តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ភ្នំពេញ ៖ ខុសពីតំបន់​មួយចំនួននៅ​ជុំវិញរា​ជធានីភ្នំពេញ ដែលមិនសូវ​មានសកម្មភាពនៃការ​អភិវឌ្ឍខ្លាំង​ដូច​មុនក៏ដោយ ប៉ុន្តែសម្រាប់​តំបន់​ភាគខាងត្បូង​ ជា​ពិសេស​​នៅ​ជុំវិញ​​អាកាស​​យានដ្ឋាន​អន្តរជាតិ​តេជោ នៅតែ​មានសកម្មភាព​អភិវឌ្ឍន៍​ ​ហើយ​ថែម​ទាំងមានសកម្មភាព​​មមាញឹកខ្លាំងជាង​ពីមុនទៀតផង ជាពិសេស​លើ​វិស័យលំនៅឋាន ។​

លោកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ភ្នាក់ងារ អចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍​ថា តំបន់​ប៉ែកខាងត្បូង ជាពិសេស​ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ នៅតែបន្ត​មានសកម្មភាពអភិវឌ្ឍន៍ ខណៈដែលសកម្មភាពនៅតំបន់​ផ្សេងហាក់​មានការ​ថមថយក៏ដោយ ។

លោកស្រីបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល​បាន​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​នៅប៉ែក​ខាងត្បូងភ្នំពេញ ហើយតាមរយៈគម្រោងអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទាំងនេះហើយ បានធ្វើឱ្យ​អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ចាប់​ផ្ដើម​សំឡឹងរកទីតាំង​សម្រាប់អភិវឌ្ឍន៍​គម្រោងរបស់ខ្លួន ដូច្នេះហើយទើប​មើលឃើញថា ​បើទោះបីជា​តំបន់​ផ្សេងៗថមថយសកម្មភាព តែសម្រាប់​តំបន់ប៉ែកខាងត្បូងនៅតែបន្ត​មានសកម្មភាពអភិវឌ្ឍន៍ទៅមុខជាលំដាប់ ជាពិសេស​លើលំនៅឋានតម្លៃសមរម្យ ។​

នៅតំបន់​ប៉ែកខាងត្បូង​នេះដែរ ក្រៅពី​គម្រោងអភិវឌ្ឍន៍លំនៅឋាន ​ ក៏ឃើញថាមានការអភិវឌ្ឍ​លើ​ផ្សារទំនើប និង​អគារតាំងបង្ហាញរថយន្ត​ជាច្រើន​ ជាក់ស្ដែង​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ និងផ្លូវ​ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ​ក្រុមហ៊ុនលក់​រថយន្ត​ជាច្រើន​បានបើកទីតាំងរបស់ខ្លួនជា​បន្ត​បន្ទាប់ ។​

លោក​ អឿន ធារ៉ា ស្ថាបនិក និងជានាយក​ប្រតិបត្តិ​ក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានមានប្រសា​សន៍​ថា តាមរយៈសកម្មភាព​នៃការ​អភិវឌ្ឍ​នៅតំបន់​ប៉ែកខាងត្បូង និងនៅតំបន់​ជុំវិញព្រលានយន្តហោះ​អន្តរជាតិតេជោ បានធ្វើឱ្យតម្រូវការ​ដីធ្លី​នៅតំបន់នោះនៅតែមាន​ និងជំរុញឱ្យមាន​សកម្មភាព​ដោះដូរ ទិញ-លក់​ កើត​មានជាហូរហែ និងអាច​ចាត់ទុកថា ជា​តំបន់​ដែលមានការទិញលក់ដីធ្លីច្រើនជាងគេ ។

លោក​បន្តថា ៖ «បើទោះបីជា​តំបន់ប៉ែកខាងត្បូង​មានការទិញលក់​ដីធ្លីច្រើនក៏ដោយ ប៉ុន្តែតម្លៃដីធ្លីនៅតំបន់នេះ មិនទាន់ខ្ពស់​ដូច​នៅតំបន់​កណ្ដាលៗក្រុងទេ ហើយសណ្ឋានដីនៅតំបន់នោះ​ក៏មានទំហំធំៗ ដែល​ងាយ​ស្រួល​សម្រាប់អ្នកវិនិយោគ​ស្វែងរកទីតាំង​អភិវឌ្ឍន៍គម្រោងរបស់ពួកគេ»។​

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ Advance Real Estate បានលើកឡើងថា តំបន់​នៅប៉ែកខាងត្បូង មិនត្រឹមតែជា​តំបន់ដែលមានសក្ដានុពលលើ​ការអភិវឌ្ឍលំនៅឋាននោះទេ ប៉ុន្តែវាក៏មាន​សក្ដានុពល​ក្នុងវិស័យ​ឧស្សាហកម្ម​ផងដែរ ដោយ​មានវិនិយោគិនក្នុងវិស័យ​នេះ​បានស្វែងរកទីតាំងសម្រាប់​សាងសង់​រោងចក្រ សហគ្រាស និងឃ្លាំង​ស្តុកទំនិញជាដើម ។

លោកបន្តថា មិនត្រឹមតែតំបន់ប៉ែកខាងត្បូងទេ ដែលមានសក្ដានុពល​ក្នុងការទាក់ទាញការ​វិនិយោគ​ក្នុងវិស័យឧស្សាហកម្ម នៅតំបន់ប៉ែកខាងលិចក៏មានសក្ដានុពល​ដូចគ្នានឹង​ប៉ែកខាងត្បូង​ដែរ ដោយសារតំបន់ទាំងពីរនេះ ជាទីតាំងដែល​ងាយស្រួល​ក្នុងការដឹកជញ្ជូនទំនិញ​ចូល​រោងចក្រ​ ដើម្បីកែច្នៃ និងដឹកនាំចេញទៅកាន់ទីផ្សារ​វិញ ព្រោះប៉ែកខាងត្បូង និង​ខាងលិច​មានផ្លូវធំៗ សម្រួលដល់ការ​ដឹកជញ្ជូនទៅកាន់​កំពង់ផែ​ និងពីកំពង់ផែមក​កាន់​ទីតាំងផលិតវិញ ៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា