វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​

វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​

ភ្នំពេញ ៖ កម្ពុជា​បានរៀបចំ​វេទិការ​វេចខ្ចប់ និងពិព័រណ៍​បច្ចេកវិទ្យា​អាហារ​ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​សន្និបាត​ និងពិព័រណ៍​កោះពេជ្រ​ ចាប់ពីថ្ងៃទី ២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦ ។ វេទិកា និងពិព័រណ៍​មួយនេះ នឹងជួយ​ឱ្យផលិតផល​របស់សហគ្រិន​កម្ពុជា កាន់តែមានភាពទាក់ទាញ សោភណ្ឌភាព និង​ស្តង់ដារ សម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយផលិតផលបរទេស។​

នៅក្នុងឱកាស​បើ​ក​វេទិកាវេចខ្ចប់ និងពិព័រណ៍​បច្ចេកវិទ្យា​អាហារកម្ពុជា កាលពីព្រឹកថ្ងៃទី​២៨​ កញ្ញា ២០២៦ ឯកឧត្តម​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា​ ការ​ពង្រឹង​សមត្ថភាពផ្នែក​វេចខ្ចប់នាពេលនេះ គឺស្របពេលដែល​ឧស្សាហកម្ម​កែច្នៃអាហារ និងផលិតកម្ម​ក្នុងស្រុក​កំពុង​មានភាពរីកចម្រើន​ និងមានការគាំទ្រពីប្រជាពលរដ្ឋ​កម្ពុជា ។​

ឯកឧត្តម បន្តថា​៖ « ការ​វេចខ្ចប់ គឺជា​តំណភ្ជាប់បន្ទាប់ពីខ្សែច្រវាក់ផលិតកម្ម ហើយការ​អភិវឌ្ឍវិស័យនេះ ពិតជាមានសារ​សំខាន់​ណាស់ ដែលមិនត្រឹមតែសម្រាប់ការ​កែលម្អផលិតផល​នីមួយ​ៗប៉ុណ្ណោះទេ តែថែមទាំង​សម្រាប់ពង្រឹង​ខ្សែច្រវាក់​ផ្គត់ផ្គង់ក្នុងស្រុក​ និងបង្កើន​តម្លៃបន្ថែម​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ។ ប្រព័ន្ធអេកូឡូស៊ីវេចខ្ចប់ ដែលមានភាពប្រកួតប្រជែង ត្រូវការអ្នក​ផ្គត់ផ្គង់​ក្នងុស្រុកកាន់តែរឹងមាំ សេវា​បច្ចេកទេស សមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត ព្រមទាំងទំនាក់ទំនង​កាន់តែជិត​ស្និទ្ធរវាង​អ្នក​ផលិត​សំបកវេចខ្ចប់ និងឧស្សាហកម្ម​ដែលប្រើប្រាស់សំបក​វេចខ្ចប់ »។​

លោក​ Gerard Leeuwnburgh អគ្គនាយកប្រចាំប្រទេស​ម៉ាឡេស៊ី​ និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា ពិព័រណ៍​បច្ចេកវិទ្យា​អាហារកម្ពុជា​២០២៦ និងវេទិកា​វេចខ្ចប់​នេះ នឹង​ក្លាយជាវេទិកា​ដ៏សំខាន់មួយសម្រាប់​គំនិត​អាជីវកម្ម​ធំៗ ដំណោះស្រាយ​ឆ្លាតវៃ  និងកិច្ចសហការ​ជា​សកល ។

លោក​និយាយថា ៖« ​យើង​សូមលើក​ទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់​បង្កើតទំនាក់ទំង ​និង​ទទួលការ​បំផុសគំនិត ខណៈដែល​ពួកយើង​រួមគ្នា​កសាង​ឧស្សាហកម្ម​ផលិត និងកែច្នៃអាហារ​ដែលកាន់តែ​មានចីរភាព នវានុវត្តន៍​និង​ប្រាក់​ចំណេញ » ។

លោក​ អូន ម៉េងហ៊ាង ក្រុមការងារ​រៀបចំ​ពិព័រណ៍ មកពីអគ្គ​នាយកដ្ឋានសហគ្រាស​ធុន​តូច និងមធ្យម​ និង​សិប្បកម្ម​ នៃក្រសួង​ឧស្សាហកម្ម​ វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុន​របស់​អគ្គនាយកដ្ឋាន​ សហគ្រាស​ធុនតូច និងមធ្យម​ និង​សិប្បកម្ម រង់ចាំផ្ដល់ដំណោះស្រាយ​សម្រាប់ម្ចាស់សហគ្រាស​ទាំង​ឡាយ ដែលត្រូវ​ការ​ឱ្យ​ក្រុមការងារ​ផ្ដល់យោបល់​​ទៅលើរចនាសំបក​វេចខ្ចប់ផលិតផល ។​

លោក​បន្តថា នៅក្នុងសហគ្រាស​មួយ​ ទោះបីជា​ម្ចាស់សហគ្រាស​នោះផលិតបាននូវផលិតផលដែលមានគុណភាពល្អប៉ុណ្ណាក៏ដោយ ប៉ុន្តែបើសិនជា​ការ​វេចខ្ចប់​មិនមានអនាម័យ មិនមានភាពទាក់ទាញ ក៏នឹង​មិនធ្វើឱ្យផលិតផល​ទាក់ទាញអតិថិជន​នៅលើទីផ្សារ​បានដែរ ។ ដូច្នេះ ការ​វេចខ្ចប់បានល្អ មាន​អនាម័យ គឺជា​ជោគជ័យ​មួយរបស់​ម្ចាស់​សហគ្រាស​ក្នុងការ​វាយលុកផលិតផលរបស់ខ្លួន​នៅលើ​ទីផ្សារ ហើយ​​​តាមរយៈវេទិកា​ដែលរៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​នៅពេល​នេះ នឹងជួយឱ្យ​សហគ្រិន​អាចពង្រី​កទីផ្សារ​ផលិតផលរបស់ខ្លួន​បានកាន់តែខ្លាំង ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា