មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។

បើតាមឯកឧត្តម​ ស៊ុន ចាន់ុថល បានលើកឡើង​ក្នុង​វេទិកា​អន្តរជាតិដ៏ធំនេះថា​ គោលការណ៍គ្រឹះទី១ សម្រាប់ការ​បង្កើត​បរិយាកាស​វិនិយោគ​នៅកម្ពុជា គឺ  ការព្យាករណ៍ ។​ វិនិយោគិន​ទាំងអស់ ត្រូវ​ការច្បាប់ទម្លាប់​ដែល​ច្បាស់លាស់​ ដោយរាជរដ្ឋាភិបាល​មានកាតព្វកិច្ច​ផ្ដល់ជូន​នូវ​ច្បាប់​ប្រកបដោយ​តម្លាភាព គោលនយោបាយមានស្ថិរភាព និង​គ្រឹះស្ថាន​ស្ថាប័ន​ដែលអាចពឹង​ផ្អែក​បាន ។ នៅក្នុងចំណុចនេះ ឯកឧត្តម ​ស៊ុន ចាន់ថុល​ បាន​សង្កត់ធ្ងន់ថា សម្រាប់ស្ថាប័ន​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ភារកិច្ច​មិនមែន​បញ្ចប់​ត្រឹមតែការអនុម័ត​គម្រោងនោះទេ ប៉ុន្តែវាជាចំណុច​ចាប់ផ្ដើម​នៃការទទួល​ខុសត្រូវ​ក្នុង​ការ​អមដំណើរ​វិនិយោគពីដំណាក់​កាលអនុវត្ត​ ប្រតិបត្តិការ រហូតដល់ការពង្រីក​ខ្លួន ។

ឯកឧត្តមបញ្ជាក់​ថា ៖

« កម្ពុជា​ បានបង្កើត​យន្តការ​សន្ទនា​ផ្ទាល់ជាទៀងទាត់ រួមមាន​វេទិការរាជរដ្ឋាភិបាល​-ផ្នែកឯកជន កិច្ច​សន្ទនា​រវាង​រដ្ឋ​​​ និ​ងវិស័យឯកជន រៀងរាល់​៦ខែម្ដង និងគំនិត​ផ្ដួច​ផ្ដើម​ថ្មីចុងក្រោយ​បំផុត​គឺ កម្មវិធី​ Open Day With DPM ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ជូន​វិនិយោគិនឱ្យ​បានទាន់​ពេល​វេលា » ។

គោលការណ៍គ្រឹះទី២ ដែល​ឯកឧត្តម​បង្ហាញជូនទៅកាន់វិនិយោគិនចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀតនោះ គឺភាពជាដៃគូ ដោយឯកឧត្តម​បានលើកឡើងថា ការ​វិនិយោគនៅបរទេស ដែលជោគជ័យ មិនអាច​ផ្អែកលើតែដើមទុន​នោះទេ ប៉ុន្តែ​ទាមទារនូវ​ទំនុកចិត្ត។ ក្រុមហ៊ុន​ដែលទៅវិនិយោគ​បរទេសគួ​រសម្លឹង​មើល​ខ្លួនជាដៃគូអភិវេឌ្ឍន៍របស់ប្រទេស​ម្ចាស់ផ្ទះ តាមរយៈការ​បង្កើតការងារ អភិវឌ្ឍសមត្ថភាព​ក្នុងស្រុក ផ្ទេរ​បច្ចេកវិទ្យា ថែរក្សា​បរិស្ថាន និងគោរព​វប្បធម៌មូលដ្ឋាន ។​​

ឯកឧត្តមមានប្រសាសន៍ថា៖

« កម្ពុជា​ ទទួល​បានផល​ប្រយោជន៍យ៉ាង​ច្រើន​ពីការ​វិនិយោគរបស់ចិនលើ​វិស័យកម្មន្តសាល​ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​ និង​បច្ចេកវិទ្យា​ ដោយសារ​គម្រោង​ទាំង​នោះត្រូវបាន​កសាង​ឡើង​នៅលើ​មូលដ្ឋាន​នៃផល​ប្រយោជន៍ ​និងការ​គោរពគ្នា​ទៅវិញទៅមក » ។​

គោលការណ៍​គ្រឹះទី៣ សម្រាប់បង្កើត​បរិយាកាស​វិនិយោគប្រកបដោយ​ចីរភាព ​គឺជា​ការធ្វើពិពិធកម្ម​ និងការ​តភ្ជាប់ ។ សម្រាប់គោលការណ៍គ្រឹះនេះ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា នៅក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា​ ភាពធន់​កើតចេញពីការ​មានជម្រើស​ច្រើន​ ។ ការធ្វើពិពិធកម្ម​ទីផ្សារ អ្នកផ្គត់ផ្គង់ ទីតាំង​ផលិតកម្ម ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម​ គឹជាកត្តា​ចាំបាច់ ។

ឯកឧត្តបញ្ជាក់ថា កម្ពុជា​បន្ត​ពង្រឹងទំនាក់ទំនង​សេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន អាស៊ាន និងដៃគូទូទាំង​ពិភពលោក ដោយមិនតម្រូវ​ឱ្យ​មានការ​ជ្រើសរើស​រវាង​ដៃគូណាមួយឡើយ ព្រោះការ​តភ្ជាប់​កាន់តែច្រើន នាំមកនូវ​ឱកាស​កាន់តែច្រើន និងកាត់បន្ថយហានិភ័យ ។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ក៏បានអញ្ជើញ​វិនិយោគិន​ចិន និងវិនិយោគិន​អន្តរជាតិផ្សេងទៀត មក​កម្ពុជា​មុនពេល​ដាក់ទុនវិនិយោគ ដើម្បី​ជជែកពិភាក្សា ហើយនឹង​បន្តជជែក​ក្នុងអំឡុងពេល​វិនិយោគ​ និង​បន្ទាប់ពី​បានវិនិយោគរួច ។ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេច​​ក្នុងការ​ស្ដាប់​ ក៏ដូចជា​ជួយគ្រប់គ្រង​ហានិភ័យ​ និងធ្វើការ​ជាមួយគ្នា​ជាដៃគូរយៈពេលវែង ពីព្រោះនៅក្នុងពិភពលោក​ដែលកំពុងផ្លាស់​ប្តូរ​ ការការពារ​ដ៏ល្អបំផុតដើម្បីទប់ទល់​នឹង​ភាពមិនប្រាកដ​ប្រជា គឺជាទំនុកចិត្ត ដែលត្រូវបានកសាង​ឡើង​តាមរយៈកិច្ចសន្ទនា​ កិច្ចសហប្រតិបត្តិការ​ និងភាពជាដៃគូពិត​ប្រាកដ ។

គួរ​រម្លឹកថា​ ចិន ជា​វិនិយោគិន​បរទេស​ដែលបានដាក់ទុនវិនិយោគច្រើនជាង​គេនៅកម្ពុជា​ក្នុង​រយៈពេលប៉ុន្មានឆ្នាំ​មកនេះ ហើយក្នុង​ឆ្នាំ ២០២៦នេះដែរ ចិន នៅតែបន្តឈរ​នៅលំដាប់ទី​១​ ជាវិនិយោគិនបរទេស​ដែលបាន​បោះទុនវិនិយោគ​ច្រើនជាង​គេ​នៅកម្ពុជា ដោយ​ក្នុងរយៈពេល៧ខែ គម្រោង​វិនិយោគដែលមានប្រភពទុនវិនិយោគ​មកពីប្រទេស​ចិន​មានទំហំទឹកប្រាក់រហូតដល់ប្រមាណជិត ២ពាន់​លានដុល្លារអាម៉េរិក៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា