ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង។ 

Advertisement

អ្នកនាង វ៉ា ដ្រាវ័ន្ត កសិកររស់នៅក្នុងភូមិព្រៃដាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានចាប់ផ្តើមរបរចីញ្ចឹមក្ងានស្រែកាលពីឆ្នាំមុន ដែលដំបូងឡើយ អ្នកនាងទិញមេក្ងានចំនួន ១០ ក្បាល និងក្ងានឈ្មោលសម្រាប់ធ្វើបា ចំនួន ០២ ក្បាល ទុកធ្វើជាបា​បង្កាត់យកកូនចិញ្ចឹមលក់។

ក្រោយពីចិញ្ចឹមបានមួយរយៈពេលខ្លី ក្ងានញីចាប់ផ្តើមពង និងញាស់កូនជាបន្តបន្ទាប់ ដែលសរុបទាំងអស់មានចំនួនប្រ​ហែល ៥០ ក្បាល ហើយបានដាក់ឱ្យកូនក្ងានតូចៗដើររកចំណីស៊ីជាមួយកូនមាន់ធម្មតា ដោយមិនបានចាក់វ៉ាក់សាំង ប្រើថ្នាំសង្កូវការពារជំងឺនោះទេ។ អ្នកនាង វ៉ា ដ្រាវ័ន្ត ថា៖

“ចិញ្ចឹមក្ងានងាយស្រួលជាងចិញ្ចឹមមាន់ទារ វាធន់នឹងជំងឺជាងមាន់ទារ កើតមកមិនបាច់ចាក់វ៉ាក់សាំងការពារជំងឺ មិនបាច់ប្រើថ្នាំព្យាបាលនោះទេ ឱ្យចំណីវាស៊ីគ្រប់គ្រាន់ទៅវានឹងធំធាត់លឿន និងឆាប់បានលក់ទៀតផង។”

ដោយគ្រាន់តែចំណាយពេលដាក់ចំណីមួយថ្ងៃ ០២ ដង (ព្រឹកម្តងនិងល្ងាចម្តង) ក្ងានចាប់ផ្តើមធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់អាយុ ០៤ ខែ ក្ញានញីមានទម្ងន់ជិត ៣ គីឡូក្រាម ចំណែកក្ងានឈ្មោលបានទម្ងន់ដល់ទៅជិត ០៤ គីឡូ ដែលអាចចាប់លក់ឱ្យអតិថិជនជាបណ្តើរៗហើយ ក្នុងមួយគីឡូក្រាមសាច់ក្ងានមានតម្លៃជាមធ្យម ២៥,០០០​ រៀល។

នៅអំឡុងពេលអាយុ ០៤ ខែខាងលើនោះ សាច់ក្ងាននៅខ្ចីនៅឡើយ និងមិនទាន់ពេញណែនល្អ តែរហូតដល់អាយុចាប់ពី ០៦ ខែទៅដល់ ០៧ ខែ ទើបក្ងានពេញសាច់ល្អមានទម្ងន់ចន្លោះពី ៣,៥ គីឡូក្រាម (ក្ងានញី) រហូតដល់ជាង ៥ គីឡូក្រាម (ក្ងានឈ្មោល) មានតន្លៃចន្លោះពី ៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលអាស្រ័យតាមតូចតាមធំ។

អ្នកនាង វ៉ា ដ្រាវ័ន បញ្ជាក់ថា ក្ងានស៊ីចំណីច្រើនជាងមាន់បន្តិច។ អ្នកនាងនិយាយ៖

“វាមិនមែនដើរចឹកគ្រាប់ស្រូវម្តងមួយគ្រាប់ៗ ដូចសត្វមាន់ទេ វាហួរពេញមួយគែ ទើបវាលេបម្តងហើយផឹកទឹក ហើយវាហួរទៀតរហូតដល់ឆ្អែតទើបវាឈប់ យកល្អយើងមានដីធំទុកដាំស្មៅឱ្យវាចឹកស៊ី ដើម្បីកាត់បន្ថយការចំណាយទិញចំណី ហើយធ្វើឱ្យក្ងានមានសុខភាពល្អ បំបាត់ស្រ្តេសធ្វើឱ្យក្ងានឆាប់ធំ និងសាច់មានរស់ជាតិឆ្ងាញ់ទៀតផង។”​

បើតាមកសិករខាងលើបញ្ជាក់ថា សាច់ក្ងានងាយស្រួលលក់មិនលំបាករកទីផ្សារនោះទេ នៅពេលចិញ្ចឹមវាធំមានអ្នកភូមិជិតខាងមកទិញហូរហែរជាបន្តបន្ទាប់។ កត្តាដែលធ្វើឱ្យសាច់ក្ងានងាយស្រួលលក់ ដោយសារមានតម្លៃទាប ២៥,០០០រៀលក្នុងមួយគីឡួក្រាម ដោយឡែកសាច់មានរស់ជាតិឆ្ងាញ់ជាងសាច់មាន់ ឬសាច់ទា ដែលគេនិយមទទួលទាន លក្ខណៈគ្រួសារ ជួបជុំមិត្តភក្រ និងកម្មវិធីជប់លាងផ្សេងៗ។

នៅលើផ្ទៃប្រហែលមួយហិកតាជុំវិញបរិវេណផ្ទះ កសិករខាងលើ មិនមែនចិញ្ចឹមក្ងានស្រែតែមួយប្រភេទនោះទេ ពោលមានចិញ្ចឹមក្ងានក្បាលតោ ដែលមានតម្លៃ ៣០០ ដុល្លារក្នុងមួយក្បាល និងចិញ្ចឹមមាន់ស្រែចំនួនជាង ២០០ ក្បាលផ្សេងទៀត ដែលអាចរកចំណូលបានច្រើនជារៀងរាល់ខែ។

សូមបញ្ជាក់ថា មុននឹងចាប់យកវិស័យចិញ្ចឹមសត្វលក់ អ្នកនាង វ៉ា ដ្រាវ័ន្ត ជាអ្នកធ្វើការនៅក្រុមហ៊ុនឯកជន ប៉ុន្តែដោយសារនិយស្ស័យស្រលាញ់សត្វ​ និងគិតថា អាចរកចំណូលបានច្រើន ទើបសម្រេចចិត្តឈប់ធ្វើការកាលពីឆ្នាំ ២០២៤ ងាកមកចិញ្ចឹមសត្វរហូតមកទល់បច្ចុប្បន្ន៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា