ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ភ្នំពេញ៖ «ក្តាមថ្មកោះកុង (Koh Kong Mud Crab)»ដែលជាក្តាមទឹកប្រៃនៅតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត សម្បូរខ្លាញ់និងរសជាតិផ្អែមឆ្ងាញ់ពិសេស ថ្មីៗនេះ ត្រូវបានក្រសួងពាណិជ្ជកម្មសម្រេចចុះបញ្ជីផ្លូវការជាផលិតផលសក្តានុពល«ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication -GI)”។ ការចុះបញ្ជីនេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះ និងតម្លៃលើទីផ្សារ ព្រមទាំងបង្កើត​ទំនុកចិត្ត​ដល់អ្នកទទួលទានដែលជាផ្នែកមួយសំខាន់ក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្ដាមថ្មឱ្យកាន់តែប្រសើរ។

Advertisement

ក្តាមថ្មកោះកុង ដែលស្ថិតនៅក្នុងភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាផលិតផលមួយក្នុងចំណោមផលិតផលសក្តានុពលចំនួន៣ផ្សេងទៀត ដែលត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ​ រួមមាន សូត្រមាសភ្នំស្រុក ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ ។

លោក វង្ស តារា ប្រធានសមាគមក្តាមថ្មកោះកុង បានប្រាប់ AMS Economy នាថ្ងៃទី៣០ ខែមេសា ថា៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នេះ មានសារៈសំខាន់ខ្លាំងណាស់ដល់សមាគម ព្រោះ​អាចបង្កើនគុណតម្លៃរបស់ក្តាម បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពដល់សមាជិករបស់សមាគម ជាពិសេសដើម្បីមានទឹកចិត្តចូលរួម និងការពារអភិរក្សធនធានព្រៃកោងកាង តំបន់ឆ្នេរឱ្យមានចីរភាព ដែលជាជម្រកពងកូន និងជាជម្រកមច្ឆជាតិ និងពងកូនរបស់ក្តាមថ្មផងដែរ។

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)នេះនឹងលើកកម្ពស់ជីវភាពសមាជិកសមាគម តាមរយៈការលក់ក្តាមនៅលើទីផ្សារទំនើប និងចែកចាយទៅតាមទីផ្សារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយបង្កើនចំណូលបន្ថែម។

លោកប្រធានសមាគមក្តាមថ្មកោះកុងរូបនេះបានឱ្យដឹងទៀតថា៖ នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប មានសមាជិក ៥៣៨ គ្រួសារ ដែលប្រកបអាជីវកម្មនេសាទក្តាមថ្មកោះកុងនេះ។ កន្លងមក តម្លៃក្តាមធម្មតា ៦៥ ០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ក្តាមថ្មប្រភេទល្អ ដែលចុះ GI នៅកោះកុងនេះ ហើយសង្ឃឹមថា ក្រោយពីបានចុះម៉ាកសម្គាល់ភូមិសាស្ត្រនេះហើយ ក្តាមនឹងមានតម្លៃពិសេសបន្ថែម ដែលនឹងជួយបង្កើនជីវភាព បង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍ ខណៈពួកគាត់ខិតខំប្រឹងថែរក្សាព្រៃកោងកាងដែលជាជម្រកដ៏សំខាន់នៅតំបន់ឆ្នេរ ជាជម្រកពងកូនរបស់ក្តាមថ្ម និងមច្ឆជាតិ។ ដោយឡែក ការចុះបញ្ជីម៉ាក GI សម្រាប់ក្តាមថ្មកោះកុងនេះ គឺគ្របដណ្ដប់ទៅលើ ៦ ក្រុង-ស្រុក ដែលនៅតាមតំបន់ឆ្នេរ ខណៈបច្ចុប្បន្ន ការប្រមូល​ផលក្តាមថ្មកោះកុង(GI)បានប្រមាណ ២០០ គីឡូក្រាមក្នុងមួយថ្ងៃ។ នៅពេលសមាគមមានដំណើរការល្អ និងមានតម្រូវការទីផ្សារកើនឡើង ផែនការពង្រីកការប្រមូលផល និងផលិតកម្ម នឹងជួយឱ្យបរិមាណផលកើនឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅតាមទីផ្សារទំនើប និងភោជនីយដ្ឋាននានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI នេះជាជំហានសំខាន់ក្នុងការជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។​ ផលិត​ផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ការចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះនឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ រួមមាន៖

• ការការពារផ្លូវច្បាប់៖ ទប់ស្កាត់ការក្លែងបន្លំ និងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ

• ថែរក្សាវប្បធម៌ និងប្រពៃណី៖ រក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍

• លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន៖ ជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ

• ការបង្កើនតម្លៃទីផ្សារ និងនាំចេញ៖ បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

• បង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិ៖ ជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល

គួរជម្រាបថា៖ ការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ បន្ទាប់ពីអ្នកជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចុះវាយតម្លៃ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងពិគ្រោះយោបល់ ស្តីពីទស្សនទានអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង»អស់ពេលជាច្រើនឆ្នាំមកនេះ ។

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងមហាសន្និបាតសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង នាពេលកន្លងទៅថ្មីៗនេះ បានឱ្យដឹងថា៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង» នេះមិនត្រឹមតែជាការទទួលស្គាល់តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កិត្តិនាមផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ឯកឧត្តមបញ្ជាក់ទៀតថា ៖​

«តាមរយៈបទពិសោធន៍កន្លងមក ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព ពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយ វប្បធម៌ ទាក់ទាញភ្ញៀវទេសចរ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ប៉ុន្តែចាំបាច់ត្រូវមានអភិបាលកិច្ច ការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកនេះ ប្រកបដោយភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកស្របតាមលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ»។

លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានលើកឡើងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្ដាមថ្មកោះកុង» នាពេលនេះ នឹងធ្វើឱ្យខេត្តកោះកុងកាន់តែមានកេរ្តិ៍ឈ្មោះល្បីប្រកបដោយភាពជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ។

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ការចុះបញ្ជីម៉ាកក្តាមថ្ម និងបង្កើតសមាគមអភិរក្សក្តាមថ្មលើកដំបូង ក្នុងគោលបំណងលើកកម្ពស់តម្លៃ គុណភាពស្តង់ដារ ការប្រកួតប្រជែងលើទីផ្សារ ព្រមទាំងទាក់ទាញវិស័យទេសចរផងដែរ។

យោងតាមក្រសួងពាណិជ្ជកម្ម ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (Geographical Indications (GI) រហូតមកដល់ពេលនេះ កើនឡើងដល់ចំនួន ១២ ដែលក្នុងនោះមាន៖ ១) ម្រេចកំពត ២) ស្ករត្នោតកំពង់ស្ពឺ ៣) ឃ្មុំព្រៃមណ្ឌលគិរី ៤) ក្រូចថ្លុងកោះទ្រុង ៥) ទឹកត្រីកំពតកែប ៦) អំបិលកំពតកែប ៧) បង្កងតាកែវ ៨) ប្រហុកសៀមរាប ៩) ស្វាយចន្ទីកំពង់ធំ ១០) ស្វាយឧត្តរមានជ័យ ១១) ក្តាមថ្មកោះកុង និង ១២) សូត្រមាសភ្នំស្រុក៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា