«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

 ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ក្រោមការសម្របសម្រួលនៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាគ្រឹះស្ថានអប់រំ គាំទ្រធុរកិច្ចថ្មី សរុបជាង ២៣០ រូប។​

Advertisement

នៅក្នុងអង្គសិក្ខាសាលាទាំងមូលបានបង្ហាញពីគោលបំណងធំៗចំនួន២ គឺ (១) បង្ហាញពីវឌ្ឍនភាពការរៀបចំសេចក្ដីព្រាងយុទ្ធ​សាស្ត្រដល់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង (២) ពិភាក្សាលើយុទ្ធសាស្រ្ត​អាទិភាពទាំង ៥ របស់សេចក្ដីព្រាង​នេះ ជាមួយតួអង្គសំខាន់ៗក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត គង់ ម៉ារី  បានគូសបញ្ជាក់ពីដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សាវតានៃ​ការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្ត ស្ថានភាពនៃការអភិវឌ្ឍធុរកិច្ចថ្មីក្នុងប្រទេសក៏ដូចជាសារៈ​​សំខា​ន់​​​នៃការអនុវត្តយុទ្ធសាស្រ្តនេះ ក្នុងការរួមចំណែកសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ បន្ថែមពីលើនេះ សិក្ខាសាលា ក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ដោយឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ។

បន្ទាប់ពីបទបង្ហាញនេះ សិក្ខាសាលាបានពិភាក្សាលើវិធានការគន្លឹះនៃយុទ្ធសាស្រ្តអាទិភាពទាំង ៥ នៃសេចក្តីព្រាងយុទ្ធសាស្រ្តនេះ ដែលរួមមាន (១) ការរៀបចំលិខិតបទដ្ឋានគាំទ្រ, ​​(២) ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន, (៣) ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ, (៤) ការពង្រឹងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង (៥) ការតភ្ជាប់បណ្ដាញ និង ការពង្រីកទីផ្សារ។

សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» បានបញ្ចប់ទៅដោយរលូនក្រោមស្មារតីសហការ​ខ្ពស់​ពីបណ្តាតួអង្គពាក់ព័ន្ធដែលជាសញ្ញាណវិជ្ជមានក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា​។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ក្រោមការសម្របសម្រួ​លនៃគណៈកម្មាធិការសេដ្ឋ​កិច្ច និងធុរកិច្ច​ឌីជីថល បន្តកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិនេះឱ្យកាន់តែមានភាពគត់​មត់ និងគ្រប់​ជ្រុងជ្រោយ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង​របស់ធុរកិច្ចថ្មីកម្ពុជាក្នុងយុគសម័យសេដ្ឋកិច្ច​ឌីជីថល ព្រមទាំងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៃកម្ពុជាឱ្យមានភាពរឹងមាំ រស់រវើក និងប្រកបដោយបរិយាបន្ន៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា