តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

បរទេស៖ តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងលើស ១ ទ្រីលានដុល្លារ ដោយសារតម្រូវការខ្ពស់នៃបន្ទះឈីបបញ្ញាសិប្បនិម្មិត AI។ នេះបើយោងតាមការរាយការណ៍ពី CNBC។

Advertisement

នៅថ្ងៃពុធនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន SK Hynix កើនឡើងរហូតដល់ទៅ ១១ ភាគរយដែលជំរុញឱ្យតម្លៃទីផ្សារក្រុមហ៊ុនហក់ឡើងជាង ១ ទ្រីលានដុល្លារ ខណៈដែលវិនិយោគិនសម្រុកទិញភាគហ៊ុនដែលពាក់ព័ន្ធនឹងបន្ទះឈីប AI។

បើគិតចាប់តាំងពីដើមឆ្នាំ ២០២៦ មក តម្លៃភាគហ៊ុនរបស់ SK Hynix បានហក់ឡើងប្រហែល ២៥០ ភាគរយដែលជំរុញដោយការកើនឡើងខ្ពស់នៃតម្រូវការសម្រាប់បន្ទះឈីបកម្រិតខ្ពស់ ដែលត្រូវបានប្រើប្រាស់ក្នុងម៉ាស៊ីនមេ និងឧបករណ៍បង្កើនល្បឿនរបស់បញ្ញាសិប្បនិម្មិត (AI)។

នៅក្នុងខែឧសភានេះ តម្លៃទីផ្សាររបស់ក្រុមហ៊ុនឈីបធំៗចំនួន ៣ ឈានដល់ ១ ទ្រីលានដុល្លាររួមមាន៖ Samsung Electronics, SK Hynix, និង Micron Technology។ បច្ចុប្បន្ននេះ ស្ថានភាពផ្គត់ផ្គង់ឈីបមានកម្រិត រុញឱ្យវាមានតម្រូវការកាន់តែខ្ពស់ និងតម្លៃកាន់តែឡើងថ្លៃ។

ក្រុមហ៊ុន SK Hynix បានក្លាយជាអ្នកផ្គត់ផ្គង់ឈីបដ៏សំខាន់មួយដល់ក្រុមហ៊ុនបចេ្ចកវិទ្យាអាម៉េរិក Nvidia ដែលកាន់តែធ្វើឱ្យទីតាំងរបស់ខ្លួនកាន់តែរឹងមាំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ AI សកល។ ការកើនឡើងនៃតម្លៃទីផ្សាររបស់ SK Hynix កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគូប្រជែងក្នុងស្រុក Samsung Electronics ហក់ឡើងដល់ ១ ទ្រីលានដុល្លារ។

នៅពីថ្ងៃនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics កើនឡើងជាង ៦ ភាគរយ។ ​ក្រុមហ៊ុនផលិតបន្ទះឈីបទាំងពីរមានចំណែកច្រើនជាង ៤០ ភាគរយនៅក្នុងសន្ទស្សន៍ផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូង ដោយគូសបញ្ជាក់អំពីតម្រូវការសកលខ្ពស់សម្រាប់ឧបករណ៍អេឡិចត្រូនិកដែលទាក់ទងនឹងបញ្ញសិប្បនិម្មិត (AI) និងបន្ទះឈីបអង្គចងចាំ។

យោងតាមទិន្នន័យពី LSEG បានឱ្យដឹងថា សន្ទស្សន៍ផ្សារហ៊ុន Kospi បានកើនឡើងជិតពីរដងចាប់តាំងពីដើមឆ្នាំនេះ។ យ៉ាងណាមិញ អ្នកវិភាគបានព្រមានថា ការដែលទីផ្សារទាំងមូលពឹងផ្អែកខ្លាំងទៅលើតែក្រុមហ៊ុនឈីបទាំងពីរនេះ អាចធ្វើឱ្យទីផ្សារមានភាពប្រែប្រួលខ្ពស់ និងប្រឈមហានិភ័យខ្លាំង ប្រសិនបើមានការរអាក់រអួលក្នុងចរន្តផ្គត់ផ្គង់ ឬ មានការថយចុះនៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យសកល៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា