អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

​អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ ស៊ិន​ហួ​។​

​ព័ត៌មាន​នេះ​ត្រូវ​បាន​ចេញផ្សាយ បន្ទាប់ពី​ក្រសួង​ការ​បរទេស​អាម៉េរិក​ប្រកាស​ពី​ការ​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដល់​អារ៉ាប៊ី​សាអូឌីត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

​តាម​សំណើ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ អារ៉ាប៊ី​សាអូឌីត​បាន​ស្នើ​ទិញ​យន្តហោះ​ចម្បាំង F​-​35 ​Lightning ​II ​Joint Strike ​Fighter ​ប្រភេទ​ចុះ​ចត​ ​និង​ហោះ​ឡើង​តាម​ផ្លូវ​រត់​ធម្មតា​ ​ចំនួន​ ៤៨​គ្រឿង​ ​ព្រមទាំង​ម៉ាស៊ីន​ Pratt ​&​ Whitney F​135​-PW-​100 ​ចំនួន​ ៤៩​គ្រឿង​ ​ក្នុង​នោះ​ ៤៨​គ្រឿង​សម្រាប់​ដំឡើង​លើ​យន្តហោះ​ ​និង​មួយ​គ្រឿង​ទុក​ជា​គ្រឿង​បម្រុង​។

​កិច្ច​ព្រមព្រៀង​នេះ​ក៏​រួមបញ្ចូល​បរិក្ខារ ​និង​សម្ភារៈ​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​។

​បច្ចុប្បន្ន​ អ៊ីស្រាអែល​គឺជា​ប្រទេស​តែ​មួយ​គត់​នៅ​មជ្ឈិមបូព៌ា​ដែល​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-​35​។ ​ប្រសិនបើ​ការ​ទិញ​នេះ​ត្រូវ​បាន​អនុវត្ត​ ​អារ៉ាប៊ី​សាអូឌីត​នឹង​ក្លាយជា​ប្រទេស​ទី​២​នៅក្នុង​តំបន់​ដែល​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​នេះ​។

​ក្រសួង​ការ​បរទេស​អាម៉េរិក​បាន​ឱ្យ​ដឹង​ថា​ ​កិច្ច​ព្រមព្រៀង​នេះ​អាច​ពង្រឹង​សមត្ថភាព​របស់​អារ៉ាប៊ី​សាអូឌីត​ក្នុង​ការ​ទប់ស្កាត់​ការ​គំរាមកំហែង​បច្ចុប្បន្ន​ ​និង​អនាគត ​តាមរយៈ​ការ​ពង្រឹង​ការ​ការពារ​ដែនដី ​និង​កែលម្អ​សមត្ថភាព​ប្រតិបត្តិការ​រួម​ជាមួយ​កងកម្លាំង​អាម៉េរិក​ ​កងកម្លាំង​ក្នុង​តំបន់​ ​និង​អង្គការ​ណាតូ​។

​ក្រសួង​ការ​បរទេស​អាម៉េរិក​បាន​បញ្ជាក់​ផងដែរ​ថា​ ​ការ​លក់​នេះ​នឹង​មិន​ផ្លាស់ប្តូរ​តុល្យភាព​យោធា​នៅក្នុង​តំបន់​ឡើយ​។

F-35​ ​Lightning ​II ​Joint Strike Fighter ​គឺជា​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​របស់​អា​ម៉េរិក​ ​ផលិត​ដោយ​ក្រុមហ៊ុន​ ​Lockheed ​Martin​។​ ​យន្តហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ប្រហែល ​១​,​៦ ​Mach ​ឬ​ប្រមាណ ​១​.​៩០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

តម្លៃ​របស់​ F-​35 ​បច្ចុប្បន្ន​អាច​មាន​ចាប់​ពី​ប្រមាណ​ ៩២​លាន​ដុល្លារ ​ដល់​ជាង​ ​១២០​លាន​ដុល្លារ​ អាស្រ័យ​លើ​មុខងារ​ ​និង​បច្ចេកវិទ្យា​ដែល​បាន​បំពាក់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា