កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ប៊ុលហ្គារី​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​ដើម្បី​រំលឹក​ដល់​យោធិន​អាកាសចរណ៍​ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​បំពេញភារកិច្ច​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ ​Novinata ​ប្រទេស​ប៊ុលហ្គារី​បាន​ប្រារព្ធ​ ​«​ទិវា​អាកាសចរណ៍​ ​និង​កងទ័ព​អាកាស​ប៊ុលហ្គារី​» ​ដោយ​ភ្ជាប់​ជាមួយ​ការ​រំលឹក​ខួប ​១១៤​ឆ្នាំ​ ​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​របស់​ប្រទេស​នេះ​។

​ក្នុង​ពិធី​រំលឹក​នេះ​ ​ការ​ដាក់​កម្រង​ផ្កា​ត្រូវ​បាន​រៀបចំឡើង ​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ ​និង​គោរព​ដល់​យោធិន​អាកាសចរណ៍​ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​ការពារ​ដែន​អាកាស​របស់​ប៊ុលហ្គារី ​ព្រមទាំង​ក្នុង​ការ​បំពេញភារកិច្ច​នានា​ក្នុង​គ្រា​សន្តិភាព​។

ពិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ ​និង​យោធិន​នៃ​កងទ័ព​អាកាស​ ​ក្រុម​តន្ត្រី​កងពល​តូច​កិត្តិយស ​និង​កងកិត្តិយស​នៃ​កងពល​តូច​ការពារ​ជាតិ​។ ​តំណាង​មកពី​ស្ថាប័ន​ប្រធានាធិបតី ​គណៈ​រដ្ឋមន្ត្រី​ កង​កម្លាំង​ប្រដាប់អាវុធ ​អង្គ​ទូត​ ​អាជ្ញាធរ​មូលដ្ឋាន ​និង​អតីត​យុទ្ធជន​នៃ​កងទ័ព​អាកាស​ ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ផងដែរ​។

កងទ័ព​អាកាស​ប៊ុលហ្គារី​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កងទ័ព​អាកាស​មួយ​ក្នុង​ចំណោម​កងទ័ព​អាកាស​ដែល​មាន​ប្រវត្តិ​យូរ​ជាង​គេ​នៅ​អឺរ៉ុប​ ​និង​លើ​ពិភពលោក​។ ​បច្ចុប្បន្ន​ ​កងទ័ព​អាកាស​នេះ​មាន​កម្លាំង​សកម្ម​ចំនួន​ ៨​,​៥០០​នាក់​ ​និង​យន្តហោះ​យោធា​សរុប​ ៧៥​គ្រឿង​។

​ក្រៅ​ពី​ភារកិច្ច​ការពារ​ដែន​អាកាស​ កងទ័ព​អាកាស​ប៊ុលហ្គារី​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម ​និង​សមយុទ្ធ​យោធា​ជា​ច្រើន​របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​)​ ​នៅ​ទ្វីប​អឺរ៉ុប​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា