អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

​បរទេស​៖​ អារ៉ាប៊ី​សាអ៊ូឌីត ​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី ​ដើម្បី​ស្តុក​ទុក​ប្រេង​ឆៅ​នៅក្នុង​រូង​ថ្ម​ក្រោម​ដី​របស់​ប្រទេស​សិង្ហបុរី ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ផ្គត់ផ្គង់​ប្រេង​ទៅកាន់​ទីផ្សារ​អាស៊ី ​ចំ​ពេល​វិស័យ​ថាមពល​របស់​ខ្លួន​កំពុង​ប្រឈម​នឹង​ការ​រំខាន​ដោយសារ​ជម្លោះ​ក្នុង​តំបន់​។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ​Bloomberg​។

​កិច្ច​ព្រមព្រៀង​នេះ​ ​កើតឡើង​បន្ទាប់ពី​ក្រុម​ ​Houthi ​នៅ​យេ​ម៉ែន ​បាន​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អារ៉ាប៊ី​សាអ៊ូឌីត​កាលពី​ចុង​សប្តាហ៍​មុន ​រួមទាំង​ទីតាំង​បូម​ ​និង​កែច្នៃ​ប្រេង ​ដែល​បង្កើន​សម្ពាធ​លើ​ប្រព័ន្ធ​ផ្គត់ផ្គង់ ​និង​នាំចេញ​ប្រេង​របស់​ប្រទេស​ផលិត​ប្រេង​ដ៏​សំខាន់​មួយ​នេះ​។

តាម​កិច្ចព្រមព្រៀង​ ​ប្រេង​ឆៅ​របស់​អារ៉ាប៊ី​សាអ៊ូឌីត ​នឹង​ត្រូវ​ស្តុក​ទុក​នៅ​រូង​ថ្ម​ក្រោម​ដី​ ​Jurong ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​សិង្ហបុរី ​ដោយ​ការ​ដឹកជញ្ជូន​ប្រេង​ចូល​ទៅកាន់​ទីតាំង​នេះ​ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៧​។ ​រូង​ថ្ម​នេះ​ ​មាន​សមត្ថភាព​ស្តុក​ប្រេង ​និង​អង្គធាតុ​រាវ​ផ្សេង​ៗ​បាន​រហូតដល់​ ១​,​៤៧ ​លាន​ម៉ែត្រ​គូប ​ឬ​ស្មើ​នឹង​ប្រមាណ​ ៩ លាន​បារ៉ែល​។

​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ប្រេង​ជាតិ​អារ៉ាប៊ី​សាអ៊ូឌីត​ Saudi ​Aramco ​ក៏​កំពុង​ស្វែងរក​ទីតាំង​ ​និង​សមត្ថភាព​ស្តុក​ប្រេង​បន្ថែម​នៅក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត​ផងដែរ​។ ​បច្ចុប្បន្ន​ ​វិស័យ​ថាមពល​របស់​អារ៉ាប៊ី​សាអ៊ូឌីត ​កំពុង​ប្រឈម​នឹង​សម្ពាធ​ពី​សង្គ្រាម​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្ស ​ដែល​បាន​រាលដាល​ដល់​សមុទ្រ​ក្រហម​ ​ខណៈ​ក្រុម​ ​Houthi ​បាន​កំណត់​គោលដៅ​វាយប្រហារ​លើ​នាវា ​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ភាគី​ស​ត្រូវ​នៅ​តាម​ទីតាំង​ដែល​អាច​ទៅ​ដល់​។

ការ​រំខាន​ដល់​ការ​នាំចេញ​ប្រេង​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ ​Aramco ​ផ្លាស់ប្តូរ​របៀប​ដឹកជញ្ជូន​ប្រេង ​ដោយ​មាន​ការ​ផ្ទេរ​ប្រេង​ពី​នាវា​មួយ​ទៅ​នាវា​មួយ​ទៀត​នៅ​ឈូង​សមុទ្រ​អូម៉ង់ ភាគ​ខាង​កើត ​និង​បញ្ជូន​នាវា​ដឹក​ប្រេង​ឆ្លងកាត់​ព្រែក​ជីក​ស៊ុយ​អេ​នៅ​ភាគ​ខាង​លិច​។

​លោក​ T​an See ​Leng ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​សិង្ហបុរី ​បាន​ឱ្យ​ដឹង​ថា​ ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ប្រេង​ឆៅ​របស់​អារ៉ាប៊ី​សាអ៊ូឌីត​នៅ​អាស៊ី​អាគ្នេយ៍ ​ព្រម​ទាំង​រួមចំណែក​ដល់​សន្តិសុខ​ថាមពល ​និង​សមត្ថភាព​ត្រៀមខ្លួន​របស់​សិង្ហបុរី ​ក្នុង​ករណី​មាន​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​។

​ចំណែក​ព្រះអង្គម្ចាស់​ Abdulaziz bin Salman ​រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល​អារ៉ាប៊ី​សាអ៊ូឌីត ​បាន​លើកឡើង​ថា​ ការ​នាំយក​ការ​ផ្គត់ផ្គង់​ប្រេង​ឱ្យ​កាន់តែ​ខិតជិត​ទីផ្សារ​អាស៊ី ​នឹង​ជួយ​បង្កើន​ភាព​បត់បែន​នៃ​បណ្តាញ​ផ្គត់ផ្គង់​ ​ពង្រឹង​សន្តិសុខ​ថាមពល ​និង​គាំទ្រ​ដល់​ការ​ត្រៀមលក្ខណៈ​របស់​សិង្ហបុរី​។​

​កិច្ច​សហប្រតិបត្តិការ​នេះ​មាន​សារៈសំខាន់​ចំពោះ​អារ៉ាប៊ី​សាអ៊ូឌីត ​និង​ក្រុមហ៊ុន​ ​Aramco ​ដោយសារ​ទីផ្សារ​អាស៊ី ​គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ការ​លក់​ប្រេង​របស់​ក្រុមហ៊ុន​ ​និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ៗ​ទៀត​នៅ​មជ្ឈិម​បូព៌ា​ ​ខណៈ​តំបន់​អាស៊ី​ក៏​ជា​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ដែល​បណ្តាល​មកពី​សង្គ្រាម​ផងដែរ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា