ្ជាបង់ប្រាក់ក្នុងករណីដែលការទូទាត់មិនទាន់ត្រូវបានបញ្ចប់។ បន្ទាប់ពីការទូទាត់រួច វានឹងដើរតួជាបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ និងជាសក្ខីប័ត្រសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការទូទាត់។

តាមប្រព័ន្ធថ្មី អ្នកប្រើប្រាស់សេវាក៏អាចចូលទៅកាន់ជម្រើសទូទាត់ឌីជីថលទៅកាន់រជ្ជទេយ្យករចំណូលរបស់ ក.អ.ក. ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈ បាគង, KHQR, កម្មវិធីធនាគារចល័ត, Visa ឬ Mastercard។

លើសពីនេះ វិក្កយបត្រឌីជីថលនឹងភ្ជាប់ជាមួយ ផ្ទាំងតាមដានស្ថានភាពនៃការផ្តល់សេវាសាធារណៈ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់តាមដានដំណើរការសេវារបស់ខ្លួនបានកាន់តែងាយស្រួល។

ការផ្លាស់ប្តូរនេះធ្វើឱ្យការទូទាត់សេវាសាធារណៈរបស់ ក.អ.ក. មានទម្រង់ឌីជីថលកាន់តែទូលំទូលាយ ដោយរួមបញ្ចូលទាំងការបញ្ជាបង់ប្រាក់ ការបញ្ជាក់ការទូទាត់ និងការតាមដានស្ថានភាពសេវា នៅក្នុងយន្តការតែមួយ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា