ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ភ្នំពេញ ៖ ​សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា​ ខណៈកម្ពុជាក៏ទើប​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយប្រទេស​មួយចំនួនក្នុងតំបន់​មជ្ឈិ​មបូព៌ា  ។

Advertisement

លោកឧកញ៉ា​ ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd ​បានមានប្រសាសន៍ឱ្យដឹងថា សង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ាកាន់តែរីករាលដាល មិនមែនប៉ះពាល់ត្រឹមតែ​ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់​នោះទេ ប៉ុន្តែបានរាលដាល​ដល់​អូម៉ង់ អារ៉ាប់រួម​ ឌូបៃ បារ៉ែន និងបណ្ដា​ប្រទេសជាច្រើន​ទៀត ។ ការណ៍នេះ​បានធ្វើឱ្យការ​ដឹកជញ្ជូន​តាមផ្លូវទឹក ផ្លូវអាកាស​បានបិទទាំងស្រុង ហើយក៏បានធ្វើឱ្យប៉ះពាល់​ដល់​ការដឹកជញ្ជូនទំនិញ​ និងអ្នកដំណើរពីតំបន់​មជ្ឈិម​បូព៌ា​មក​កាន់​កម្ពុជាផងដែរ ។​

លោកឧកញ៉ា​បន្តថា ៖

«បច្ចុប្បន្ន ទាំង​ផ្លូវទឹក និង​ផ្លូវអាកាស​ គេ​បានប្រកាសផ្អាក​ដំណើរ​ការ​ដោយមិនទាន់មាន​ពេល​កំណត់នៅឡើយ ទាំង​ការ​ទទួល​កប៉ាល់ឱ្យចូលចត ​និង​កប៉ាល់​ចេញ​ទៅកាន់តំបន់​ផ្សេងៗទៀត ។ ​តែយ៉ាងណាក្ដី សម្រាប់ទំនិញនាំចេញពីកម្ពុជា​ទៅកាន់​តំបន់មជ្ឈិមបូព៌ា​នៅមានទំហំតូច​នៅឡើយ គឺប្រមាណត្រឹមតែ ១ភាគរយប៉ុណ្ណោះ នៃទំនិញនាំចេញសរុប ដូច្នេះ ការ​ប៉ះពាល់ក៏មិនមានទំហំធំនោះដែរ» ។

ឯកឧត្តម​ ប៉ែន សុវិជាតិ​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា​ បើសិនជា​សង្គ្រាម​នៅតំបន់​មជ្ឈិម​បូព៌ា មានរយៈខ្លី នោះផលប៉ះពាល់​នៅកម្ពុជា​ក៏​មានទំហំតូច ប៉ុន្តែបើសិនជា​សង្គ្រាមអូសបន្លាយ​រយៈពេល​វែង វា​នឹង​រងផលប៉ះពាល់ច្រើន ។

ឯកឧត្តម​បន្តថា ៖

«កម្ពុជា​ចាប់ផ្ដើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ ហើយការ​ដោះដូរ​ទំនិញ​ក៏ចាប់ផ្ដើម​មានកំណើន​ជា​បន្ត​បន្ទាប់ ហើយនៅពេលសង្គ្រាមនេះកើតឡើង​នៅតំបន់​មជ្ឈិមបូព៌ាកាន់តែរីកដាល ធ្វើឱ្យការដឹកជញ្ជូន​ត្រូវ​បិទ​មិនអាច​ដឹកជញ្ជូន​បាន ដែលនឹងធ្វើឱ្យប៉ះពាល់​ដល់ពាណិជ្ជកម្ម​របស់​កម្ពុជា​ និងពិភពលោកទាំងមូល ជាពិសេស​ប្រេង​ឥន្ធនៈ ពីព្រោះថា ​ការដឹកជញ្ជូន​ប្រេង​ឆ្លងកាត់តំបន់​មជ្ឈិមបូព៌ា​ទៅផ្គត់ផ្គង់លើទីផ្សារ​ពិភពលោក​មានរហូតដល់២០ភាគរយ »។​

ឯកឧត្តមបន្ថែមថា​ សម្រាប់ផល​ប៉ះពាល់មកលើ​ប្រទេសកម្ពុជា បើទោះបីជាកម្ពុជា​មិនបាននាំចូលប្រេងពីប្រទេស​អ៊ីរ៉ង់ ឬតំបន់មជ្ឈិមបូព៌ាដោយ​ផ្ទាល់ ក៏ប្រភពប្រេង​ដែលកម្ពុជា​​នាំចូលពីប្រទេស​ផ្សេងៗក៏យកមកប្រទេស​នៅតំបន់​មជ្ឈិម​បូព៌ាដែរ ជាក់ស្ដែង ​កម្ពុជា​នាំចូលប្រេងពីវៀតណាម សិង្ហបុរី ហើយប្រទេស​ទាំង​នោះ ក៏បាននាំចូលប្រេង​បន្ត​មកពីប្រទេស​នៅតំបន់មជ្ឈិមបូព៌ា ដូច្នេះក៏បានធ្វើឱ្យប៉ះពាល់ដល់​កម្ពុជា​ដែរ។

ក្នុង​កាលៈទេសៈមួយនេះ ឯកឧត្តម ​ប៉ែន សុវិជាតិ​ បានអំពាវនាវ​ដល់ពលរដ្ឋកម្ពុជា​ ត្រូវប្រើប្រាស់ប្រេង​ឥន្ធនៈដោយការ​សន្សំ​សំចៃ ពីព្រោះថា ​សង្គ្រាមនេះ​នឹងធ្វើឱ្យតម្លៃប្រេង​ហក់ឡើងខ្ពស់ ហើយការនាំចូលក៏អាច​មានកម្រិត​ ដោយសារតែ​ពិបាក​ក្នុងការ​ដឹកជញ្ជូន ។

ឯកឧត្តម ​ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍ស៊ីវិល ក៏បានមានប្រសាសន៍ផងដែរថា ការលុប​ចោល​ជើងហោះហើរពីគោលដៅ​តំបន់មជ្ឈិមបូព៌ា​មក​កាន់​កម្ពុជា បានធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នកដំណើរឆ្លងកាត់​អាកាស​យានដ្ឋានអន្តរជាតិកម្ពុជា​ប្រមាណ ១ម៉ឺន ២ពាន់នាក់​ក្នុងមួយសប្ដាហ៍​ ហើយបើសិនជាការ​បិទផ្អាកអាកាស​យានដ្ឋាននៅតំបន់មជ្ឈិម​បូព៌ា​រយៈពេល​១ខែ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរ​ផ្លូវអាកាស​រស់កម្ពុជា​ប្រមាណ ​៥ម៉ឺននាក់​ ។

ឯកឧត្តម​បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានតភ្ជាប់​ជើងហោះហើរ​ត្រង់​ពីតំបន់​មជ្ឈិមបូព៌ា​​ចំនួន​ ៣ គោលដៅ រួមាន​ពី​អាប៊ូដាប៊ី ឌុយបៃ និងពីដូហា​ ហើយទាំង ៣ គោលដៅ​នេះ ក្នុងមួយសប្ដាហ៍មានចំនួន ៥២ជើង ទាំងទៅទាំង​មក​ ។​ គោលដៅទាំង ៣​ នេះ ក៏បានតភ្ជាប់ទៅកាន់​តំបន់ផ្សេងៗទៀត ដូចជា អឺរ៉ុប អាម៉េរិក និងអាហ្វ្រិក​ជាដើម ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា