ការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្ររហូតដល់ ៤៣,៧% ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្ររហូតដល់ ៤៣,៧% ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ

ការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្ររហូតដល់ ៤៣,៧% ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ

បរទេស៖ ស្ថិតនៅក្នុងបរិបទនៃយុគសម័យបច្ចេកវិទ្យារីកចម្រើន ជាពិសេសសម្រាប់បំពេញតម្រូវការជាវត្ថុធាតុដើមចាំបាច់ក្នុងការផលិតឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ​ យានជំនិះ គ្រឿងសព្វាវុធបែបវិទ្យាសាស្ត្រ រាប់ទាំងយន្តហោះគ្មានមនុស្សបើកផងដែរនោះ បន្ទះឈីបរបស់ប្រទេសកូរ៉េខាងត្បូងកំពុងមានទីផ្សារជាសាកលយ៉ាងទូលាយមិនធ្លាប់មាន ជាក់ស្ដែង គិតត្រឹមតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ នៅដើមខែឧសភានេះ ការនាំចេញបានកើនឡើងខ្ពស់រហូតដល់​ ៤៣,៧% ឬមានតម្លៃ ១៨,៤ ពាន់លានដុល្លារ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Korea Times។

Advertisement

កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ទិន្នន័យផ្លូវការពីគយកូរ៉េខាងត្បូងបានបង្ហាញថា តម្រូវការខ្លាំងនៅបរទេសសម្រាប់គ្រឿងអេឡិចត្រូនិកបានជំរុញឱ្យការនាំចេញរបស់កូរ៉េខាងត្បូងកើនឡើង ៤៣,៧% ឬ ១៨,៤ ពាន់លានដុល្លារត្រឹមរយៈពេល ១០ ថ្ងៃដំបូងនៃខែឧសភា បើធៀបនឹងចំនួន ១២,៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាពីឆ្នាំ២០២៥ ។​ ការនាំចេញបន្ទះឈីបមានចំណែក ៤៦,៣% នៃការនាំចេញសរុបរបស់ប្រទេស ដែលកើនឡើង ១៩,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះ ការផ្គត់ផ្គង់បន្ទះឈីបនៅមានកម្រិតដែលធ្វើឲ្យតម្លៃរបស់វាកាន់តែឡើងថ្លៃ។ ទន្ទឹមនឹងនេះ ការនាំចូលសរុបបានកើនឡើង ១៤,៩% ឬ ១៦,៧ ពាន់លានដុល្លារ ដែលនាំឲ្យមានអតិរេកពាណិជ្ជកម្ម ១,៧ ពាន់លានដុល្លារ។

យោងតាមប្រភេទមុខទំនិញនីមួយៗ ការនាំចេញទំនិញ(អេឡិចត្រូនិក)ពាក់កណ្តាលសម្រេចបានកើនឡើងដល់ ១៤៩,៨% ឬ ៨,៥៤ ពាន់លានដុល្លារ ដែលត្រូវបានជំរុញដោយការឡើងថ្លៃនៃបន្ទះឈីប និងតម្រូវការឈីបខ្ពស់សម្រាប់ដំណើរការគ្រឿងម៉ាស៊ីនមេនៃបញ្ញាសិប្បនិម្មិត (AI)។ តួលេខនេះ​កើនឡើងខ្ពស់​បំផុតជាប្រវត្តិសាស្រ្ត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ១០ ថ្ងៃ​ដំបូង​នៃ​ខែ​ឧសភា។ ការនាំចេញផលិតផលកុំព្យូទ័របានកើនឡើង ៣៨២,៨% ឬ ១,១៤ ពាន់លានដុល្លារ។ យ៉ាងណាមិញ ការ​នាំ​ចេញ​រថយន្ត​បាន​ធ្លាក់​ចុះ ២៦% មក​នៅ​ត្រឹម ៨៣០ លាន​ដុល្លារប៉ុណ្ណោះ ​ធៀប​នឹង​ឆ្នាំ​មុន។ សេដ្ឋកិច្ចកូរ៉េក្នុងរយៈពេល ៥ ខែនៃឆ្នាំ២០២៦ នេះកំពុងពឹងផ្អែកយ៉ាងខ្លាំងលើរលកបច្ចេកវិទ្យា AI ដែលជំរុញឲ្យការនាំចេញសរុបកើនឡើងយ៉ាងខ្លាំងលើសរំពឹងទុក បើទោះបីជាការលក់ឡានធ្លាក់ចុះក៏ដោយ។ ទន្ទឹមនឹងនេះ ចិន​ គឺជាគោលដៅនាំចេញធំបំផុតរបស់កូរ៉េខាងត្បូង បានកើនឡើង ៨១,៨% ឬ ៥,០៩ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន។ ការនាំចេញទៅកាន់អាម៉េរិកកើនឡើង ១៧,៩% ឬ ២,៣៤ ពាន់លានដុល្លារ បើទោះបីជារងសម្ពាធពីពន្ធគយរបស់ប្រធានាធិបតីលោក Donald Trump ក៏ដោយ។

ជាក់ស្តែង ការឡើងថ្លៃនៃតម្លៃបន្ទះឈីបបានជំរុញឲ្យភាគហ៊ុនរបស់ Samsung កើនឡើង ១៤% ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងដល់ ១ ទ្រីលានដុល្លារ និងក្លាយជាក្រុមហ៊ុនអាស៊ីដេលមានតម្លៃទី ២ បន្ទាប់ពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co.។ តម្លៃភាគហ៊ុនរបស់ Samsung កើនឡើងខ្លាំងលើសពីការរំពឹងទុកដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា តម្រូវការបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) និងទំនុកចិត្តពីអ្នកវិនិយោគ។ ការកើនឡើងនៃភាគហ៊ុន Samsung ក៏បានជំរុញដល់សន្ទស្សន៍ផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi កើនឡើងជាង ៦% ផងដែរ។ ទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi កំពុងមានភាពទាក់ទាញខ្លាំងពីវិនិយោគបរទេសដែលដណ្តើមគ្នាទិញភាគហ៊ុនដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា