ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

ភ្នំពេញ ៖ នៅក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ហិរញ្ញប្បទានជូនសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ(MSME) ចំនួន ១៥៨ សហគ្រាស ដែលស្ថិតក្នុងវិស័យអាទិភាពរួមមាន សហគ្រាសផលិត និងកែច្នៃម្ហូបអាហារមានប្រមាណ ៣៩%, កម្មន្តសាលផលិតទំនិញប្រើប្រាស់ ២៥% និងសហគ្រាសផ្តល់សេវាគាំទ្រក្នុងវិស័យអាទិភាពចំនួន ១៧% ដែលមានសមតុល្យឥណទាន សរុប ៤៥ លានដុល្លារអាម៉េរិក។ នេះបើយោងតាម លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME ។

Advertisement

លោក ជា សុភ័ក្ត បានប្រាប់ AMS Economy ថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥ ធនាគារ SME បានផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ជូនសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ ចំនួន ២ ៨៥០ សហគ្រាស ដែលមានសមតុល្យឥណទានជាង ២៣០ លានដុល្លាអាម៉េរិក ដោយនៅក្នុងនោះមានសហគ្រិនស្ត្រីប្រមាណ ២៩%។

លោកអគ្គនាយកធនាគារ SME បានបញ្ជាក់ថា៖

«ម្ចាស់សហគ្រាស ដែលមានបំណងស្នើសុំឥណទានពីធនាគារ SME ត្រូវបំពេញលក្ខខណ្ឌស្នូលមួយចំនួនដូចជា៖ មានផែនការអាជីវកម្ម និងគោលបំណងប្រើប្រាស់ទុនច្បាស់លាស់, មានរំហូរសាច់ប្រាក់គ្រប់គ្រាន់សម្រាប់សងត្រឡប់តាមកាលកំណត់, មានប្រវត្តិឥណទានល្អ (ទាំងផ្ទាល់ខ្លួន និងអាជីវកម្ម) ព្រមទាំងមានទ្រព្យធានាស្របតាមប្រភេទឥណទាន»។

ចំពោះឯកសារតម្រូវការជាមូលដ្ឋាន រួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ្នកខ្ចី អ្នករួមខ្ចី ឬអ្នកធានា) បណ្ណកម្មសិទ្ធិ (ទ្រព្យធានា) និងទីតាំងអាជីវកម្ម ព្រមទាំងឯកសារផ្លូវច្បាប់មួយចំនួនទៀតដូចជា អាជ្ញាបណ្ណ/លិខិតអនុញ្ញាតប្រកបអាជីវកម្ម ប័ណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍គណនីធនាគារ។

សូមជម្រាបថា៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងអនុវត្ដគោលនយោ​បាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការជួយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញដល់ផលិតភាព និងប្រសិទ្ធភាព។ គម្រោងនេះជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនចំណែកទីផ្សារ និងចំណូល ហើយនឹងផ្តល់ជាឱកាសក្នុងការពង្រីកសក្តានុពលចែកចាយក្រៅប្រទេសផងដែរ។ គិតមកដល់ពេលនេះ SME BANK បានប្រតិបត្ដិការអស់រយៈពេល៦ឆ្នាំហើយ។

យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចប្រមាណ ៧៥៣ ៦៧០ មូលដ្ឋាន ក្នុងនោះសហគ្រាសធុនតូច និងមធ្យមមានចំនួនជាង ៦០ ៥០០ មូលដ្ឋាន។ វិស័យនេះផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣លាននាក់ រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% នៃការងារក្រៅវិស័យកសិកម្ម ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ MSMEs ក្នុងសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមប្រភពក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការគាំទ្រជាច្រើន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមមានការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ការអភិវឌ្ឍសហគ្រិនភាព ការបណ្តុះបណ្តាលជំនាញ កម្មវិធីបរិវត្តកម្មឌីជីថល និងសេវាគាំទ្រការអភិវឌ្ឍអាជីវកម្មជាដើម។

ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ឥណទានគោលនយោបាយជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣ ៤០០ មូលដ្ឋាន, សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រអាជីវកម្មជាង ៣​ ១០០ មូលដ្ឋានតាមរយៈយន្តការធានាឥណទាន ហើយទន្ទឹមនោះ សហគ្រិនខ្មែរ (KE) បានគាំទ្រគម្រោងសហគ្រិនភាព ៥១៦ គម្រោង និងបានកៀរគរហិរញ្ញប្បទាន និងវិនិយោគប្រមាណ ៤៧ លានដុល្លារអាមេរិក៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា