ភាពតានតឹងនៅមជ្ឈិមបូព៌ា បន្តរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងផ្សារហ៊ុនធ្លាក់ចុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាពតានតឹងនៅមជ្ឈិមបូព៌ា បន្តរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងផ្សារហ៊ុនធ្លាក់ចុះ

ភាពតានតឹងនៅមជ្ឈិមបូព៌ា បន្តរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងផ្សារហ៊ុនធ្លាក់ចុះ

បរទេស៖ តម្លៃប្រេងឡើងថ្លៃ និងទីផ្សារភាគហ៊ុនបានធ្លាក់ចុះ ដោយសារការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការរាយការណ៍ពី CNA។

Advertisement

នៅថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៧,៦០ ភាគរយ ឬ ៩០,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៦,៥៥ ភាគរយ ឬ ៩៦,៣០ ដុល្លារក្នុងមួយបារ៉ែល។

មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារហ៊ុនអាម៉េរិក S&P 500 ធ្លាក់ចុះប្រហែល ០,៧ ភាគរយ និងទីផ្សារហ៊ុនអូស្ត្រាលី S&P/ASX 200 ធ្លាក់ចុះ ០,៥ ភាគរយ ប៉ុន្តែទីផ្សារហ៊ុនជប៉ុនកើនឡើង ០,៧ ភាគរយ និង KOSPI របស់កូរ៉េខាងត្បូងកើនឡើង ០,៣ ភាគរយ។ បើធៀបជាមួយនឹងប្រាក់ដុល្លារអាម៉េរិក តម្លៃប្រាក់អឺរ៉ូធ្លាក់ចុះ ០,‌១ ភាគរយ និងប្រាក់យ៉េនជប៉ុនធ្លាក់ចុះប្រហែល ០,៣ ភាគរយ។

ទន្ទឹមនឹងនេះ បទឈប់បាញ់នៅមានភាពស្រពិចស្រពិលនៅឡើយ បន្ទាប់ពីអាម៉េរិករឹបអូសយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ ហើយបញ្ជាការយោធាកំពូលរបស់ទីក្រុងតេអេរ៉ង់ប្តេជ្ញាសងសឹកទៅវិញ។ ក្រោយមក អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ម្តងទៀត បន្ទាប់ពីបើកច្រកឡើងវិញ និងមាននាវាជាង ២០ គ្រឿងឆ្លងកាត់បាន។

កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានច្រានចោលកិច្ចចរចាសន្តិភាពជាមួយអាម៉េរិកប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បង្ហើបពីការបញ្ជូនបេសកជនទៅប្រទេសប៉ាគីស្ថានសម្រាប់កិច្ចពិភាក្សា និងគំរាមវាយប្រហារថ្មីលើអ៊ីរ៉ង់ បើមិនទទួលយកលក្ខខណ្ឌរបស់គាត់។

គួរបញ្ជាក់ដែរថា តម្លៃប្រេងឆៅដែលជាធាតុផ្សំសំខាន់សម្រាប់ផលិតប្រេងសាំង បានហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ខណៈដែលអ៊ីរ៉ង់បន្តវាយប្រហារសងសឹកលើរដ្ឋឈូងសមុទ្រដទៃទៀត។

ឥឡូវនេះ សង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់សប្តាហ៍ទី ៨ រួចទៅហើយ ដែលបង្កឲ្យមាននូវវិបត្តិថាមពលពិភពលោកដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបភាគច្រើននាំចូលប្រេងពីរដ្ឋឈូងសមុទ្រ កំពុងរងផលប៉ះពាល់ខ្លាំងបំផុតពីការបញ្ឈប់ការផ្គត់ផ្គង់ និងការកាត់បន្ថយផលិតកម្ម ខណៈតម្លៃសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះបន្តឡើងថ្លៃឥតឈប់ឈរ ដែលប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទាំងពិភពលោក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា